ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បន្តប្រគល់ផ្ទះមនុស្សធម៌ទី ១០ ជូនជនចាស់ជរាជួបការលំបាក ១គ្រួសារ នៅ ឃុំអូរស្វាយ ស្រុកកំពង់សៀម

ខេត្តកំពង់ចាម ៖ ព្រឹកថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និងព្រះសីលសំវរ ព្រះ នាគ មុនី មេគណខេត្ត បានអញ្ជើញ និងនិមន្ត ប្រគល់ផ្ទះទី១០ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជាខេត្ត និង សាលាគណខេត្ត ជូនជនចាស់ជរាទ័លលំបាក ១គ្រួសារ ឈ្មោះ ចន ព្រុំ អាយុ ៨៧ឆ្នាំ រស់នៅ ភូមិអន្លង់ស្នូក ឃុំអូរស្វាយ ស្រុកកំពង់សៀម។

គួររំលឹកថា តា ចន ព្រុំ និងប្រពន្ធឈ្មោះ កៅ អាន អាយុ ៦១ឆ្នាំ ជាជនចាស់ជរាទ័លលំបាក រស់នៅពឹងអាស្រ័យតែលើប័ណ្ណសមធម៌ ក្នុង ១ខែ ប្រមាណ ២០ម៉ឺនរៀល ។ ពួកគាត់ មានកូនប្រុសស្រី ៤នាក់ បានរៀបការបែកគ្រួសារ ប៉ុន្តែ មានជីវភាពលំបាកដូចគ្នា មិនអាចពឹងពាក់បាន ។ ច្រើនឆ្នាំមកនេះ តាព្រុំ វ័យកាន់តែជរា ហើយ យាយ អាន ក៏មានជម្ងឺប្រចាំកាយ ថែមទៀត នាំឱ្យជីវភាពកាន់តែលំបាក សូម្បីជម្រកស្នាក់នៅ ក៏រស់នៅក្នុងកូនខ្ទមតូចទ្រុឌទ្រោមខ្លាំង ដែលដំបូល-ជញ្ជាំងប្រក់ បាំងស្លឹក ធ្លុះធ្លាយ ស្ទើរតែពុំអាចស្នាក់នៅបាន ពេលមានភ្លៀងម្តងៗ ។

មើលឃើញពីស្ថានភាពលំបាកនេះ ឯកឧត្តម អ៊ុន ចាន់ដា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម×៦ម) ១ខ្នង តម្លៃប្រមាណ ១០,០០០,០០០ រៀល ជាថវិកាបដិភាគ របស់សាខា សាលាគណ អនុសាខាស្រុកសាលាអនុគណ ចៅអធិការវត្តទូទាំងស្រុកកំពង់សៀម និងសប្បុរសជន ជូន តា ចនព្រុំ និង យាយ កៅ អាន សម្រាប់ស្នាក់នៅជាកម្មសិទ្ធិ តទៅ។

ឯកឧត្តម អ៊ុន ចាន់ដា បានរំលឹកប្រាប់ដល់អ្នកចូលរួម និង ប្រជាពលរដ្ឋទាំងអស់ថា ពិតមែន តែស្ថានភាពនៃការឆ្លងជម្ងឺកូវីដ-១៩ បានធូរស្រាល បង្កលទ្ធភាពឱ្យសកម្មភាពសេដ្ឋកិច្ច-សង្គម មានសកម្មភាព ពេញលេញឡើងវិញក្តី តែម្នាក់ៗ មិនត្រូវធ្វេសប្រហែស ឬ មើលស្រាលបានឡើយ ។ គ្រប់គ្នាត្រូវបង្កើនការ ការពារខ្លួន ថែរក្សាអនាម័យឱ្យបានជាប្រចាំ ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ ត្រូវបន្តរៀនរស់ជាមួយជម្ងឺកូវីដ-១៩ ដែលចាំបាច់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវ វិធានសុខាភិបាល ” ៣ការពារ ៣កុំ ” និង ជំរុញការចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជំរុញ ឱ្យបានគ្រប់គ្នា ដើម្បីគ្រួសារនិង សហគមន៍មានសុភមង្គល ក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍ ។

ដើម្បីជួយសម្រាលជីវភាពរស់នៅ , សាខា បានផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូនគ្រួសារ លោកតា ចន ព្រុំសម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ១២, ម៉ាស់ ២ប្រអប់ , សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០០,០០០រៀល ។

ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ ចំនួន ២០នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ អាវយឺត ម៉ាស់ ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ ៕ ដោយ ៖ លី ពៅ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner