អ្នកវិភាគនយោបាយលាតត្រដាងពីចរិតមារយាទអាក្រក់របស់គណបក្សភ្លើងទៀន 

ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាព នៃកម្ពុជា និងជាអ្នកវិភាគ បានថ្លែងប្រាប់ AMS នៅថ្ងៃទី០៨ ខែមិថុនានេះ ចំពោះអ្វីដែលជាប្រតិកម្មនយោបាយរបស់ក្រុមគណបក្សប្រឆាំងបានធ្វើឡើង ក្រោយបោះឆ្នោត ហើយបដិសេធមិនទទួលស្គាល់លទ្ធផល បោះឆ្នោត ហើយចោទប្រកាន់មកលើការរៀបចំការបោះឆ្នោត គឺវាមិនមានអ្វីប្លែកទេ។ ដោយយើងបាន ដឹងមុនរួចទៅ ហើយថា ក្រោយបោះឆ្នោតពួកគេនឹង បដិសេធលទ្ធផល នៃការបោះឆ្នោត ហើយពួកគេនឹងនិយាយអាក្រក់អំពីការរៀបចំការបោះឆ្នោត ព្រោះនេះវាជាទម្លាប់មារយាទនយោបាយរបស់ពួកគេកន្លងមក គឺថាច្រើន លើកច្រើនសា ហើយបើទោះបីជាពួកគេប្រើឈ្មោះថ្មីឈ្មោះគណបក្សថ្មី ដើម្បីចូលរួមការបោះឆ្នោតឃុំ សង្កាត់ នៅក្នុងអាណត្តិទី៥ឆ្នាំ២០២២នេះ ក៏ប៉ុន្តឈ្មោះ គណបក្ស ថ្មីនេះ គឺថ្មីតែឈ្មោះទេ សារបាន សារជាតិ របស់ពួកគេតាំងពីដើមទីមក គឺគេចូលរួមបោះឆ្នោតតាំងពីឆ្នាំ១៩៩៨ មកម៉្លេះ ហើយចរិតនយោបាយ មារយាទនយោបាយរបស់ពួក គេដែលតែងតែធ្វើការបដិសេធលទ្ធផលការបោះឆ្នោត និយាយអាក្រក់ពីការបោះឆ្នោត ក៏ប៉ុន្តែគឺតែងតែទាទារយកអាសនៈ ទាមទារយកអភ័យឯកសិទ្ធិ និងទាមទារយកប្រាក់ខែ ដែលពួកគេទទួលបាននោះ វាគឺជាទម្លាប់របស់ពួកគេទៅហើយ។

លោកយល់ឃើញថា សំខាន់បំផុត គឺ ប្រជាពលរដ្ឋដែល ចេញទៅបោះឆ្នោត គាត់ទទួលយកបាននៅលទ្ធផលនៃការ បោះឆ្នោតនេះ។ ពេលដែលប្រជាពលរដ្ឋអ្នកចេញទៅបោះឆ្នោតទាំងអស់ជាង ៨០% គាត់ទទួលយកបាន នៅលទ្ធផលនៃការបោះឆ្នោតហេតុនេះវាមិនសំខាន់ទៅលើគណបក្សនយោបាយមួយដែលមានចរិតមារយាទនយោបាយតែងតែប្រើទម្លាប់ដដែលៗបដិសេធលទ្ធផលការបោះឆ្នោត និយាយអាក្រក់អំពីការបោះឆ្នោត។ ចេញមុខមកចូលរួមការបោះឆ្នោតហើយ គឺសម្តែងនូវការមិនពេញចិត្តនិងនិយាយអាក្រក់ពីការបោះឆ្នោតទៅទៀត។ មួយវិញទៀតសំខាន់ទៅលើគណបក្សនយោបាយផ្សេងទៀត ដែល បានចូលរួមការបោះឆ្នោត គឺបានសម្តែងការពេញចិត្ត សម្តែងការគាំទ្រចំពោះការរៀបចំការបោះឆ្នោត បើទោះបីជាមិនទទួលបានអាសនៈនៅក្នុង ក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ដោយ។ វាខុសប្លែកពីចរិតនយោបាយរបស់គណបក្សភ្លើងទៀន គឺសារជាតិរបស់គេយ៉ាងណា គឺយើងបានដឹងច្បាស់ហើយ និងមិនចាប់ អារម្មណ៍ចំពោះការចេញថ្លែងការណ៍ ការបដិសេធណាមួយរបស់គណបក្សនេះទេ។ ប៉ុន្តែសំខាន់បំផុត គឺចាប់អារម្មណ៍ទៅលើការទទួលយកបាន ជាប្រក្រតីភាពរបស់ប្រជាពលរដ្ឋអ្នកចូលរួមបោះឆ្នោត ជាង ៨០% រួមជាមួយនឹងគណបក្សនយោបាយផ្សេងទៀត បើទោះបីជាមិនទទួលបានអាសនៈមួយកៅអី នៅក្នុងក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ប៉ុន្តែគាត់បានសម្តែងនៅការពេញចិត្តនៅការរៀបចំការ បោះឆ្នោត តាមប្រព័ន្ធសេរីពហុបក្ស ស្របតាមច្បាប់រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ហើយ ប្រជាពលរដ្ឋបាន ចេញទៅបោះឆ្នោតសម្តែង មតិគ្រប់ៗគ្នា ដែលបង្ហាញពីភាពចាស់ទុំនយោបាយរបស់ គណបក្សនយោបាយទាំងអស់ដែលបានចូលរួម ការ បោះឆ្នោតលើកលែងង តែគណបក្សមួយនោះ ហើយក៏បង្ហាញពីភាពចាស់ទុំនយោបាយរបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងការប្រឡូកក្នុងលទ្ធិប្រជាធិបតេយ្យ ដែលយកការ បោះឆ្នោត ជាសំខាន់ដើម្បីជ្រើសរើស អ្នកតំណាងនៅមូលដ្ឋាន និងអ្នកតំណាងនៅថ្នាក់ជាតិ ដោយប្រជាពលរដ្ឋចេញទៅបោះឆ្នោត ដោយស្ងប់ស្ងាត់ គ្មានហិង្សានយោបាយ និងគ្មានប្រតិកម្មអ្វីទាំងអស់។ នេះ គឺជាការ បោះឆ្នោតមួយដែលប្រជាពលរដ្ឋខ្មែរទទួលយក និងគណបក្សនយោបាយចូលរួមការ បោះឆ្នោតទទួលយក លើកលែងតែ គណបក្សមួយនោះ ដែលគេចូលមកមិនមែនចូលរួម ការបោះឆ្នោតដើម្បីទទួលយកលទ្ធផលនៃការ បោះឆ្នោត គឺគេបានរៀបចំទុកជាមុនសម្រេចចិត្តទុកជាមុនគឺថា ក្រោយបោះឆ្នោតគេត្រូវបដិសេធលទ្ធផលបោះឆ្នោត ក៏ប៉ន្តែគេមិនបដិសេធមិនទទួលយកអាសនៈ  មិនទទួលយក ប្រាក់ខែ និងមិនទទួល យកអភ័យេកសិទ្ធិនោះទេ។

លោក សុន  ឆ័យ  មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនបានប្រកាសថា គណបក្សខ្លួនទទួលយកលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥  ឆ្នាំ២០២២។ ការប្រកាសទទួលយកនេះ  បានធ្វើឡើងនៅក្នុងសន្និសីទកាសែតកាលពីរសៀលថ្ងៃទី៦ ខែមិថុនា  ឆ្នាំ២០២២។

អ្នកនាំពាក្យគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត ឯកឧត្តម សោម សូរីដា បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី៦ខែមិថុនានេះថា គណបក្សនយោបាយចំនួន៤ ដែលនាំមុខគេក្នុងការទទួលការគាំទ្រពីប្រជាពលរដ្ឋក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់  អាណត្តិទី៥ ឆ្នាំ២០២២ គឺ១. គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង ៥,៣៣៧,៧៥៤ សំឡេង គិតជាភាគរយស្មើ ៧៤.៣២%។ ២. គណបក្សភ្លើងទៀន ទទួលបានសំឡេង១,៦១០,៤៣៤សំឡេង ស្មើ ២២.២៦% ។ ៣.គណបក្សហ៊្វុនស៊ិនប៉ិច  ទទួលបានសំឡេង ៩១,៧៩៣សំឡេង ស្មើ ១.២៧% និងគណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេង៦៣,៩៤៧សំឡេងស្មើ ០.៨៨%។ គណបក្សខ្មែរស្រឡាញ់ជាតិ ទទួលបានសំឡេង ៣៣,៣០៥សំឡេងស្មើ ០.៥២%។

ឯកឧត្តម សោម សូរីដា បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានអញ្ជើញទៅបោះឆ្នោតមានចំនួន ៧,៣៨២,៤៤៩នាក់ ស្មើនឹង៨០.១៩% នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប៩.២០៥.៦៨១នាក់ ។ ចំណែកឯសន្លឹកឆ្នោតបានការ គឺមានចំនួន៧,២៣៦,២៤៤សន្លឹក ហើយសន្លឹកឆ្នោតមិនបានការ គឺមានចំនួន ១៤៦,២០៥សន្លឹក ស្មើនឹង ១.៩ភាគរយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់  អាណត្តិទី៥ បានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ដោយមានគណបក្សនយោបាយចំនួន ១៧ចូលរួមប្រកួតប្រជែង៕ 

ដោយ៖ពលជ័យ

ads banner