ដំរីអាស៊ីកំពុងរស់នៅប្រទេសកម្ពុជា ខណៈសត្វប្រភេទនេះកំពុងជិតផុតពូជនៅលើពិភពលោក

ភ្នំពេញ ៖ បើទោះបីជាប្រភេទសត្វដ៏កម្រ និងកំពុងស្ទើរផុតពូជលើពិភពលោកក្តី ប៉ុន្តែសត្វដំរីអាស៊ី (Asian Elephant)កំពុងមានវត្តមាននៅកម្ពុជា និងកំពុងរស់នៅយ៉ាងសុខសាន្ត។

បើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថា ចំនួនសត្វដំរីនៅកម្ពុជាមានតិចតួច និងមានជម្រក ស្ថិតនៅភូមិភាគឦសាន និរតី (ជួរភ្នំក្រវាញ) និងភូមិភាគខាងជើង។ វាជាប្រភេទសត្វជិតផុតពូជ (EN) លើពិភពលោក ហើយត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ។ ពួកវាភាគច្រើនរស់នៅតាមតំបន់ព្រៃល្បោះ វាលស្មៅ ព្រៃឬស្សី ព្រៃជាំទឹកតាមដងអូរ ព្រៃពាក់កណ្ដាលស្រោង ព្រៃស្រោង និងមាន ប្រភពទឹកគ្រប់គ្រាន់ដូចជា ថ្លុក ត្រពាំងបឹង ព្រែក ស្ទឹង ឬទន្លេ។

ដំរីជាសត្វចតុប្បាទមានមាឌធំ ជាងគេបំផុត អាចមានទម្ងន់រហូតដល់៥-៦តោន និងមានអាយុរហូតដល់ជាង១០០ឆ្នាំ មាន ប្រមោយវែង ស្បែកក្រាស់ពណ៌ប្រផេះ និងមានរោមជាសសៃរឹងៗ ស្លឹកត្រចៀកស្តើងមានរាងដូច ផ្លិត ដំរីញីមានភ្លុក”ចៃ”ដែរ តែមិនបញ្ចេញឱ្យឃើញច្បាស់ដូចដំរីឈ្មោលទេ ។ភ្លុកដំរីឈ្មោលមួយចំនួន អាចមានប្រវែងរហូតដល់១ម៉ែត្រ ហើយវាមានក្រចកម្រាមជើងចំនួន១៨ គឺជើងមុខនីមួយៗមាន ក្រចកម្រាមជើង៥ និងក្រចកជើងក្រោយនីមួយៗមានម្រាម៤ តែក៏មានដំរីមួយចំនួនមានក្រចក ម្រាមជើងរហូតដល់២០ដែរ។

សត្វដំរី វាផឹកទឹករហូតដល់ ១៥០-២០០លីត្រក្នុងមួយថ្ងៃ និងស៊ីសម្បកឈើ ស្លឹកឈើ ផ្លែឈើ មើមឈើ ឫសឈើខ្ចីៗ ទំពាំងឫស្សី ផ្តៅ វល្លិ៍ ព្រមទាំងចូលចិត្តស៊ីដីច្រាបផងដែរ។ដំរីអាចមានកូន១ ឬភ្លោះ(ប៉ុន្តែកម្រណាស់) ដោយពពោះរយៈពេល២១ខែ(យូរបំផុត២៥ខែ) និងអាចបង្កើតកូនបាន៤-៥ដង រហូតដល់វាអាយុ៥០-៧០ឆ្នាំ។

ដំរីឈ្មោលចុះប្រេងអាចសម្គាល់ បាននៅពេលឃើញមានសារធាតុរាវម្យ៉ាងហូរចេញពីរន្ធមួយ ស្ថិតនៅចន្លោះត្រចៀក និងក្អែក ដែល ជាទូទៅនៅក្នុងអំឡុងខែវិច្ឆិកា និងខែធ្នូ។

ដំរីនៅតំបន់អាស៊ីខុសពីដំរីតំបន់អាហ្វ្រិក ដោយសារមាឌ និងស្លឹកត្រចៀកមានទំហំតូចជាង ហើយដំរីអាស៊ីមានខ្នងស្ទើររាបស្មើ ខុសពីដំរីអាហ្វ្រិកដែលមាន ខ្នងកោងជាទួលខ្ពស់ឡើងលើ ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner