រកឃើញសត្វព្រៃដ៏កម្រចំនួន ១៣ប្រភេទកំពុងរស់នៅខេត្តពោធិ៍សាត់ កំពង់ស្ពឺ និងកោះកុង

ភ្នំពេញ ៖ ប្រភេទសត្វព្រៃមានដោយកម្រ ជិតផុតពូជ ងាយរងគ្រោះថ្នាក់ និងប្រភេទសត្វដែលរងការគំរាមកំហែង ចំនួន ១៣ប្រភេទ ត្រូវថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន៥៣គ្រឿងកំពុងរស់នៅខេត្តចំនួន៣នៅកម្ពុជាគឺ ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ។

គួរបញ្ជាក់ថាការរកឃើញនេះក្រោយពីពេលដែលក្រុមការងារអនុសមាសភាគ ១.២ នៃគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា»របស់ក្រសួងបរិស្ថាន សហការជាមួយនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូង បឹងទន្លេសាប នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ មន្ទីរបរិស្ថាន ខេត្ត កំពង់ស្ពឺ និងមន្ទីរ បរិស្ថានខេត្តកោះកុង បានចុះដោះម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ៥៣គ្រឿង ក្នុងឧទ្យានជាតិជួរភ្នំ ក្រវ៉ាញកណ្តាល ក្នុងភូមិ សាស្ត្រខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ដែលបានដាក់សិក្សា រយៈពេល ៣ខែចាប់ពីដើមខែកុម្ភៈឆ្នាំ២០២២ ដល់ដើមខែឧសភា ឆ្នាំ២០២២។

មន្រ្តីក្រសួងបរិស្ថានបានឱ្យដឹងទាក់ទិនក្នុងរឿងនេះថា ការបំពាក់នូវម៉ាស៊ីនថតស្វ័យប្រវត្តនេះគឺធ្វើឡើងក្នុងគោលបំណងដើម្បីបញ្ជាក់ពីវត្តមាននៃប្រភេទសត្វព្រៃមានដោយកម្រជិតផុតពូជ ប្រភេទសត្វទទួលរងគ្រោះថ្នាក់ ប្រភេទសត្វជិតទទួលរងគ្រោះ របាយសត្វព្រៃ និងភាពសំបូរបែបនៃប្រភេទសត្វព្រៃ និងក៏ជាកម្មវត្ថុសម្រាប់ឈានទៅដល់ការរៀបចំកំណត់និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល។

ជាលទ្ធផលយកចេញពីម៉ាស៊ីនថតស្វ័យប្រវត្តគឺក្រុមការងារប្រទះឃើញមានប្រភេទសត្វព្រៃមានដោយ កម្រ ជិតផុតពូជ ប្រភេទសត្វព្រៃទទួលរងគ្រោះថ្នាក់ និងប្រភេទទទួលគំរាមកំហែង ចំនួន១៣ប្រភេទ ក្នុងនោះរួមមាន ដំរីអាស៊ី ខ្ទីង កែះ ខ្លាឃ្មុំតូច ខ្លាឃ្មុំធំ ខ្លាភ្ញីថ្មកែវ ឆ្កែព្រៃ កំពីងដូង ស្វាក្តាម ស្វាត្រោស ប្រើសស្បូវ ខ្ទីន និងប្រភេទថនិកសត្វ បក្សី ល្មូននិងមានប្រភេសត្វទទទួលរងគ្រោះថ្នាក់តិចតួចមួយចំនួនទៀតផងដែរ។

សូមបញ្ជាក់ផងដែរថា ទិន្នន័យពី ម៉ាស៊ីន ថតស្វ័យប្រវត្តិនឹងត្រូវពិនិត្យ កំណត់អត្តសញ្ញាណប្រភេទសត្វព្រៃបន្ថែមទៀត ដើម្បីវិភាគពី របាយ សត្វព្រៃ និងស្ថានភាពអភិរក្សទាំងក្នុងតំបន់ និងសាកល៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner