បណ្ឌិត ហ៊ុន ម៉ាណែត ចូលរួមសម្ពោធឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រចំនួន៥ ខេត្ត (Video Inside)
បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមជាអធិបតី នៅថ្ងៃទី១០មិថុនានេះ ក្នុងពិធី សម្ពោធបើកឱ្យដំណើរការជាផ្លូវការ ឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រចំនួន៥ ខេត្ត។
ឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រចំនួន ៥ ខេត្តនេះ គឺជារបស់ក្រុមហ៊ុន ប៊ុន លាងលី Global និងពិធីសម្ពោធបានប្រព្រឹត្តនៅក្នុងភូមិចំការគួយ ឃុំព្រៃពួច ស្រុកអង្គស្នួល នៃខេត្តកណ្តាល។ ឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រ ទាំង០៥កន្លែង រួមមាននៅខេត្តកណ្តាល កំពត ត្បូងឃ្មុំ បន្ទាយមានជ័យ និងខេត្តស្ទឹងត្រែង ទីតាំងទាំង ០៥ នេះ ក៏មានលទ្ធភាពផ្តល់សេវាកម្ម គ្រប ដណ្តាប់បណ្តាខេត្តជាច្រើននៅជុំវិញផងដែរ។
បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថារាជរដ្ឋាភិបាលកម្ពុជា តែងបានចាត់ទុកវិស័យឯកជន គឺជា ក្រុមប្រតិបត្តិករជាក់ស្ដែងនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។ លោកបានបន្តថាពិធី បើកសម្ពោធនាពេលនេះ «បានស្តែងឱ្យឃើញអំពីតួនាទីដ៏សំខាន់របស់វិស័យឯកជន នៅក្នុង ការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រឱ្យកាន់តែមាន គុណភាព និងប្រសិទ្ធភាព ដើម្បីការពារសុខភាពមនុស្ស សត្វ រុក្ខជាតិ និងបរិស្ថាននៅកម្ពុជា ពីព្រោះថាកាកសំណល់វេជ្ជសាស្ត្រអាចបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយនាំឱ្យមានការបំពុល ការចម្លងរោគ និងការរាតត្បាតនៃជំងឺទៅក្នុងបរិស្ថានរស់នៅ ប្រសិនបើការគ្រប់គ្រង ទុកដាក់ និងបោះចោលសំណល់វេជ្ជសាស្ត្រ ត្រូវបានធ្វើឡើងមិនបានត្រឹមត្រូវ សមស្របតាម បទដ្ឋាន ស្តង់ដារបច្ចេកទេស។
បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងទៀតថា «សុខភាព គឺជាទ្រព្យធនដ៏មានតម្លៃមិនអាចខ្វះបាន នៅក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការទ្រទ្រង់នូវស្ថិរភាពនៃកំណើន សេដ្ឋកិច្ចជាតិ, ការកាត់បន្ថយភាពក្រីក្រ និងភាពប្រកួតប្រជែងរបស់កម្ពុជា»។