សម រង្ស៊ី រិះគន់ កឹម សុខា ជាចំហរលើកដំបូង (Video Inside)
មេខ្លោងក្រុមឧទ្ទាមរស់នៅក្រៅស្រុកដែលស្ថិតនៅពីក្រោយគណបក្សភ្លើងទៀន បានរិះគន់ លោក កឹម សុខា ដែលជាអតីតប្រធានគណបក្សសង្គ្រោះជាតិ។ លោក សម រង្ស៊ី ក្នុងកិច្ច សម្ភាសន៍មួយជាមួយវិទ្យុគាំទ្រនៅក្រៅស្រុកកាលពីថ្ងៃទី៩មិថុនា បាននិយាយថាលោក កឹម សុខា ដែលមិនទៅ បោះឆ្នោតគាំទ្រគណបក្សភ្លើងទៀននោះ បាន «ប្រព្រឹត្តកំហុសធ្ងន់ណាស់» ។
គួរបញ្ជាក់ថា លោក កឹម សុខា ក្នុងថ្ងៃបោះឆ្នោតទី៥មិថុនាមិនបានចេញទៅបោះឆ្នោតឡើយ ដោយលោក បញ្ជាក់ថាលោកមិនមានគណបក្សនយោបាយណាដែលលោកបានគាំទ្រឡើយ ។ ការចោទ ប្រកាន់ដាក់លោកកឹមសុខានេះ គឺជាការចោទប្រកាន់បើកចំហរទី១ហើយ ខណៈ ដែលលោក សម រង្ស៊ី ចាត់ទុកគណបក្សភ្លើងទៀន ជាគណបក្សដែលគាំទ្រគោលនយោបាយ របស់លោក ។
មន្ត្រីជំនិតលោកកឹមសុខា បានហៅសំដីចោទប្រកាន់របស់សមរង្ស៊ីប្រៀបប្រដូចជាឆ្កែឆ្កួត។ លោកមុតចន្ថា បានថ្លែងថាអ្នកដែលខុសជាប្រវត្តិសាស្រ្តធំបំផុត គឺបុគ្គល សម រង្ស៉ី ដែលក្បត់ ឆន្ទៈប្រជាពលរដ្ឋខ្មែរ, រត់ចោលស្មារតីបង្រួបបង្រួមដែលជាបំណងប្រាថ្នាយ៉ាងមុតមាំរបស់ ប្រជាពលរដ្ឋខ្មែរពាក់កណ្តាលប្រទេសដែលធ្លាប់បានបោះឆ្នោតឱ្យគណបក្សសង្រ្គោះជាតិមុន ពេលរំលាយ។ លោកមុតចន្ថាថ្លែងទៀតថា សម រង្ស៉ី ដែលអះអាងថាឈ្នះការបោះឆ្នោតឃុំ-សង្កាត់ នៅថ្ងៃទី៥ ខែមិថុនានោះ គឺជាការនិយាយខុសនិងនិយាយដោយគ្មានការអៀនខ្មាស់។
នៅជាមួយគ្នានេះផងដែរ, អ្នកវិភាគម្នាក់ឈ្មោះ សូ ណារ៉ូ រស់នៅក្នុងសហរដ្ឋ អាមេរិក បានហៅសមរង្ស៊ីជាមនុស្សឡប់សតិ ដោយសារតែសម្តីវាយប្រហារលើលោកកឹម សុខា។ លោក សូ ណារ៉ូ និយាយចំអកឱ្យសមរង្ស៊ីវិញថា មានតែប្រធានគណបក្សឡប់សតិ ឬ វិកល ចរឹតទេ ដែលក្បត់បក្សខ្លួនឯងទៅបោះឆ្នោតឱ្យគណបក្សដទៃនោះ។