រដ្ឋមន្ត្រីការពារជាតិកម្ពុជា ៖ យើងមិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានទេ មានច្រកតែមួយគត់ គឺការចរចារកដំណោះស្រាយដោយសន្តិវិធី ឈរលើស្មារតី “ឈ្នះ ឈ្នះ 

ភ្នំពេញ៖ នៅក្នុងសម័យប្រជុំពេញអង្គទី៤ នៃកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៩ “កិច្ចសន្ទនាសាំងគ្រីឡា” នារសៀលថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២២ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ក្រសួងការពារជាតិ បានថ្លែងការណ៍ជូនសម័យប្រជុំពេញអង្គជ្រាបអំពីការខិតខំរួមគ្នាដោះស្រាយបញ្ហា ធានាឱ្យបាននូវស្ថិរភាព កសាងសន្តិភាព និងភាពសុខដុមរមនាប្រកបដោយចីរភាព និងការលើកស្ទួយវិបុលភាពសម្រាប់តំបន់និងពិភពលោកដោយការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក គឺជាកត្តាសំខាន់បំផុត។សម្តេចពិជ័យសេនាបានបញ្ជាក់ថា “យើងមិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានទេ មានច្រកតែមួយគត់ គឺការចរចារកដំណោះស្រាយដោយសន្តិវិធី ឈរលើស្មារតី “ឈ្នះ ឈ្នះ”។” នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចពិជ័យសេនា ទៀបាញ់ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២។

តបតាមការអញ្ជើញរបស់បណ្ឌិត ចន ឈីបមែន អគ្គនាយក និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថានអន្តរជាតិ សម្រាប់សិក្សាយុទ្ធសាស្ត្រសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមភូមិន្ទទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី១៩ (កិច្ចសន្ទនាសាំងហ្គីឡា) ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០-១២ ខែមិថុនា ឆ្នាំ២០២២នៅប្រទេសសិង្ហបុរី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២៕ 

ដោយ៖ពល​ជ័យ

រូបភាព៖ហ្វេសប៊ុកសម្តេចពិជ័យសេនា ទៀ បាញ់

ads banner