ឯកឧត្តម រ័ត្ន វិរៈ ដឹកនាំកិច្ចប្រជុំស្តីពីការជំរុញការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីសម្រាប់ជីវភាពរស់នៅប្រកបដោយ ចីរភាព ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»
ភ្នំពេញ ៖ ឯកឧត្តម រ័ត្ន វិរៈ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារអនុវត្តគម្រោង “ជំរុញការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីសម្រាប់ជីវភាពរស់នៅប្រកបដោយ ចីរភាពក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង” នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ស្ថិតនៅក្នុងខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ ដោយពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៤រួមមាន៖
១)ជម្រើសនានាដែលអាចអនុវត្តបានសម្រាប់ការគ្រប់គ្រង និងស្តារប្រព័ន្ធអេកូឡូស៊ី និងជំរុញឱ្យជីវភាពរស់នៅរបស់សហគមន៍បានកាន់តែប្រសើរឡើង ២)ទីតាំងសមស្របសម្រាប់អនុវត្តគម្រោងអ្នកពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ៣)បញ្ហាប្រឈមសំខាន់ៗនានា និង៤)ការរៀបចំវគ្គបណ្តុះបណ្តាលដល់ប្រជាសហគមន៍តំបន់ការពារធម្មជាតិស្ថិតលើភ្នំគូលែន ដោយមានការចូលរួមពីសហគមន៍ចំនួន០៥ អាជ្ញាធរមូលដ្ឋាន និងឧទ្យានុរក្ស ដើម្បីសិក្សាពីបច្ចេកទេសចិញ្ចឹមមាន់។
ជាលទ្ធផល កិច្ចប្រជុំបានឯកភាពលើការរៀបចំបណ្តុះបណ្តាលចំនួនប្រាំដល់សហគមន៍ ដូចជា៖១)ការចិញ្ចឹមឃ្មុំក្នុងប្រអប់ ២)ការចិញ្ចឹមមាន់ ៣) ការដាំបន្លែធម្មជាតិ ៤)ការធ្វើកសិរុក្ខកម្មដោយដាំប្រទៀលថ្លើមឆ្កែក្រោមដំណាំចន្ទី និង៥)ការដាំឫស្សីនិងកែច្មៃផលិតផលពីឫស្សី៕ ដោយ / គ្រី សម្បត្តិ




