កាកបាទក្រហមកម្ពុជាប្រគល់ថវិកាចំនួន ៣០០,០០០ ដុល្លារអាមេរិក (លើកទី១២) ដល់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងអង្ករ១២៦តោន ដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ (លើកទី១១)

ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា (កក្រក) ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ថវិកាចំនួន ៣០០,០០០ ដុល្លារអាម៉េរិក (លើកទី១២) ជូនសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងអង្ករចំនួន ១២៦តោន ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ (លើកទី១១) ដោយអនុសាខានីមួយៗទទួលបាន អង្ករចំនួន ៩តោន នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការកាកបាទក្រហមកម្ពុជា ។

ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំសួរសុខទុក្ខ និងកោតសរសើរដល់សាខាកក្រករាជធានីភ្នំពេញ និងអនុសាខាកក្រកខណ្ឌទាំង១៤ ដែលខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយតម្លាភាពនិងគណនេយ្យភាព ដើម្បីទទួលបានការជឿទុកចិត្ត និងទាក់ទាញការគាំទ្រពីសប្បុរសជនទាំងផ្លូវចិត្តនិងថវិកា សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតឱ្យទទួលបានភាពកក់ក្តៅ និងរស់នៅដោយសុខដុមរមនាក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

ទន្ទឹមនឹងនេះ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកក្រករាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលដឹកនាំកាកបាទក្រហមកម្ពុជា ប្រកបដោយគតិបណ្ឌិត យកចិត្តទុកដាក់ តាមដាន និងដោះស្រាយភ្លាមៗដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ។

ក្នុងនាមសាខារាជធានីភ្នំពេញ និងអនុសាខាខណ្ឌទាំង ១៤ សូមប្តេជ្ញាខិតខំស្វែងរកការគាំទ្រពីសប្បុរសជន ជាពិសេសខិតខំប្រឹងប្រែងរៀនសូត្រពីវីរភាពដឹកនាំ និងអនុវត្តតាមអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដើម្បីសម្រេចបានភាពជោគជ័យក្នុងភារកិច្ចមនុស្សធម៌ និងជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតក្នុងបូរណភាពដែនដីរាជធានីភ្នំពេញ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner