ហេង សាវឿន ៖ វិញ្ញាសា៤០០ម៉ែត្រ និង៨០០ម៉ែត្រ មានសក្តានុពលសម្រាប់កម្ពុជា រកមេដាយពីអាស៊ានប៉ារ៉ាហ្គេម នៅឥណ្ឌូនេស៊ី
ភ្នំពេញ៖ អត្តពលិកជនពិការកម្ពុជាទាំងអស់មានការរីកចំរើនគួរឲ្យកត់សំគាល់ បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ និងគាំទ្រយ៉ាងខ្លាំងពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការជាតិរៀបចំព្រឹត្តការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នៅកម្ពុជា ហៅ Camsoc ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា លើការស្នាក់នៅ អាហារូបត្ថម្ភ សម្ភារ និងទីលានហ្វឹកហាត់។
កីឡាករប្រណាំងរទេះជនពិការ ហេង សាវឿន លើកឡើងថា ដោយសារកត្តាជម្រុញលើកទឹកចិត្តច្រើនបែបនេះ ទាំងរូបលោកផ្ទាល់ និងអត្តពលិកជនពិការផ្សេងៗទៀតបានប្តេជ្ញាប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង ទោះបីមានបញ្ហាប្រឈមខ្លះៗ ដូចជា រទេះចាស់ ការធ្វើដំណើរផ្លូវឆ្ងាយទៅកន្លែងហ្វឹកហាត់ក៏ដោយ។ ពីព្រោះថា ឆន្ទៈដណ្តើមមេដាយជូនកម្ពុជា នៅតែមានគឺមេដាយមាស។ កន្លងមក កីឡាករជនពិការរូបនេះ ធ្លាប់ដណ្តើមបានត្រឹមមេដាយប្រាក់ និងសំរិទ្ធប៉ុណ្ណោះ។
កីឡាករ ហេង សាវឿន បន្តឲ្យដឹងថា លោកបានកំពុងហ្វឹកហាត់លើ៣វិញ្ញាសា គឺវិញ្ញាសា៤០០ម៉ែត្រ ៨០០ម៉ែត្រ និង១៥០០ម៉ែត្រ ប៉ុន្តែវិញ្ញាសាជាក្តីសង្ឃឹមដណ្តើមបានមេដាយ គឺ៤០០ម៉ែត្រ និង៨០០ម៉ែត្រ។ ម្ចាស់មេដាយប្រាក់ និងសំរិទ្ធ នៅមីយ៉ាន់ម៉ា បានបញ្ជាក់ថា ឧបសគ្គសម្រាប់កម្ពុជា គឺប្រទេសថៃ ដោយសារមានសម្ភារគ្រប់គ្រាន់ និងមានទីលានហ្វឹកហាត់ត្រឹមត្រូវតាមស្តង់ដាមុនកម្ពុជា។
ឯកឧត្តម យី វាសនា អគ្គលេខាធិការគណ:កម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ធ្លាប់បានបញ្ជាក់ថា អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី គឺជាឱកាសដ៏ល្អមួយ និងចាំបាច់ដែលកម្ពុជា ត្រូវរៀបចំកីឡាករ កីឡាការិនី គ្រូបង្វឹក មន្រ្តីបច្ចេកទេស ឲ្យមានសក្តានុពល ដើម្បីចូលរួមដុសខាត់យុទ្ធសាស្រ្ត ចិត្តសាស្ត្រ សមត្ថភាព ជំនាញ វិជ្ជាជីវៈជាមួយបណ្តាប្រទេសអាស៊ាន ជាព្រឹត្តការណ៍ចុងក្រោយ មុននឹងកម្ពុជាធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដើម្បីយកចំណេះដឹងមកដឹកនាំធ្វើ នៅឆ្នាំ២០២៣ ជាគន្លឹះ និងចំនុចខ្លាំងឲ្យទទួលបានជោគជ័យទាំងការរៀបចំ និងការដណ្តើមមេដាយជូនជាតិ។
សូមរម្លឹកថា ហេង សាវឿន ធ្លាប់ដណ្តើមបានមេដាយជាច្រើនគ្រឿង ក្នុងនោះវិញ្ញាសា២០០ម៉ែត្រ ឈ្នះមេដាយសំរិទ្ធ១ នៅសិង្ហបូរី។ វិញ្ញាសា៨០០ម៉ែត្រ ធ្លាប់ឈ្នះមេដាយប្រាក់១ នៅឥណ្ឌូនេស៊ី និងអាស៊ានប៉ារ៉ាហ្គេម លើកទី៧ នៅប្រទេសមីយ៉ានម៉ា ឈ្នះបានមេដាយ៣គ្រឿងគឺមេដាយសំរិទ្ធ១សម្រាប់វិញ្ញាសាឯកត្តជន ១០០ម៉ែត្រ និងមេដាយប្រាក់១សម្រាប់វិញ្ញាសាបណ្តាក់១០០ម៉ែត្រ×៤ ព្រមទាំងមេដាយប្រាក់១សម្រាប់វិញ្ញាសាបណ្តាក់ ៤០០ម៉ែត្រ×៤។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ក្រោយវៀតណាមសម្រេចលុបចោល។ ក្នុងនោះកម្ពុជានឹងបញ្ជូន១១ប្រភេទកីឡា រួមមាន អត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរស និងនារី បាល់បោះរទេះបុរស និងនារី បាល់បោះជនពិការភ្នែក បាល់ទាត់៧ម្ខាង (ចលករខួរក្បាល) វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុក និងបូស្យា។ ចំពោះព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី៩ នៅប្រទេសម៉ាឡេស៊ី កម្ពុជាដណ្តើមបានមេដាសរុប១០គ្រឿងគឺ ប្រាក់៥ និង៥សំរិទ្ធ៕ ចាន់ វិចិត្រ







