រដ្ឋមន្ត្រីក្រសួងកសិកម្ម សំណូមពរឲ្យអ៊ីស្រាអែល បង្កើនចំនួននិស្សិត ដើម្បីឆ្លើយតបតាមតម្រូវការធនធានមនុស្សដើម្បីអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា

ភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានស្នើដល់ លោក Yaron Tamir ជានាយកប្រតិបត្តិក្រុមហ៊ុន Agrostudies Agriculture Capacity Building (Israel) សូមបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរ និងស្នើសុំបង្កើនចំនួននិស្សិត ឆ្លើយតបតាមតម្រូវការធនធានមនុស្សក្នុងវិស័យកសិកម្មដែលមាននិន្នាការកើនឡើងជាលំដាប់ ដើម្បីឈានឆ្ពោះទៅធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក Yaron Tamir ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) ក្នុងការអភិវឌ្ឍធនធានមនុស្សលើវិស័យកសិកម្មតាមរយ:ការផ្តល់ឱកាសឲ្យនិស្សិតកម្ពុជាឆ្នាំទី៣ បានទៅធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែល តាំងពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្នមានរយ:ពេល ១៤ឆ្នាំហើយ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនភ្ញៀវថា កម្មសិក្សានេះបានបង្កើនចំណេះដឹងបច្ចេកទេស តាមរយ:ការ បណ្តុះបណ្តាលទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងដល់សិក្ខាកាមវ័យក្មេងដែលមានសក្តានុពល បានយល់ដឹងកាន់តែស៊ីជម្រៅអំពីរបៀបរបបរស់នៅ និងធ្វើការងារជាក្រុម ជាបុគ្គលមានការទទួលខុសត្រូវ មានវិន័យ ជាអ្នកគ្រប់គ្រង ដឹកនាំ សហការល្អ និងខិតខំសិក្សារៀនសូត្រអំពីបច្ចេកវិទ្យាកសិកម្មថ្មីៗ ដើម្បីអភិវឌ្ឍខ្លួនគេ និងប្រទេសកំណើតរបស់ខ្លួន។ ជាក់ស្តែង និស្សិតដែលត្រឡប់មកមាតុភូមិវិញ បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មទំនើបៗ ដែលខ្លួនបានសិក្សារៀនសូត្រជូនប្រជាកសិករ ខ្លះបម្រើការឲ្យក្រុមហ៊ុន និងខ្លះទៀតធ្វើអាជីវកម្មកសិកម្មដោយខ្លួនគេផ្ទាល់។

លោកនាយកក្រុមហ៊ុនបានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងថ្លែងអំណរគុណជូនចំពោះ ឯករដ្ឋមន្រ្តីដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អប្រសើរធ្វើឲ្យកម្មសិក្សាដែលមានរយៈពេល ១៤ឆ្នាំកន្លងមកទទួលបានលទ្ធផលគួរឲ្យកត់សំគាល់។ លោកបានបន្តថា កន្លងមកនិស្សិតកម្ពុជាទទួលបានការកោតសរសើរពីកសិករអ៊ីស្រាអែល ថាជានិស្សិតមានការតស៊ូ ឧស្សាហ៍ព្យាយាម ស្មោះត្រង់ និងគោរពវិន័យបានល្អ ហើយនេះគឺជាដើមទុន ឬជាទ្រព្យយ៉ាងល្អសម្រាប់កសាងអនាគតខ្លួនគេ។

ទាក់ទងនឹងសំណើរក្សា ឬបង្កើនចំនួននិស្សិតឲ្យទៅធ្វើកម្មសិក្សានោះ លោកនាយកក្រុមហ៊ុនបានជម្រាបថា នៅចុងខែនេះ ឬដើមខែកក្តដា លោកជំទាវឯកអគ្គរដ្ឋទូតអ៊ីស្រាអែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ឆ្លៀតយកឱកាសនេះ លោកជំទាវ ក៏មានកម្មវិធីជួបជាមួយឯកឧត្តមរដ្ឋមន្រ្តី នឹងជម្រាបជូនអំពីសំណើនេះដោយផ្ទាល់ផងដែរ។

តាមរបាយការណ៍របស់ឯកឧត្តម ង៉ោ ប៉ុនថាន សាកលវិទ្យាធិការបានឲ្យដឹងថា នៅឆ្នាំ២០២១ មាននិស្សិត ២០០នាក់ បានទៅរៀនយកជំនាញរៀងខ្លួន មានជាអាទិ៍ ៖ ១. ស្តង់ដារកសិកម្មអន្តរជាតិ ២. សេដ្ឋកិច្ចកសិកម្ម ៣. ការការពារដំណាំ ៤. គម្រោងស្រាវជ្រាវ ៥. អភិរក្សធនធានដី ៦. មូលដ្ឋានគ្រឹះនៃប្រព័ន្ធស្រោចស្រពបែបទំនើប ៧. បច្ចេកទេសក្រោយពេលប្រមូលផលបន្លែ និងផ្លែឈើ ៨. ការធ្វើកសិកម្មឈើហូបផ្លែ និង ៩. និរន្តរភាពកសិកម្ម ៕ ដោយ ៖ ក្រសួងកសិកម្ម

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner