ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីលប្រចាំកម្ពុជា ជួបភិក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្ម ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្កិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរនាពេលអនាគត
ភ្នំពេញ ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួប ឯកឧត្តម José Borges dos Santos Júnior ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្កិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរនាពេលអនាគត។
ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការអបអរសាទរជូនចំពោះឯកឧត្តម José Borges dos Santos Júnior ដែលឯកឧត្តមត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមសង្ឃឹមថា ក្នុងអាណត្តិរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋសហព័ន្ធប្រេស៊ីលលើវិស័យកសិកម្មនឹងចាប់ផ្តើមដំណើរការចេញជារូបរាង។
ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណចំពោះកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ហើយក្នុងឱកាសនោះក៏បានបង្ហាញពីឆន្ទៈ និងជឿជាក់ថា នឹងអាចរួមគ្នាជាមួយឯកឧត្តមរដ្ឋមន្ត្រីចាប់ផ្តើមដំណើរការកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរប្រកបដោយផ្លែផ្កា។ ឯកឧត្តម ឯកអគ្គរដ្ឋទូតបន្ថែមថា កិច្ចសហប្រតិបត្តិការនេះនឹងអាចចាប់ផ្តើមតាមរយៈទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីចូលរួមជាភ្ញៀវកិត្តិយសក្នុងកិច្ចប្រជុំគោលនយោបាយកសិកម្មក្នុងតំបន់ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសប្រេស៊ីលនាខែសីហា ខាងមុខនេះ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន សន្យាថា នឹងពិនិត្យលទ្ធភាពក្នុងការចូលរួមកិច្ចប្រជុំដ៏មានសារសំខាន់ខាងលើនេះ ហើយឯកត្តមនឹងអញ្ជើញវិស័យឯកជនដែលកំពុងវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជាចូលរួមក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ ដើម្បីផ្តល់ឱកាសឲ្យវិស័យឯកជននៃប្រទេសទាំងពីរអាចជួបគ្នា ផ្លាស់ប្តូរបទពិសោធ និងជាពិសេសច្បាមយកបច្ចេកទេស និងបច្ចេកវិទ្យាថ្មីទំនើបក្នុងការកែច្នៃវេចខ្ចប់ និងការរៀបចំទីផ្សារ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាកាន់តែមានភាពរីកចម្រើនថែមទៀត ៕ ដោយ៖ក្រសួងកសិកម្ម






