ប្រកាសសាលក្រមសំណុំរឿងរួមគំនិតក្បត់៖ សមត្ថកិច្ចចាប់ខ្លួន សេង ធារី និងផ្តន្ទាទោស សម រង្ស៊ី និងបក្ខពួកដាក់ពន្ធនាគារពី៦ឆ្នាំ ទៅ៨ឆ្នាំ

ភ្នំពេញ៖ សមត្ថកិច្ចបានចាប់ខ្លួន សេង ធារី បន្ទាប់ពីតុលាការបានចេញសាលក្រមផ្តន្ទាទោសរយៈពេល៦ឆ្នាំ ពីបទរួមគំនិតក្បត់ ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ជាមួយមេក្លោងឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី រួមទាំងបក្ខពួក។ ការចាប់ខ្លួននេះ បានធ្វើឡើងនៅមុខសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមលើសំណុំរឿងរួមគំនិតក្បត់ ដោយផ្តន្ទាទោស សម រង្ស៊ី , អេង ឆៃអ៊ាង, ហូរ វ៉ាន់, តុ វ៉ាន់ច័ន្ទ, អ៊ីហ្សា ឧស្មាន់, គង់ សុភា , ម៉ោញ សារ៉ាត់, អ៊ូ ច័ន្ទឫទ្ធិ, ឡុង រី , ម៉ែន សុថាវរិន្ទ្រ, អ៊ុំ សំអាន ដាក់ពន្ធនាគាររយៈពេល៨ឆ្នាំ ពីបទរួមគំនិតក្បត់ និងបង្គាប់ឱ្យចាប់ខ្លួនភ្លាម។ ចំណែកឈ្មោះ ហេង ចាន់រិទ្ធិ , លោក ទុំ វ៉ាន់ថន , កាក់ កុម្ភារ (នៅក្នុងពន្ធនាគារ) ផ្តន្ទាទោសរយៈពេល៦ឆ្នាំ ដោយបន្តឃុំខ្លួនដាក់ពន្ធនាគារជាបន្តទៀត។

រីឯឈ្មោះ សេង ច័ន្ទធារី (សេង ធារី) , ហេង ដារ៉ូ , ឃិត ជំរឿន , តោ និមល និងបក្ខពួកមួយចំនួនទៀតផ្តន្ទាទោស៦ឆ្នាំ និងបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនភ្លាម។ មនុស្សមួយចំនួនទៀតផ្តន្ទាទោស៥ឆ្នាំ ប៉ុន្តែអនុវត្តទោសព្យួរ។

នៅក្នុងសំណុំរឿងរួមគំនិតក្បត់ ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ គឺមានមនុស្សសរុបចំនួន១៣៩នាក់ ដែលមានការជាប់ព័ន្ធ ដោយក្នុងនោះមានមួយចំនួនត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ មួយចំនួននៅក្រៅឃុំ និងមួយចំនួនរត់គេចខ្លួនទៅក្រៅប្រទេស។

គួរបញ្ជាក់ថា សម រង្ស៊ី និងបក្ខពួកជាង១០០នាក់ ត្រូវបានចោទប្រកាន់ពីបទ “រួមគំនិតក្បត់ ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” ប្រព្រឹត្តនៅប្រទេសកម្ពុជានិងទីកន្លែងផ្សេងៗទៀតកាលពីថ្ងៃទី២០-២១-២២-២៥-២៦ និងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ និងកាលពីអំឡុងខែមិថុនា ឆ្នាំ២០១៩៕
អត្ថបទ និងរូបភាព៖ពលជ័យ

ads banner