ប្រមុខការទូត អាមេរិក-កូរ៉េខាងត្បូង ពិភាក្សាគ្នាលើបញ្ហាកម្មវិធីអភិវឌ្ឍមីស៊ីលរបស់កូរ៉េខាងជើង

វ៉ាស៊ីនតោន ៖ មេដឹកនាំអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនសង្ឃឹមថា នឹងរារាំងកូរ៉េខាងជើងពីការបាញ់សាកល្បងមីស៊ីលបន្ថែមទៀត ក៏ដូចជាការបង្កហេតុផ្សេងទៀតផងដែរ។ ការលើកឡើងខាងលើនេះ បានកើតមានឡើងក្នុងកំលុងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានជួបជាមួយសមភាគីកូរ៉េខាងត្បូងលោក Park Jin ក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការរារាំងបន្ថែមទៀតរបស់ប្រទេសសម្ព័ន្ធមិត្តទាំងពីរ។

លោក Blinken បាននិយាយថា គោលដៅរបស់សម្ព័ន្ធមិត្ត គឺដើម្បីរក្សាឱ្យមានតំបន់សន្តិភាព និងស្ថិរភាព។ លោកថា ភាគីពាក់ព័ន្ធនឹងបន្ត “រក្សាសម្ពាធ” រហូតដល់អាជ្ញាធរនៅទីក្រុងព្យុងយ៉ាងផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួន។

នាឱកាសនោះដែរ លោក Park បាននិយាយថា ការបង្កហេតុណាមួយ រួមទាំងការបាញ់សាកល្បងនុយក្លេអ៊ែរ នឹងត្រូវបានឆ្លើយតបជាមួយនឹងការឆ្លើយតបដ៏រួបរួម និងរឹងមាំ។ ជាមួយគ្នានេះ ទាំងលោក Blinken និងលោក Park នៅតែអះអាងពីការបើកចំហទ្វារសម្រាប់ការសន្ទនាដដែល។ ប៉ុន្តែប្រទេសទាំងពីរក៏បានបង្កើតឡើងវិញនូវក្រុមយុទ្ធសាស្ត្រដែលបង្កើតឡើងដើម្បីរារាំងប្រជាជនកូរ៉េខាងជើងផងដែរ។ ហើយថែមទាំងបានណែនាំឡើងវិញនូវកិច្ចព្រមព្រៀងជាមួយប្រទេសជប៉ុន ដែលត្រូវបានគេស្គាល់ថា GSOMIA ដើម្បីចែករំលែកការស៊ើបការណ៍សម្ងាត់។

គួរបញ្ជាក់ថា កាលពីខែមុន រដ្ឋបាលលោក ចូ បៃដិន បានប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតលើកូរ៉េខាងជើង ខណៈលោក Blinken បានអះអាងថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចរាល់ ក្នុងការដាក់ទណ្ឌកម្មបន្ថែមទៀត៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner