មន្រ្តីជាន់ខ្ពស់ចិន-សហរដ្ឋអាមេរិក ពិភាក្សាគ្នាលើបញ្ហាកោះតៃវ៉ាន់ កូរ៉េខាងជើង និងអ៊ុយក្រែន
វ៉ាស៊ីនតោន ៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានលើកឡើងថា ទីប្រឹក្សាសន្តិសុខជាតិរបស់ខ្លួនបានជួបជាមួយអ្នកការទូតកំពូលរបស់ចិននៅទីក្រុងលុចសំបួ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ។ ក្នុងចំណោមប្រធានបទដែលបានពិភាក្សាមានដូចជា ៖ តៃវ៉ាន់ កូរ៉េខាងជើង និងអ៊ុយក្រែន។
សេតវិមានបានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា ជំនួបរវាងលោក Jake Sullivan និងសមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តចិនលោក Yang Jiechi រួមមានការពិភាក្សាដោយស្មោះត្រង់ ជាក់ស្តែង និងប្រកបដោយផលិតភាពអំពីបញ្ហាសន្តិសុខក្នុងតំបន់ និងពិភពលោកមួយចំនួន ក៏ដូចជាបញ្ហាសំខាន់ៗក្នុងទំនាក់ទំនងសហរដ្ឋអាមេរិក-ចិន។ ជាមួយគ្នានេះ អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បានថ្លែងថា លោក Sullivan បានយល់ច្បាស់ពីសារៈសំខាន់នៃការរក្សាបាននូវទំនាក់ទំនងបើកចំហរ ដើម្បីគ្រប់គ្រងការប្រកួតប្រជែងរវាងប្រទេសទាំងពីរ។
នាឱកាសនោះដែរ លោក Sullivan បានបង្ហាញយ៉ាងច្បាស់នូវការព្រួយបារម្ភអំពីអាកប្បកិរិយា និងការគាបសង្កត់ ក៏ដូចជាការឈ្លានពានរបស់ចិនទាក់ទងនឹងបញ្ហាកោះតៃវ៉ាន់។ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ រដ្ឋមន្ត្រីការពារជាតិចិនបានបញ្ជាក់ច្បាស់ៗថា ប្រទេសរបស់លោកនឹងតស៊ូរហូតដល់ទីបញ្ចប់ ប្រសិនបើនរណាម្នាក់ព្យាយាមបំបែកខ្លួនចេញពីតៃវ៉ាន់ ដែលនេះជាព្រមានជាក់ស្តែងមួយប្រឆាំងនឹងសហរដ្ឋអាមេរិក ដែលបង្កើនការចូលរួមរបស់ខ្លួនជួយដល់តៃវ៉ាន់ ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

