រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា នៅថ្ងៃទី ១៦-១៧ ខែមិថុនា

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា ដើម្បីរំព្ញកខួបលើកទី៣០នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែមិថុនា ឆ្នាំ២០២២ នៅរដ្ឋធានីញូវដេល្លី ប្រទេសឥណ្ឌា តបតាមការអញ្ជើញរបស់ឯកឧត្តមបណ្ឌិត ចៃហ្សានកា (S. Jaishankar) រដ្ឋមន្រ្តីការបរទេសឥណ្ឌា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានររបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសអាស៊ាន និងឯកឧត្តមបណ្ឌិត ចៃហ្សានកា នឹងផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា និងពិភាក្សាអំពីវិធីសាស្រ្ត និងមធ្យោបាយនានា ដើម្បីជំរុញទំនាក់ទំនងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌាបន្ថែមទៀត ក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញក្រោយកូវីដ-១៩ និងបញ្ហាប្រឈមផ្សេងៗទៀត។ បញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ក៏នឹងត្រូវបានលើកយកមកពិភាក្សាផងដែរ។ កិច្ចប្រជុំនេះ គូសបញ្ជាក់អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូរវាងអាស៊ាន-ឥណ្ឌា សម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែង ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុង និងក្រៅតំបន់។

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងនាមជាភ្ញៀវពិសេសនៃកិច្ចសន្ទនាទីក្រុងញូវដេល្លីលើកទី១២ (Delhi Dialogue XII) ក្រោមមូលបទ «ការកសាងស្ពាននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» ដែលវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) សហការរៀបចំជាមួយក្រសួងការបរទេសឥណ្ឌា។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវដេល្លី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រួមជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ានដទៃទៀត និងអគ្គលេខាធិការអាស៊ាន នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះឯកឧត្តម ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌាផងដែរ៕
ដោយ៖ពលជ័យ

ads banner