ពាន FIFA World Cup មាសសុទ្ធជាង៦គីឡូក្រាម បានមកយកមកដល់ កម្ពុជាហើយ
ពានFIFA World Cup ធ្វើពីមាសសុទ្ធទម្ងន់ជាង៦គីឡូក្រាម បាននាំយកមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ ដោយអតីតជើងឯកម្ចាស់ពានបាល់ទាត់ពិភពលោក បារាំង Christian Karember នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ។ ក្នុងដំណើរមកដល់ នៃពាន World Cup នេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ទទួលស្វាគមន៍ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
ពាន FIFA World Cup នេះ បានដង្ហែពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅវិមានសន្តិភាពដែលទទួលស្វាគមន៍ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសហការរៀបចំដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក ជាមួយសហព័ន្ធបាល់ទាត់ពិភពលោក FIFA និងក្រុមហ៊ុន Coca-Cola ដើម្បីធានាឱ្យដំណើរការព្រឹត្តិការណ៍ ដង្ហែក្បួនពានរង្វាន់នេះ ប្រព្រឹត្តទៅដោយសុវត្ថិភាព ក្នុងនាមជាម្ចាស់ផ្ទះទទួលស្វាគមន៍ ។
ឯកឧត្តម បានបញ្ជាក់ទៀតថា ពានរង្វាន់បាល់ទាត់ពិភពលោកនេះ ដឹកនាំដោយបេសកជនពិសេស FIFA គឺលោក Christian Karember ម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ១៩៩៨ ក្នុងក្រុមជម្រើសជាតិបាល់ទាត់បារាំង ។ ពានរង្វាន់ ត្រូវបានដឹកជញ្ជូនតាមរយៈយន្តហោះឯកជនពិសេស “Private Jet” មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាថ្ងៃទី១៥ វេលាម៉ោង ៩:០០នាទី រួចបានដង្ហែត្រង់មកវិមានសន្តិភាព និងបន្តទៅ “ពហុកីឡដ្ឋានជាតិមរតកតេជោ” ដើម្បីអោយមហាជន បានទស្សនាថតរូបទុកជាអនុស្សាវរីយ៍ ហើយនឹងចាកចេញពីកម្ពុជា នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ។
ឯកឧត្តម បានគូបញ្ជាក់ថា ពានរង្វាន់បាល់ទាត់ពិភពលោក គឺជានិមិត្តរូបនៃមនុស្សជាតិជាង ៣.២ ពាន់លាននាក់ លើពិភពលោកដែលបានគាំទ្រ កីឡាបាល់ទាត់ ។ ពានរង្វាន់នេះ មានតម្លៃជាសកល ដែលត្រូវយកចិត្តទុកដាក់ និងតម្កល់គុណតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់មនុស្សជាតិ ដែលនៅពេលនេះសហព័ន្ធបាល់ទាត់ពិភពលោក FIFA មានកិត្តិយសដ៏ឧត្តុង្គឧត្តម ដោយបានសម្តេចតេជោនាយករដ្ឋមន្ត្រី អនុញ្ញាតិទទួលស្វាគមន៍ និងលើកពានដោយផ្ទាល់ ដើម្បីបង្ហាញពីការគាំទ្រ និងការចូលរួមអបអរសាទរ របស់ម្ពុជា ដល់ការប្រកួតកីឡាបាល់ទាត់ពិភពលោក នៅទីក្រុងដូហា ប្រទេសកាតា ក្នុងខែវិច្ឆិកា ខាងមុខនេះ ។
គួររំលឹកថា សហព័ន្ធកីឡាបាល់ទាត់ពិភពលោក “FIFA” បានបង្កើតឡើងនាថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩០៤ ដោយប្រទេសចំនួន គឺប៊ែលស៊ីហ្ស៊ិក, ដាណឺម៉ាក, បារាំង, ស្វីស, អេស្ប៉ាញ, ហូឡង់ និងស៊ុយអែត ។ ពានរង្វាន់បាល់ទាត់ពិភពលោកផលិតឡើងដោយមាសសុទ្ធ សម្រាប់ផ្តល់ជារង្វាន់ និងលើកទឹកចិត្តដល់ក្រុមបាល់ទាត់ ដែលដណ្តើមបានជ័យជំនះ ក្នុងការប្រកួតជារៀងរាល់ ៤ឆ្នាំម្តង។
សហព័ន្ធបាល់ទាត់ពិភពលោក “FIFA” បង្កើតពានរង្វាន់បាល់ទាត់ពិភពលោកជាពីរដំណាក់កាលគឺ ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៧៤ ត្រូវបានប្រសិទ្ធិនាមថា “ពានរង្វាន់លោក Jules Rimet” ជាប្រធានសហព័ន្ធបាល់ទាត់ពិភពលោកដំបូង និងចាប់ពីឆ្នាំ១៩៧៤ រហូតដល់បច្ចុប្បន្ន ត្រូវបានប្តូរឈ្មោះថា “ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World CupTrophy” វិញ ។
តាមកំណត់ត្រារបស់ FIFA បានបញ្ជាក់ថា ប្រទេសដែលដណ្តើមបានពានរង្វាន់បាល់ទាត់ពិភពលោកដំបូងគេគឺ អ៊ុយរ៉ាហ្គាយ (Uruguay) និងប្រទេសដែលដណ្តើមបានពានរង្វាន់បាល់ទាត់ពិភពលោកច្រើនជាងគេគឺ ប្រេស៊ីល (Brazil) ជើងឯកពិភពលោកចំនួន ៥ដង ។ ហើយក្នុងឆ្នាំ២០២២នេះ ក្បួនដង្ហែពានរង្វាន់ ត្រូវបានចាប់ផ្តើមចេញដំណើរពីប្រទេសអារ៉ាប់រួម នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ឆ្លងកាត់ ២០ប្រទេស ទើបមកដល់កម្ពុជានាថ្ងៃនេះ ហើយនឹងត្រូវបន្តឆ្លងកាត់ ៣០ប្រទេស ផ្សេងទៀតមុនពេលប្រកួតកីឡាបាល់ទាត់ពិភពលោកមកដល់គឺ ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា ៕ អត្ថបទ៖ជាវ ចន្ធូ