ឃើញទូរស័ព្ទគេទុកលើតុទំនងពេក ក៏ចូលលួចបានសម្រេច តែត្រូវពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ធ្វើការឃាត់ខ្លួននៅវេលាម៉ោង ៧:៣០នាទី ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ពាក់ព័ន្ធករណីលួចទូរស័ព្ទ នៅក្នុងហាងយីហោ”៦៨បាសាក់”មានទីតាំងផ្ទះលេខ២ ផ្លូវលេខ៣០៨ ក្រុម២៨ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អេង នុត ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដេីមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រមុខរបរដេីរលក់ម្ជួរ។ ចំណែកជនរងគ្រោះមានឈ្មោះ ម៉ូន មាស ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងទីតាំងកេីតហេតុមុខរបរចុងភៅ ។
វត្ថុតាងចាប់យករួមមាន៖ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាកអាយហ្វូនអុិចអេសមេក ពណ៌មាស និងពណ៌ខ្មៅ សុីមលេខ ០១៥៤៩២៩៨០ និង ០៨៨៩៨៨០២៤០ ។
សមត្ថកិច្ចឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទុកទូរស័ព្ទ ០២គ្រឿងនៅលើតុក្នុងហាង ហើយដេកលក់នៅលើប៉ៅអុីក្បែរនោះ ដោយចំហទ្វារហាង ពេលនោះជនសង្ស័យបានដើរចូលមកក្នុងហាងលួចយកទូរស័ព្ទនោះបានសម្រេច ហើយដើរចេញវិញ តែត្រូវអ្នកជិតខាងឃើញក៏ឃាត់ខ្លួននាំមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទន្លេបាសាក់។
ក្រោយពីសួរនាំជនសង្ស័យរួច សមត្ថកិច្ចជំនាញប៉ុស្ដិ៍រដ្ឋបាលទន្លេបាសាក់ បានកសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ ៖ ជីម ភារ៉ា