អភិបាលរងខេត្តស្វាយរៀង ស្នើដល់លោក លោកស្រី និងអ្នកវិនិយោគក្នុងខេត្តចូលរួមសហការជាមួយវិទ្យាស្ថានដើម្បីកំណត់មុខជំនាញសិក្សា ការអភិវឌ្ឍកម្មវិធីសិក្សា ដើម្បីឲ្យស្របតាម ស្ថានភាពទីផ្សារការងារបច្ចុប្បន្ន
ស្វាយរៀង ៖ ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀងបានថ្លែងស្នើរដល់ លោក លោកស្រី និងអ្នកពាក់ព័ន្ធក្នុងវិស័យវិនិយោគទាំងអស់នៅខេត្តស្វាយរៀង សូមចូលរួមសហការជាមួយវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនស្វាយរៀង ក្នុងការកំណត់មុខជំនាញសិក្សា ការអភិវឌ្ឍកម្មវិធីសិក្សា ដើម្បីឲ្យស្របតាម ស្ថានភាពទីផ្សារការងារបច្ចុប្បន្ន និងចូលរួមសហការក្នុងការផ្ដល់ទីកន្លែងសម្រាប់សិក្ខាកាម សិស្ស-និស្សិត ក្នុងការចុះកម្មសិក្សា ក៏ដូចជាទទួលសិក្ខាកាម សិស្ស-និស្សិត ឲ្យចូលបម្រើការងារនៅពេលបញ្ចប់ការសិក្សាផងដែរ ។
ការថ្លែងបែបនេះ របស់ ឯកឧត្តម រស់ ផារិទ្ធិ ខណៈអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី ៥ឆ្នាំ ២០២២ ក្រោមប្រធានបទTVETបង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ។
ឯកឧត្តមបានថ្លែងថា ក្នុងនាមអភិបាលខេត្តស្វាយរៀងសូមថ្លែងអំណរគុណចំពោះលោក លោកស្រីដែលបានចូលរួមក្នុងកម្មវិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈដើម្បី បង្កើនការយល់ដឹងឲ្យកាន់តែច្បាស់ អំពីសារៈសំខាន់វិស័យអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ បង្កើនការចុះឈ្មោះចូលរៀនក្នុងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ការបង្កើនកិច្ចសហប្រតិបត្តិការ រវាងរដ្ឋ និងវិស័យឯកជន ជាពិសេសគឺលើកកម្ពស់ផលិតភាពការងារ និងការប្រកួតប្រជែងខ្ពស់ក្នុងបរិបទសាកលភាវូពាណិជ្ជកម្មនិងការងារ។
ឯកឧត្តមបានបន្តថា ចំពោះវិស័យវិនិយោគឯកជន ក៏កំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ជាក់ស្ដែងនៅទូទាំងខេត្ត មានតំបន់សេដ្ឋកិច្ចពិសេស ១២កន្លែង កំពុងដំណើរ ៩កន្លែង មានរោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន គ្រឹះស្នានមីក្រូហិរញ្ញវត្ថុ សរុបចំនួន ២៤៨កន្លែង ដែលបានបង្កើតការងារធ្វើ ជូនពលជាពលរដ្ឋ បានប្រមាណ ៩៧.០០០នាក់។
ឯកឧត្តបានបន្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត បានដាក់ចេញនូវផែនការសកម្មភាពនិងយុទ្ធសាស្ត្រប្រកបដោយអភិបាលកិច្ចល្អ ជាពិសេសតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រ គោលនយោបាយជាយុទ្ធសាស្ត្រក្នុងការបង្កើនភាពស៊ាំនៅក្នុងសហគមន៍ទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ដោយបានស្រោចវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាពិសេសបានអនុវត្តន៍វិធានការការ ៣ ការពារនិង ៣ កុំរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីព្រមទាំងវិធានការនានា របស់ក្រសួងសុខាភិបាលផងដែរ ។
បើតាម លោក មុត ចិន្តា នាយកវិទ្យាស្ថាន ពហុបច្ចេកទេស ភូមិភាគតេជោសែនស្វាយរៀងបានឲ្យដឹងថាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ សែនស្វាយរៀង មានបណ្ដុះបណ្តាលលើជំនាញជាច្រើន វិស្វកម្ម អគ្គិសនី វិស្វកម្មអេឡិចត្រូចនិ វិស្វកម្មយន្តសាស្ត្ររថយន្ត វិស្វកម្មមេកានិកទូទៅ វិស្វកម្មសំណង់ស៊ីវិល បរិក្ខារត្រជាក់ឧស្សាហកម្ម វិទ្យាសាស្ត្រកុំព្យូទ័រ គ្រប់គ្រង គណនេយ្យ និងហិរញ្ញវត្ថុ និងមានជំនាញជាច្រើនទៀត ស្របតាមតម្រូវការទីផ្សារការងារ។
លោកបានបន្តថា វិទ្យាស្ថានបានបណ្តុះបណ្តាលចាប់ពីកម្រិតវិញ្ញាបនបត្រ រហូតដល់កម្រិតបរិញ្ញាបត្រ (ដោយសិក្សាចាប់ពី មួយសប្ដាហ៍ រហូតដល់៥ឆ្នាំ) ។ ក្នុងនោះដើម្បីជំរុញកំណើននៃការចុះឈ្មោះចូលរៀនសម្រាប់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស/បរិញ្ញាបត្ររង លើជំនាញ វិស្វកម្មអគ្គិសនី វិស្វកម្មមេកានិកទូទៅ វិស្វកម្មអេឡិចត្រូនិក និងវិស្វកម្មស្វ័យប្រវត្តិកម្ម និស្សិត ៤០% ដែលភាគច្រើនជានារី និងនិស្សិតរៀនពូកែនឹងទទួលបានអាហារូបករណ៍ ១ខែ ៦០ដុល្លារ រយៈពេល ១០ខែ ក្នុង ១ឆ្នាំសិក្សា ។
វិទ្យាស្ថានបានខិតខំលើកកម្ពស់ការបណ្ដុះបណ្ដាល និងការងារ ដើម្បីបង្កើនផលិតភាព និងភាពប្រកួត ប្រជែង ដោយខិតខំស្វែងរកដៃគូ ដូចជារោងចក្រ សហគ្រាស ដើម្បីសិស្ស និស្សិតចុះហាត់ការការងារ និងកម្ម សិក្សាការងារ ជាពិសេសស្វែងរកការងារជូននិស្សិតក្រោយបញ្ចប់ការសិក្សាស្របតាមជំនាញ និងសមត្ថភាពរបស់ សិស្ស និស្សិត។
លោក មុត ចិន្តា បានបន្ថែមថាក្នុងនាមវិទ្យាស្ថានតេជោសែនស្វាយរៀង មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តស្វាយរៀង ពិតជាមានសុទិដ្ឋិនិយមថានាពេលអនាគតដ៏ខ្លីខាងមុខ ការផ្លាស់ប្តូរឥរិយាបថរបស់ប្អូនៗសិស្ស និស្សិត និងមានការគាំទ្រពីអាណាព្យាបាល ដោយចាប់យកជំនាញបច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ គឺដើម្បីលើក កម្ពស់គុណភាពជីវិតរបស់ខ្លួន បង្កើនកម្រិតជីវភាពរបស់ខ្លួន បង្កើនផលិតភាព ជាពិសេសគឺភាពប្រកួតប្រជែងខ្ពស់ នៅលើទីផ្សារការងារនាពេលបច្ចុប្បន្ននេះ ដែលស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០៥០ កម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់ ឬប្រទេសអភិវឌ្ឍន៍ ៕ ដោយ ៖ នុត នាង