អភិបាលខេត្តស្វាយរៀងចុះពិនិត្យមើលវឌ្ឍនភាពនៃការអភិវឌ្ឍរបស់ខេត្ត
ស្វាយរៀង ៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២២នេះ បានចុះពិនិត្យមេីលការរៀបចំសួនច្បារច្រាំងតាបុលបន្ថែម ជាប់កំណាត់ផ្លូវជាតិលេ១ និងពិនិត្យលេីវឌ្ឍភាពផ្សេងៗទៀតដែលជាចក្ខុវិស័យរបស់រដ្ឋបាលខេត្តក្នុងការអភិវឌ្ឍឲ្យមានការរីកចម្រេីន ។
បើតាម លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀងបានឲ្យដឹងថាការអភិវឌ្ឍឥតឈប់ឈរក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានកែរប្រែមុខមាត់ខេត្តស្វាយរៀង លើកកម្ពស់ការអភិវឌ្ឍលើគ្រប់វិស័យ និងបានជម្រុញកំណើនសេដ្ឋកិច្ចឲ្យមានសន្ទុះខ្លាំងក្លាឡើង តាមរយៈការទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅក្នុងទឹកដីខេត្តស្វាយរៀង ជាពិសេសក្នុងទឹកដីក្រុងស្វាយរៀង មានទាំងតំបន់សេដ្ឋកិច្ចពេសេស ផ្លូវថ្នល់ធំទូលាយ សួនច្បារមាត់ទន្លេដ៏ស្រស់បំព្រង ខ្យល់អាកាសត្រជាក់ សណ្តាប់ធ្នាប់ល្អ បរិស្ថានអនាម័យល្អ សេវាកម្មល្អ គួរជាទីគយគន់កំសាន្ត ។
លោកបានបន្តថា ក្នុងនាមលោកអភិបាលក្រុង និងរដ្ឋបាលក្រុងស្វាយរៀងទាំងមូល នឹងបន្តខិតខំចូលរួមចំណែកក្នុងការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលឱ្យបានខ្លាំងក្លាថែមទៀត ព្រមទាំងអនុវត្តការរៀបចំសណ្តាប់ធ្នាប់នៅក្រុងស្វាយរៀងឱ្យមានរបៀបរៀបរយល្អ និងរួមគ្នាថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍន៍ដែលកើតចេញពីការដឹកនាំដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានប្រែក្លាយប្រទេសកម្ពុជាពីចំណុចសូន្យឲ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។
សូមបញ្ជាក់ថា ទោះបីជំងឺកូវីដ-១៩បានរីករាលដាលជាសកល តែខេត្តស្វាយរៀងនៅតែបន្តការងារអភិវឌ្ឍគួរឲ្យកត់សម្គាល់ ដោយថ្មីៗនេះរោងចក្រជាច្រើនបានបើកដំណើរការ ជាពិសេសរោងចក្រផលិតសំបកកង់រថយន្តខ្នាតអន្តរជាតិ ត្រូវបានដំណើរការផលិត នៅតំបន់សេដ្ឋកិច្ចពិសេស ឈី លូ ក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀងផងដែរ ៕ ដោយ ៖ នុត នាង