គ.ជ.ប បានបញ្ចប់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ចប់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញនូវលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ស្របតាមបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ផែនការមេ និងប្រតិទិនការងាររបស់ គ.ជ.ប។ នេះបើតាមប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

គ.ជ.ប បានបន្តថា ក្រុមត្រួតពិនិត្យលទ្ធផលឡើងវិញ ត្រូវបានបែងចែកជា៥ក្រុម ដោយក្រុមនីមួយៗ ទទួលបន្ទុកត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលតាមឃុំ សង្កាត់ នៃខេត្តចំនួន៥លើកលែងតែក្រុមទី៣ ទទួលបន្ទុកត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលតាមឃុំ សង្កាត់ នៃខេត្តចំនួន៤ និងសង្កាត់ទាំងអស់ នៃរាជធានីភ្នំពេញ។ ប្រភពដដែលបញ្ជាក់ថា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបានចំណាយពេល២ថ្ងៃ គឺនៅថ្ងៃទី១៣ និងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ហើយក្រុមនីមួយៗបានអនុវត្តការងារត្រួតពិនិត្យ និងផ្ទៀងផ្ទាត់របស់ខ្លួននៅចំពោះមុខតំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន នៅទីស្ដីការ គ.ជ.ប។

ជាលទ្ធផល ក្រុមត្រួតពិនិត្យលទ្ធផលឡើងវិញ មិនបានរកឃើញកំហុសណាមួយពាក់ព័ន្ធការគណនាតួលេខលទ្ធផលសំឡេងឆ្នោតគាំទ្រគណបក្សនយោបាយនីមួយៗ ដែលគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) បានបញ្ជាក់ក្នុងក្រដាសលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតក្នុងឃុំ សង្កាត់ (ទ.១១០៥ធខ) តារាងលទ្ធផលនៃការបោះឆ្នោតតាមឃុំ សង្កាត់ ក្នុងរាជធានី ខេត្ត (ទ.១១១០) និងលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត (ទ.១១១១) ឡើយ។ ភាគីដែលចូលរួមជាសាក្សីទាំងអស់បានឯកភាព និងពុំមានការតវ៉ា ឬជំទាស់អ្វីនោះទេ។

ការផ្សព្វផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត កាលពីថ្ងៃទី៥ និងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ គ.ជ.ប បានធ្វើឡើងដោយផ្អែកលើកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) ដែលគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត បានបញ្ជូនមក ហើយទម្រង់នេះ ត្រូវបានបង្ហោះនៅលើគេហទំព័រ គ.ជ.ប electresult.nec.gov.kh។

លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ និងទទួលបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់យ៉ាងច្រើនលើសលប់នៅតាមបណ្តារាជធានី ខេត្ត ទាំង២៥ ។ សំឡេងដែលគណបក្សប្រជាជនកម្ពុជា ទទួលបានគឺនាំមុខគណបក្សនយោបាយចំនួន១៦ផ្សេងទៀត ដែលបានចួលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

អ្នកនាំពាក្យគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត ឯកឧត្តម សោម សូរីដា បានមានប្រសាសន៍ប្រាប់ AMS ថា គណបក្សនយោបាយចំនួន៤ ដែលនាំមុខគេក្នុងការទទួលការគាំទ្រពីប្រជាពលរដ្ឋក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺ១. គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង ៥,៣៣៧,៧៥៤សំឡេង គិតជាភាគរយស្មើ ៧៤.៣២%។ ២. គណបក្សភ្លើងទៀន ទទួលបានសំឡេង ១,៦១០,៤៣៤សំឡេង ស្មើ ២២.២៦% ។ ៣. គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេង ៩១,៧៩៣សំឡេង ស្មើ ១.២៧% និង៤.គណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេង ៦៣,៩៤៧សំឡេង ស្មើ ០.៨៨%។

ឯកឧត្តម សោម សូរីដា បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានអញ្ជើញទៅបោះឆ្នោតមានចំនួន ៧,៣៨២,៤៤៩នាក់ ស្មើនឹង ៨០.១៩% នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប៩.២០៥.៦៨១នាក់។ ចំណែកឯសន្លឹកឆ្នោតបានការ គឺមានចំនួន ៧,២៣៦,២៤៤សន្លឹក ហើយសន្លឹកឆ្នោតមិនបានការ គឺមានចំនួន ១៤៦,២០៥សន្លឹក ស្មើនឹង ១.៩ភាគរយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ។

បើតាមការគណនាសំឡេងគាំទ្ររបស់គណបក្សនយោបាយទទួលបាន គឺបានទទួលអាសនៈដូចតទៅ៖ ១.គណបក្សប្រជាជនកម្ពុជា ៩៣៧៥អាសនៈ ។ ២. គណបក្សភ្លើងទៀន ២១៩៩អាសនៈ ។ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ១៩អាសនៈ ។ ៤. គណបក្សខ្មែររួបរួមជាតិ ទទួលបាន ១៣អាសនៈ។ ៥. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន ៦អាសនៈ។ ៦. គណបក្សខ្មែរស្រឡាញ់ជាតិ ទទួលបាន ៥អាសនៈ។ ៧. គណបក្សយុវជនកម្ពុជា ទទួលបាន៣អាសនៈ។ ៨. គណបក្សកម្ពុជានិយម ទទួលបាន ១អាសនៈ និងទី៩. គណបក្សសំបុកឃ្មុំសង្គមបប្រជាធិបតេយ្យ ទទួលបាន១អាសនៈ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានគណបក្សនយោបាយចំនួន១៧ចូលរួមប្រកូតប្រជែង៕
ដោយ៖ពលជ័យ
រូបភាព៖គជប

ads banner