គ.ជ.ប ស្នើសមត្ថកិច្ចចាត់វិធានការតាមច្បាប់ជាបន្ទាន់ចំពោះទំព័រហ្វេសប៊ុកឈ្មោះ “ វីរភាព សម រង្ស៊ី “
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នៅថ្ងៃនេះ បានស្នើសុំអាជ្ញាធរមានសមត្ថកិច្ចធ្វើការ ស៊ើបអង្កេត និងចាត់វិធានការតាមច្បាប់ជាបន្ទាន់ចំពោះទំព័រហ្វេសបុក (Facebook) ឈ្មោះ “ វីរភាព សម រង្ស៊ី ” ដែលបានបង្អួចកេរ្តិ៍ឈ្មោះ គ.ជ.ប ថា ជា “ ចោរ គ.ជ.ប…” ដើម្បីធានាឯករាជ្យភាព អព្យាក្រឹត សច្ចៈ យុត្តិធម៌ និងតម្លាភាព របស់សា្ថប័នជាតិ គ.ជ.ប។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី១៥ ខែមិថុនា បានបញ្ជាក់ថា គ.ជ.បបានឃើញ ទំព័រហ្វេសបុក (Facebook) ឈ្មោះ “ វីរភាព សម រង្ស៊ី ” ចាក់ផ្សាយបទចម្រៀងមួយ ដែលមានចំណងជើងថា “ផ្កាយរះកណ្តាលថ្ងៃ” ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ដោយច្រៀងបង្អួចកេរ្តិ៍ឈ្មោះ គ.ជ.ប ថាជា “ ចោរ គ.ជ.ប…” និងបង្កប់ដោយន័យអសុរោះ អសីលធម៌ ប្រមាថ តិះដៀល បន្ទាបបន្ថោកដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើស្ថាប័ន គ.ជ.ប និងដែលអាចធ្វើឱ្យមានការភាន់ ច្រឡំ និងបាត់ទំនុកចិត្តលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
គ.ជ.ប ពិតសម្តែងការសោកស្តាយមិនអាចទទួលយកបាន និងសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើរបស់ជនអគតិមួយចំនួន ដែលមានចេតនាទុច្ចរិត ក្នុងគោលដៅ បម្រើផលប្រយោជន៍ និងមហិច្ឆតារបស់ខ្លួន។ គ.ជ.ប ស្នើសុំបុគ្គលដែលពាក់ព័ន្ធសូមបញ្ឈប់សកម្មភាពចែកចាយនេះជាបន្ទាន់ ។
គ.ជ.ប បញ្ជាក់ថា អនុលោមតាមមាត្រា ៤២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគ.ជ.ប និងមាត្រា ១៧១ នៃ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គ.ជ.ប ស្នើសុំអាជ្ញាធរមានសមត្ថកិច្ច មេត្តាស៊ើប អង្កេត និងចាត់វិធានការតាមច្បាប់ជាបន្ទាន់ ដើម្បីធានាឯករាជ្យភាព អព្យាក្រឹត សច្ចៈ យុត្តិធម៌ និងតម្លាភាព របស់សា្ថប័នជាតិ គ.ជ.ប។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ គឺបានប្រព្រឹត្តទៅដោយរលូនមានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងមានការចូលរួមសង្កេតការណ៍ពីសំណាក់អង្គការជាតិ និងអន្តរជាតិ។ ក្រុមអ្នកសង្កេតជាតិ និងអន្តជាតិ បានវាយតម្លៃថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕
ដោយ៖ពលជ័យ

