ប្រធានាធិបតីតួកគី និងប្រមុខណាតូពិភាក្សាគ្នាលើសំណើសមាជិកភាពអង្គការណាតូរបស់ស៊ុយអែត និងហ្វាំងឡង់

អង់ការ៉ា ៖ ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ និងអគ្គលេខាធិការអង្គការណាតូលោក ជេន ស្តូលធិនប៊ឺក នៅថ្ងៃពុធសប្តាហ៍នេះ បានធ្វើការសន្ទនាតាមទូរស័ព្ទ ពាក់ព័ន្ធនឹងការដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូរបស់ប្រទេសស៊ុយអែត និងហ្វាំងឡង់។

ការិយាល័យប្រធានាធិបតីតួកគីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក អឺដូហ្គាន់ បានរំលឹកឡើងវិញនូវគោលជំហររបស់ខ្លួនថា វិធានការនានាគួរតែត្រូវបានអនុវត្តដើម្បីដោះស្រាយ “ទុក្ខកង្វល់ស្របច្បាប់” របស់ប្រទេសតួកគីអំពីសំណើសុំចូលជាសមាជិកណាតូរបស់ស៊ុយអែត និងហ្វាំងឡង់។

លោក អឺដូហ្គាន់ បានប្រាប់លោក ស្តូលធិនប៊ឺក ថា តួកគីចង់បានការធានាជាលាយលក្ខណ៍អក្សរពីប្រទេស Nordic ទាំងពីរ ដើម្បីធ្វើឲ្យមានភាពជឿនលឿនក្នុងសមាជិកភាពណាតូរបស់ពួកគេ។ ស៊ុយអែត និងហ្វាំងឡង់បានដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូកាលពីពាក់កណ្តាលខែឧសភាកន្លងទៅ ។

ទោះបីជាប្រទេសមួយចំនួនរបស់អង្គការណាតូបានយល់ព្រមរួចហើយ នូវការដាក់ពាក្យសុំរបស់ប្រទេសទាំងពីរ ដើម្បីចូលរួមសម្ព័ន្ធភាពយោធានេះក៏ដោយ ក៏ដំណើរការនេះបានបង្ហាញឱ្យឃើញពីភាពមិនច្បាស់លាស់ ដូចដែលតួកគីបានធ្វើការជំទាស់ភ្លាមៗ ដោយលើកឡើងពីទំនាក់ទំនងស៊ុយអែត និងហ្វាំងឡង់ជាមួយគណបក្សពលករឃើដ (PKK) និងប្រទេសដទៃទៀត ដែលតួកគីចាត់ទុកថា ជាក្រុមភេរវករ ។ បន្ថែមលើនេះ ទីក្រុងអង់ការ៉ាក៏បានសម្តែងការមិនពេញចិត្តចំពោះការដាក់ទណ្ឌកម្មអាវុធរបស់ស៊ុយអែតលើតួកគីផងដែរ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner