សហរដ្ឋអាមេរិក ប្រកាសផ្តល់ជំនួយសន្តិសុខបន្ថែម ១ពាន់លានដុល្លារ ដល់អ៊ុយក្រែន

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃពុធសប្តាហ៍នេះ បានបញ្ជាក់ថា ប្រទេសរបស់លោកនឹងផ្តល់កញ្ចប់ជំនួយសន្តិសុខបន្ថែមដល់អ៊ុយក្រែន ដែលមានតម្លៃ ១ពាន់លានដុល្លារ ព្រមទាំងជំនួយមនុស្សធម៌ដែលមានតម្លៃ ២២៥លានដុល្លារ។

លោក បៃដិន បានជូនដំណឹងដល់សមភាគីអ៊ុយក្រែនរបស់ខ្លួន គឺលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អំពីការសម្រេចចិត្តខាងលើនេះ ក្នុងកំលុងការសន្ទនាតាមទូរស័ព្ទនៅថ្ងៃពុធសប្តាហ៍នេះ។

បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន លោក បៃដិន បាននិយាយថា ជំនួយសន្តិសុខនេះ នឹងរួមបញ្ចូលទាំងការបន្ថែមកាំភ្លើងធំ និងអាវុធការពារឆ្នេរសមុទ្រ ព្រមទាំងគ្រាប់រំសេវសម្រាប់កាំភ្លើងធំ និងប្រព័ន្ធរ៉ុក្កែតទំនើបដែលអ៊ុយក្រែនត្រូវការ ដើម្បីគាំទ្រប្រតិបត្តិការការពារជាតិរបស់ពួកគេ នៅក្នុងតំបន់ដុនបាស់ ភាគខាងកើតអ៊ុយក្រែន។

លោក បៃដិន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ជំនួយមនុស្សធម៌នឹង ជួយប្រជាជននៅអ៊ុយក្រែន ក្នុងនោះមានទាំងការផ្គត់ផ្គង់ទឹកស្អាត ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ និងការថែទាំសុខភាពសំខាន់ៗរួមមាន៖ អាហារ ទីជម្រក និងសាច់ប្រាក់សម្រាប់គ្រួសាររងគ្រោះ ដើម្បីទិញរបស់របរសំខាន់ៗ។

ទន្ទឹមគ្នា រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ល្លយដ៍ អូស្ទីន ក៏បានកោះប្រជុំប្រទេសជាង ៤៥ នៅទីក្រុងព្រុចសែល នៅថ្ងៃពុធសប្តាហ៍នេះផងដែរ ដើម្បីពិភាក្សាអំពីការគាំទ្រដល់អ៊ុយក្រែន។ ជាមួយគ្នានេះ លោក បៃដិន បានបញ្ជាក់ដូច្នេះថា យើងបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់លោករដ្ឋមន្រ្តីការពារជាតិ អូស្ទីន នៅទីក្រុងព្រុចសែល នៅថ្ងៃនេះ ដើម្បីសម្របសម្រួលការគាំទ្រអន្តរជាតិបន្ថែមសម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner