លោក ស៊ី និងលោក ពូទីន ព្រមព្រៀងគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យយោធា និងសេដ្ឋកិច្ច

ប៉េកាំង៖ ការិយាល័យប្រធានាធិបតីរុស្ស៊ីបានលើកឡើងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីចិនលោក ស៊ី ជិនពីង ក្នុងកំលុងកិច្ចសន្ទនាតាមទូរស័ព្ទនៅថ្ងៃពុធសប្តាហ៍នេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកលោក ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការលើវិស័យយោធា និងសេដ្ឋកិច្ច។

បើតាមប្រភពដដែលនេះ លោក ពូទីន និងលោក ស៊ី បានយល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ហិរញ្ញវត្ថុ និងវិស័យផ្សេងៗទៀត ដោយសារស្ថានភាពសេដ្ឋកិច្ចពិភពលោកកាន់តែមានភាពស្មុគ្រស្មាញ ពីព្រោះតែគោលនយោបាយដាក់ទណ្ឌកម្មខុសច្បាប់ ដែលធ្វើឡើងដោយប្រទេសលោកខាងលិច។ បន្ថែមលើនេះ មេដឹកនាំទាំងពីរក៏បានពិភាក្សាផងដែរ អំពីការអភិវឌ្ឍន៍បន្ថែមទៀតនៃទំនាក់ទំនងលើវិស័យយោធា និងការពារជាតិ។

នាឱកាសនោះដែរ លោក ពូទីន បានពន្យល់ពីការវាយតម្លៃជាគោលការណ៍របស់ខ្លួន អំពីស្ថានភាពនៅអ៊ុយក្រែន ខណៈដែលលោក ស៊ី បានកត់សម្គាល់ពីភាពស្របច្បាប់នៃសកម្មភាពរបស់ទីក្រុងម៉ូស្គូ ដើម្បីការពារផលប្រយោជន៍ជាតិជាមូលដ្ឋាន។

ក្រសួងការបរទេសចិនបានដកស្រង់សម្តីលោក ស៊ី ដែលបាននិយាយថា ប្រទេសចិនតែងតែធ្វើការវិនិច្ឆ័យលើបញ្ហាអ៊ុយក្រែនដោយឯករាជ្យផ្អែកលើប្រវត្តិប្រវត្តិសាស្ត្រ ហើយបានលើកកម្ពស់សន្តិភាពពិភពលោក និងស្ថិរភាពនៃសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក។ លោកថា ភាគីទាំងអស់គួរតែជំរុញឱ្យមានដំណោះស្រាយសមស្របមួយ ចំពោះវិបត្តិអ៊ុយក្រែនក្នុងលក្ខណៈទទួលខុសត្រូវ ហើយថា ចិនមានឆន្ទៈបន្តដើរតួនាទីត្រឹមត្រូវក្នុងរឿងនេះ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner