និស្សិត ១០រូបរស់នៅសហគមន៍ នៃតំបន់ជួរភ្នំក្រវាញខាងត្បូងដែលជ្រើសរើសមករៀន នៅភ្នំពេញបង្ហាញក្តីសង្ឃឹម ដើម្បីអភិវឌ្ឍន៍សហគមន៍វិញ

ភ្នំពេញ ៖ និស្សិតដែលជាអ្នករស់នៅសហគមន៍នៃតំបន់ជួរភ្នំក្រវាញខាងត្បូងចំនួន ១០រូប ដែលត្រូវបានជ្រើសរើសឱ្យមកបន្តការសិក្សានៅរាជធានីភ្នំពេញបានបង្ហាញការប្តេជ្ញាចិត្ត និងសង្ឃឹមថាក្រោយរៀនបញ្ចប់នឹងអាចនាំយកចំណេះជំនាញទាំងនេះទៅអភិវឌ្ឍន៍សហគមន៍របស់ខ្លួនវិញ ។

គួរបញ្ជាក់ថា អង្គការសម្ព័នមិត្តសត្វព្រៃ រួមជាមួយក្រសួងបរិស្ថាន បានផ្ដល់អាហាររូបករណ៍ដល់សិស្សចំនួន ១០រូប មកពីភូមិចំនួន៥ ក្នុងតំបន់ជួរភ្នំក្រវាញខាងត្បូង ។ សម្រាប់ អាហាររូបករណ៍រយៈពេល ៤ឆ្នាំ ត្រូវបានផ្ដល់ឱ្យសិស្សសិក្សាលើជំនាញផ្សេងៗ ដើម្បីយកទៅអនុវត្ត និងជួយសហគមន៍របស់ពួកគេនៅថ្ងៃខាងមុខ ។

បច្ចុប្បន្ននិស្សិតទាំងអស់បានកំពុងរៀនសូត្រយ៉ាងយកចិត្តទុកដាក់នូវមុខជំនាញរបស់ខ្លួន និងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់អង្គការសម្ព័នមិត្តសត្វព្រៃ រួមជាមួយក្រសួងបរិស្ថាន។

លោក ទូច សុផានី ប្រធានគម្រោងអភិវឌ្ឃន៍សហគមន៍អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា គម្រោងអប់រំសហគមន៍រេដបូកនៃសហគមន៍តំបន់ជួរភ្នំក្រវាញខាងត្បូងបានផ្តល់ឱកាសដល់កូនចៅនៅសហគមន៍ក្រីក្រអាចមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ៤ឆ្នាំនៅរាជធានីភ្នំពេញ ។ គម្រោងនេះទៀតសោតបានផ្តល់ហេរញ្ញវត្ថុទាំងស្រុងដល់និស្សិត ។ ក្រោយពីបញ្ចប់ការសិក្សា ក្រុមនិស្សិតទាំងនោះ នឹងនាំយកចំណេះដឹងត្រឡប់ ជួយតាមសហគមន៍ និងអភិវឌ្ឃន៍ក្នុងតំបន់របស់ពួកគេរស់នៅវិញ ។

លោកស្រី Marie Anne Abrea ជនជាតិហ្វីលីពីនប្រធានគ្រប់គ្រងពាណិជ្ជកម្មនិងព្រឹត្តិការណ៍របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានលើកឡើងថា៖ វាពិតជាផ្តល់ឱកាសយ៉ាងល្អសម្រាប់និស្សិតក្រីក្រសហគមន៍បានមកសិក្សាក្នុងមុខជំនាញ ហើយអាចយកទៅអនុវត្តនៅតំបន់សហគមន៍របស់ពួកគេ។ពេលនេះនិស្សិតទាំងនេះបានយកចិត្តទុកដាក់រៀនសូត្រ ហើយកំពុងទទួលបានការផ្គត់ផ្គង់ដើម្បីឱ្យពួកគាត់មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការរៀនសូត្រដូចនិស្សិតដទៃទៀត។

ជាមួយគ្នាយុវនិស្សិត ទិតសួរ មកពី ឃុំ ចំណារ ឃុំប្រឡាយ ស្រុកថ្មបាំងខេត្តកោះកុងបានបញ្ជាក់ថាខ្លួនពិតជាមានមោទកភាពដែលបានមកសិក្សានៅរាជធានីភ្នំពេញ ហើយប្តេជ្ញានឹងយកចំណេះវិជ្ជាដែលបានរៀនសូត្រនេះសម្រាប់អភិវឌ្ឍន៍សហគមន៍វិញ។

ដោយឡែកយុវជន ប្រាក់ធីន រស់នៅភូមិជីផាត ឃុំជីផាតស្រុកថ្មបាំង ខេត្តកោះកុងបានឱ្យដឹងដូចគ្នាថា ក្នុងការសិក្សារៀនសូត្រខ្លួនទទួលបានការបណ្តុះបណ្តាលដូចគ្នាជាមួយនិស្សិតដទៃទៀត។

យុវជនរូបនេះប្តេជ្ញាថាពេលបញ្ចប់ការសិក្សាទៅនឹងយកចំណេះដឹងនេះសម្រាប់បណ្តុះបណ្តាលដល់យុវជនជំនាន់ក្រោយទៀតក្នុងការរួមចំណែក អភិវឌ្ឍន៍វិស្ស័យទេសចរណ៍ ការអភិរក្សព្រៃឈើ និងសត្វព្រៃនៅតាមសហគមន៍។

យុវនារី ពេជ្រសាវរី និងយុវនារី ទូចអ៊ីត ជានិស្សិតមកពីភូមិជីផាត ឃុំ ជីផាត ស្រុក ថ្មបាំង ខេត្តកោះកុងបានបង្ហាញក្តីសង្ឃឹមដូចគ្នានៅពេលបញ្ចប់ការសិក្សាទៅនឹងបានជួយអភិវឌ្ឍន៍សហគមន៍ពិសេសការអប់រំបណ្តុះបណ្តាលឱ្យពលរដ្ឋចូលរួមស្រឡា្ញញ់បរិស្ថាន និងពិសេសរួមចំណែកការពារព្រៃឈើ សត្វព្រៃ ហើយបញ្ចប់ការកាប់ព្រៃឈើបរបាញ់សត្វដោយផ្លាស់ប្តូរមកប្រកបរបរថ្មីលើវិស័យអេកូទេសចរណ៍ដែលជាមុខរបរមិនចេះរីងស្ងួត ។

គួរបញ្ជាក់ថា គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញ បង្កើតឡើងនៅឆ្នាំ២០១៨ ហើយគម្រោងនេះដឹកនាំដោយក្រសួងបរិស្ថាន និងគាំទ្រដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។ សម្រាប់គោលបំណងនៃ គម្រោងនេះ ដើម្បីលើកកម្ពស់ការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ ជួយអភិរក្សព្រៃឈើ និងបង្កើតជីវភាពរស់នៅសហគមន៍មូលដ្ឋាន៕ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner