ភ្នំពេញមានសួនច្បារសាធារណៈជាង ១២០ទីតាំង លើផ្ទៃដីជាង ១លានម៉ែត្រការ៉េ អាជ្ញាធរគ្រោង ជួសជុលសួនច្បារ ៤ទីតាំង ដើម្បីឱ្យមានពណ៌បៃតងគ្រប់រដូវកាល
ភ្នំពេញ៖ នៅរាជធានីភ្នំពេញ មានសួនច្បារសាធារណៈសរុប ចំនួនជាង ១២០ទីតាំង លើផ្ទៃដីជាង ១លានម៉ែត្រការ៉េ ហើយជាគម្រោង រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនិងជួសជុលការ៉ូឡាបាក់បែក ដាំជួសដើមឈើ ស្មៅ និងផ្កាដែលងាប់នៅសួនច្បារចំនួន ០៤ ទីតាំង ដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញ និងម្យ៉ាងទៀតដើម្បីទុកជាកន្លែងឱ្យបងប្អូនប្រជាពលរដ្ឋបានហាត់ប្រាណដើម្បីសុខភាពផងដែរ។
លោក ស៊ូ សាវ៉ន ប្រធាន អង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងនៅព្រឹកថ្ងៃទី១៦ មិថុនានេះថា៖ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេងជាអភិបាល បានយកចិត្តទុកដាក់ខ្លាំងណាស់ លើការកែលម្អសួនច្បារនានា នៅក្នុងរាជធានីភ្នំពេញ ដោយសារសួនច្បារមិនត្រឹមតែជាកន្លែងទាក់ទាញនូវភ្ញៀវជាតិអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងមួយ សម្រាប់ប្រជាពលរដ្ឋ ហាត់ប្រាណ ហើយការហាត់ប្រាណនេះហើយ ជាឱសថដ៏សក្កិសិទ្ធ ក្នុងការព្យាបាលជម្ងឺគ្រប់ប្រភេទ។
លោក ស៊ូ សាវ៉ន បានបញ្ជាក់អោយដឹងទៀតថា សួនច្បារសាធារណៈក្នុងរាជធានីភ្នំពេញ មានសរុប ចំនួន ១២១ ទីតាំង ស្មើនឹង ១ ០០៤ ២៣៣ ម៉ែត្រការ៉េ ហើយសំរាប់ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានគម្រោងជួសជុលការ៉ូឡាបាក់បែក ដាំជួសដើមឈើ ស្មៅ និងផ្កាដែលងាប់នៅសួនច្បារចំនួន ០៤ ទីតាំង ក្នុងនោះរួមមាន សួនច្បារ វិមានឯករាជ្យ, សួនច្បារ មុខវត្តបទុមវតី, សួនច្បារ ឆ្នេរទន្លេ និងសួនវិមានឈ្នះឈ្នះ ។
លោកបានបន្តថា អង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ នៅតែបន្តថែទាំ សួរច្បារនានានៅក្នុងរាជធានីភ្នំពេញ ដើម្បីរក្សាបាននូវពណ៌បៃតងទាំងខែប្រាំងនិងខែវស្សា ។ បន្ថែមពីលើនេះទៀត ការថែទាំដើមឈើ ការកាប់លះដើមឈើ ការដកដើមឈើដែលងាប់ចេញ ដាំថ្មី ជំនួសនៅតែបន្តធ្វើសកម្មភាពរហូត ៕ ដោយ ថេត វិចិត្រ













