អ្នកនាំពាក្យ៖ សេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មានបានបញ្ចប់កិច្ចពិភាក្សាក្នុងកម្រិតក្រុមការងារបច្ចេកទេសរវាងក្រសួងព័ត៌មាន-យុត្តិធម៌ រួចរាល់ហើយ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តម មាស សុភ័ណ្ឌ បានថ្លែងប្រាប់ AMS នៅព្រឹកថ្ងៃទី១៦ ខែមិថុនានេះថា បច្ចុប្បន្ននេះ សេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មានបានបញ្ចប់កិច្ចពិភាក្សាក្នុងកម្រិតក្រុមការងារបច្ចេកទេស រវាងក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌ រួចរាល់ហើយ។ ក្រសួងព័ត៌មានក៏កំពុងរៀបចំឯកសារពាក់ព័ន្ធនឹងសេចក្ដីព្រាងច្បាប់នេះទៅតាមនីតិវិធី ដើម្បីស្នើសុំការសម្រេចក្នុងកិច្ចប្រជុំចុងក្រោយរវាងថ្នាក់ដឹកនាំ នៃក្រសួងទាំងពីរ និងអនុសាសន៍ណែនាំបន្ថែម សម្រាប់ការដាក់ស្នើសុំការអនុម័តលើសេចក្ដីព្រាងច្បាប់នេះ ទៅទីស្តីការគណៈរដ្ឋមន្ត្រី និងស្ថាប័ននីតិបញ្ញត្តិតាមនីតិវិធី។

ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងព័ត៌មានបានធ្វើឡើងបន្ទាប់ពីមានក្រុមសង្គមស៊ីវិលមួយចំនួនតូចនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ បានដាក់ញ្ញត្តិជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សុំអន្តរាគមន៍ដើម្បីបញ្ចប់ដំណើរការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន មានការដាក់បញ្ចូលធាតុចូលពីអង្គការសង្គមស៊ីវិល និងដាក់ជូនទៅរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័ត។

ឯកឧត្តម មាស សុភ័ណ្ឌ បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាពុំមែនជាប្រទេសចុងក្រោយគេនោះទេ ក្នុងតំបន់អាស៊ានដែលមិនទាន់មានច្បាប់នេះ។ ក្នុងតំបន់អាស៊ានទើបមានប្រទេសចំនួន៤ប៉ុណ្ណោះដែលមានច្បាប់នេះ ហើយកម្ពុជានឹងអាចជាប្រទេសទី៥ ក្នុងតំបន់អាស៊ានដែលនឹងមានច្បាប់នេះ។ អ្នកនាំពាក្យក្រសួងព័ត៌មានបានអះអាងថា សេចក្ដីព្រាងច្បាប់សិទ្ធិទទួលព័ត៌មាននេះ មានការបើកយ៉ាងទូលំទូលាយក្នុងកាចូលរួមពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលនានា ហើយសេចក្ដីព្រាងច្បាប់នេះពុំមែនសម្រាប់តែអ្នកសារព័ត៌មាននោះទេ គឺច្បាប់នេះសម្រាប់មនុស្សគ្រប់រូបដែលធានានូវសិទ្ធិទទួលព័ត៌មានពីស្ថាប័នសាធារណៈ ដូច្នេះហើយទើបច្បាប់នេះ ប្រើពេលច្រើនបន្តិចដើម្បីប្រមូលធាតុចូល និងពិគ្រោះយោបល់។ ម្យ៉ាងវិញទៀត ដូចដឹងស្រាប់ហើយ ដោយសារផលប៉ះពាល់នៃដំណើរការសង្គមក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា និងការបំពេញភារកិច្ចសំខាន់ៗរបស់ជាតិ ជាលក្ខណៈអន្តរជាតិច្រើន ទើបសេចក្តីព្រាងច្បាប់នេះត្រូវបានពន្យារពេលខ្លះៗក្នុងដំណើរការស្នើសុំការអនុម័តទៅទីស្តីការគណៈរដ្ឋមន្ត្រី និងស្ថាប័ននីតិបញ្ញត្តិ ប៉ុន្តែនេះពុំមានន័យថា ក្រសួងព័ត៌មានបោះបង់ចោលសេចក្ដីព្រាងច្បាប់នេះនោះទេ។ ក្រសួងព័ត៌មាននឹងខិតខំបន្តដំណើរការសេចក្តីព្រាងច្បាប់នេះបន្ត ទៅតាមនីតិវិធី និងសូមលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ទុកលទ្ធភាពឱ្យក្រសួងព័ត៌មានធ្វើកិច្ចការនេះបន្តទៀត។

ប្រភពដដែលបានសង្កត់ធ្ងន់ថា ទោះបីសេចក្ដីព្រាងច្បាប់នេះ ពុំទាន់ត្រូវបានអនុម័តក៏ពិតមែន ប៉ុន្តែបច្ចុប្បន្ននេះ យើងមានច្បាប់របបសារព័ត៌មាន និងតាមរយៈយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតឱ្យមាននូវអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្រុមអ្នកនាំពាក្យក្រសួង-ស្ថាប័ន និងអ្នកនាំពាក្យ និងមន្ត្រីព័ត៌មានរាជធានី-ខេត្ត យើងសង្កេតឃើញថា ការទទួលបានព័ត៌មានរបស់អ្នកសារព័ត៌មានយើងមានភាពកាន់តែប្រសើរឡើង ហើយទំនាក់ទំនងរវាងអ្នកនាំពាក្យ និងអ្នកសារព័ត៌មានក៏ប្រសើរជាងមុនដែរ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងព័ត៌មានបានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធអាជ្ញាធរគ្រប់កម្រិត និងអ្នកសារព័ត៌មានទាំងអស់ បន្តពង្រឹងនូវកិច្ចសហការល្អជាមួយគ្នា និងគោរពនូវតួនាទីភារកិច្ចសិទ្ធិ និងការទទួលខុសត្រូវរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ដែលប្រគល់ឱ្យ៕
ដោយ៖ពលជ័យ

ads banner