ក្រសួងការងារជូនដំណឹងពីការបើកប្រាក់ឧបត្ថម្ភដល់ កម្មការិនីសម្រាលកូន ដែលធ្លាប់ព្យួរកិច្ចសន្យាការងារក្នុងអំឡុងខែមីនា ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២១

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងមួយស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មការិនីសម្រាលកូន ដែលធ្លាប់ព្យួរកិច្ចសន្យាការងារក្នុងអំឡុងខែមីនា ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២១ ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ដែលបានចូលរួមវគ្គបណ្តុះបណ្តាលជំនាញទន់ និងសុវត្ថិភាពនិងសុខភាពការងារ (ជុំទី២)។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ដោយបានបញ្ជាក់ជូនដំណឹងដល់បងប្អូនកម្មការិនីចំនួន ១២ ៧៨៥នាក់ នៃរោងចក្រ សហគ្រាសទាំង ១២៨ ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប។សម្រាប់កម្មការិនីសម្រាលកូន ដែលធ្លាប់ព្យួរកិច្ចសន្យាការងារក្នុងអំឡុងខែមីនា ឆ្នាំ២០២០ ដល់ ខែមិថុនា ឆ្នាំ២០២១ ជ្រាបថា ធនាគារ វីង នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់ វគ្គបណ្តុះបណ្តាល ជំនាញទន់ និងសុវត្ថិភាពនិងសុខភាពការងារទៅលេខទូរស័ព្ទដែលបងប្អូនបានផ្ដល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមក ។

ក្រសួងបានបន្តឱ្យដឹងថា ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្ដល់គិតជាប្រាក់ដុល្លារអាមេរិកចំនួន ៩០ដុល្លារអាម៉េរិកតែម្តងគត់ ក្រោយបញ្ចប់វគ្គ បណ្តុះបណ្តាលជំនាញទន់ និង សុវត្ថិភាព និងសុខភាពការងារដោយជោគជ័យ ។

ជាមួយគ្នាក្រសួងការងារបានរំឮកថា ធនាគារ វីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនក្រសួងវិញ ប្រសិនជាបងប្អូនខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ថ្ងៃ តាមទូរស័ព្ទពីធនាគារ វីង ដែលសារត្រូវបានបញ្ចូន ចេញទៅទូរស័ព្ទរបស់បងប្អូន ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នេះ។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយ៉ក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរស័ព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត។

សូមបញ្ជាក់ថា បងប្អូនមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយ ពេលបើកប្រាក់ឧបត្ថម្ភនេះ។ក្នុងករណីបងប្អូនកម្មការិនី ដែលបម្រើការងារនៅរោងចក្រ សហគ្រាសទាំង១២៨ នេះ មិនបានទទួលសារ ទូរស័ព្ទពីធនាគារ វីងនោះសូមបងប្អូនទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទ របស់ខ្លួន ទៅរដ្ឋបាលរោងចក្រ សហគ្រាសរបស់ខ្លួន ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner