៦ខែ ឆ្នាំ២០២២ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសឡាវ កើនឡើង ៤.៣%

វៀងចន្ទ ៖ រដ្ឋមន្ត្រីរដ្ឋាភិបាលមួយរូបរបស់ឡាវ បានប្រាប់ឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP)របស់ប្រទេសឡាវបានកើនឡើង ៤.៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងរយៈពេល៦ ខែ ឆ្នាំ២០២២នេះ។

ទិន្នផលសេដ្ឋកិច្ចនៅក្នុងឆមាសទីមួយឆ្នាំ២០២២នេះ ឈានដល់ទឹកប្រាក់ ៩៥.២ទ្រីលានគីប ឬប្រមាណជា ៦ពាន់លានដុល្លារ ស្មើនឹង ៤៩.៦ នៃគោលដៅប្រចាំឆ្នាំដែលបានកំណត់ទុកជាមុន។ កត្តាជំរុញសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេសឡាវរួមមាន៖ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងសេវាកម្ម។

ទន្ទឹមនឹងនេះ ការប្រមូលចំណូលក្នុងឆមាសទីមួយឆ្នាំនេះ សម្រេចបាន ១០.៦ពាន់ពាន់លានគីប កើនឡើង ២៣.៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយគ្នានេះ ការចំណាយរបស់រដ្ឋាភិបាលមានតម្លៃ ៨.៨ទ្រីលានគីប ដែលតំណាងឱ្យ ២៧.២ភាគរយនៃផែនការ។ ចំនួនប្រាក់សរុបដែលចរាចរនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចបានកើនឡើង ១៨.៣៩ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលប្រាក់គីបបានធ្លាក់ចុះ ៧.៧៨ភាគរយ បើធៀបនឹងប្រាក់ដុល្លារអាមេរិក និង ៨.៤៣ភាគរយ បើធៀបនឹងប្រាក់បាតថៃ។ ទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ប្រទេសបានកើនឡើង។

សមតុល្យឥណទាននៃវិស័យធនាគារពាណិជ្ជមានចំនួន ៥៤.៨៥ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសឡាវ ខណៈដែលសមាមាត្រប្រាក់កម្ចីមិនដំណើរការរបស់ធនាគារពាណិជ្ជមានចំនួន ២.២២ភាគរយ។ បើតាមរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគឡាវ រដ្ឋាភិបាលមានផែនការសម្រេចឱ្យបានកំណើន GDP យ៉ាងហោចណាស់ ៤.៤ភាគរយនៅក្នុងឆមាសទីពីរ ឆ្នាំ២០២២នេះ ស្របតាមគោលដៅ ១៩២,១៤៥ពាន់លានគីប ឬប្រហែល ១២ពាន់លានដុល្លារ ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner