សម្តេចក្រឡាហោម ស ខេង ថ្វាយសារព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៨៦ យាងចូល ៨៧ព្រះវស្សា

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ តាងនាមថ្នាក់ដឹកនាំ មន្ដ្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ដ្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ សូមក្រាបបង្គំទូលថ្វាយសារព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គម្រប់៨៦ យាងចូល ៨៧ព្រះវស្សា សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវអំណរសារទរ ប្រកបដោយសេចក្ដីសោមនស្សរំភើបរីករាយយ៉ាងក្រៃលែងថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ។

ក្នុងទិវាដ៏មហានក្ខត្តឫក្សប្រកបដោយសិរីមង្គលនេះ ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាត សម្ដែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុតថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ចំពោះព្រះរាជគុណូបការៈ និងព្រះមហាករុណាទិគុណ ក្នុងព្រះរាជសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លា និងព្រះរាជហឬទ័យដ៏សប្បុរស ដើម្បីបុព្វហេតុប្រជារាស្ត្រ និងមាតុភូមិកម្ពុជា ជាទីស្រលាញ់ដ៏ជ្រាលជ្រៅរបស់ព្រះអង្គ ព្រមទាំងព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម ក្នុងការគាំទ្រ និងទំនុកបំរុងដល់វិស័យពុទ្ធចក្រ និងអាណាចក្រដើម្បីបម្រើជាឧត្តមប្រយោជន៍ដល់វឌ្ឍនភាព ភាពសុខដុមរមនាវិបុលភាព និងសេចក្ដីសុខក្សេមក្សាន្តរបស់ប្រជារាស្ត្រខ្មែរ ។

ក្នុងឱកាសនៃព្រះរាជពិធីដ៏វិសេសវិសាលថ្លៃថ្លានេះ ទូលព្រះបង្គំសូមលើកហត្ថប្រណម្យបួសសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រមទាំងទេវតាឆ្នាំថ្មីព្រះនាម កិរិណីទេវី សូមជួយប្រោះព្រំសព្វសាធុការរបវរមហាប្រសើរថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ត្រខ្មែរ ជានិច្ចនិរន្តរ៍តរៀងទៅ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner