មេដឹកនាំបារាំង អាល្លឺម៉ង់ និងអ៊ីតាលីទៅដល់ទីក្រុងកៀវហើយ ក្នុងគោលបំណងបង្ហាញពីជំហរគាំទ្រអ៊ុយក្រែនប្រឆាំងនឹងរុស្ស៉ី

កៀវ ៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល និងនាយករដ្ឋមន្រ្តីអ៊ីតាលី ម៉ារីអូ ដ្រាហ្គី បានធ្វើដំណើររួមគ្នាទៅដល់ទីក្រុងកៀវហើយ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។

មេដឹកនាំអឺរ៉ុបទាំង៣រូប បានធ្វើដំណើរទៅដល់រដ្ឋធានីកៀវរបស់អ៊ុយក្រែន តាមរយៈការជិះរថភ្លើងរួមគ្នា ខណៈដែលទស្សនកិច្ចរួមគ្នានេះ គឺជាការបង្ហាញពីការបន្តគាំទ្រឥតឈប់ឈរសម្រាប់អ៊ុយក្រែន ដែលកំពុងតស៊ូប្រយុទ្ធជាមួយការវាយប្រហាររបស់រុស្ស៉ី។ កំលុងទស្សនកិច្ចរបស់ក្រុមមេដឹកនាំអឺរ៉ុបនេះ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ត្រូវគេរំពឹងថា នឹងបន្តទទូចឱ្យពួកគេបញ្ជូនអាវុធបន្ថែមទៀតឱ្យបានឆាប់រហ័ស ដើម្បីជួយកងទ័ពរបស់លោកប្រយុទ្ធតទល់នឹងរុស្ស៉ី។ នៅពេលទៅដល់រដ្ឋធានីកៀវ លោក ម៉ាក្រុង បានថ្លែងប្រាប់អ្នកយកព័ត៌មានថា វាគឺជាពេលវេលាដ៏សំខាន់មួយ ហើយជាសារបង្ហាញពីការរួមសាមគ្គីភាព ដែលយើងកំពុងតែផ្ញើឱ្យ ប្រជាជនអ៊ុយក្រែនទាំងអស់។

នៅពេលចោទសួរថាតើហេតុអ្វីបានជាដំណើរទស្សនកិច្ចធ្វើឡើងនាពេលនេះ មន្រ្តីវិមានប្រធានាធិបតីបារាំងម្នាក់បានឆ្លើយតបថា ក្រោយឆ្លងកាត់ការពិចារណា គឺវាជាជម្រើសប្រសើរបំផុតក្នុងការបំពេញទស្សនកិច្ចនេះ នៅមុនកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបនៅសប្តាហ៍ក្រោយ ដែលនឹងត្រូវពិភាក្សាអំពីការផ្តល់ឋានៈជាបេក្ខភាពសមាជិករបស់អឺរ៉ុបដល់អ៊ុយក្រែន៕ ប្រភព៖ Reuters ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner