ក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាស្តីពីការ“ផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីដំឡូងមី២០២០-២០២៥ ថ្នាក់តំបន់លើកទី៣ នៅខេត្តបាត់ដំបង និងថ្នាក់តំបន់លើកទី៤ នៅខេត្តសៀមរាប”

បាត់ដំបង+ខេត្តសៀមរាប ៖ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារអចិន្ត្រៃយ៍នៃក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន វាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី២០២០-២០២៥ ចូលរួមជាគណៈអធិបតី ក្នុង ពិធីបើកសិក្ខាសាលាស្តីពី “ផ្សព្វផ្សាយគោលជាតិស្តីពីដំឡូងមី២០២០-២០២៥” ថ្នាក់តំបន់លើកទី៣ នៅខេត្តបាត់ដំបង និងថ្នាក់តំបន់លើកទី៤ នៅខេត្តសៀមរាប ក្រោមកិច្ចសហការរវាងអគ្គជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម និងមន្ទីរ ពាណិជ្ជកម្ម ថ្នាក់ខេត្ត ។

អគ្គនាយកដ្ឋាន ជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយ មន្ទីរ ពាណិជ្ជកម្ម ខេត្ត រៀបចំសិក្ខាសាលាស្តីពី “ផ្សព្វផ្សាយគោលជាតិស្តីពីដំឡូងមី២០២០-២០២៥” ដែលបានប្រព្រឹត្ត ទៅនៅ មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង (ថ្នាក់តំបន់លើកទី៣) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ និងនៅមន្ទីរពាណិជ្ជកម្មខេត្ត សៀមរាប នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ (ថ្នាក់តំបន់លើកទី៤) ដែលមានតំណាងមកពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី មន្ទីរក្រោមឱវាទរបស់រដ្ឋបាល ខេត្ត ជាពិសេសរោងចក្រកែច្នៃ សមាគមដំឡូងមី ពាណិជ្ជករវិស័យដំឡូងមី អាជីវករ កសិករ ក្នុងខេត្តបាត់ដំបងសរុបចំនួន ៩២នាក់ និងសៀមរាបសរុបចំនួន៧១នាក់។

ថ្លែងក្នុងសិក្ខាសាលាថ្នាក់តំបន់ទាំងពីរនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ក្រសួងពាណិជ្ជកម្មក្នុងនាមជា លេខាធិការដ្ឋាន ក្នុងការបង្កើតក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន និងវាយតម្លៃ ការអនុវត្តគោលនយោបាយ ជាតិ ស្តីពីដំឡូងមី ២០២០-២០២៥ បានចរចារបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ដែលមានប្រទេសអាស៊ាន១០ និងដៃគូមាន៖ ចិន ជប៉ុន កូរ៉េ អូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ដែលធ្វើឱ្យទីផ្សាររបស់កម្ពុជាកាន់តែធំទូលាយ និងអនុគ្រោះដល់ទំនិញជាច្រើន អាច នាំចេញ បានជាពិសេសទំនិញកសិកម្មដោយមិនជាប់ពន្ធ ឬពន្ធទាប និងមិនជាប់កូតា។

ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា កាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះកិច្ចព្រមព្រៀងជាមួយ រដ្ឋបាលស្វ័យ័ត ខេត្តក្វាងស៊ី ដើម្បីជំរុញការនាំចេញដំឡូងមីក្រៀមឱ្យបាន ៤០០ ០០០តោនក្នុងមួយឆ្នាំ និងផ្តល់នូវកិច្ចសម្រួលពាណិជ្ជកម្ម ពន្លឿននីតិវិធីនៃការនាំចេញ មិនធ្វើ CO បើប្រទេសនាំចូលមិនត្រូវការ វិមជ្ឈការឱ្យមន្ទីរពាណិជ្ជកម្មនៅតាមបណ្តាខេត្ត ជាប់ ព្រំដែនអាចចេញ CO ទម្រង់ D នាំចេញទំនិញកសិផលបាន។

នៅឆ្នាំ២០២១ កន្លងទៅកម្ពុជានាំចេញដំឡូងមី ស្រស់ ក្រៀម ម្សៅដំឡូងមី និងកាកសំណល់ដំឡូងមីបានជិត ៣លាន តោន ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេស ថៃ និងវៀតណាម។ តម្លៃដំឡូងមីឆ្នាំ២០២២ គឺ ដំឡូងមីស្រស់ ចន្លោះពី ២០០-២៨០រៀល/គីឡូ និងដំឡូងមីក្រៀមតម្លៃចន្លោះពី ៧០០-៧៨០រៀល/គីឡូ។ តម្លៃនេះមានលក្ខណៈល្អប្រសើរធៀប នឹងឆ្នាំ កន្លង ទៅ ។

សូមជម្រាបផងដែរថា ដំណាំដំឡូងមី ត្រូវបានដាំដុះមានចំនួន ០៩ស្រុក ក្នុងខេត្តបាត់ដំបង ដែលមាននៅស្រុកបាណន់ បវេល រតនមណ្ឌល សំឡូត សំពៅលូន ភ្នំព្រឹក កំរៀង រុក្ខគិរី និងគាស់ក្រឡ ជាមួយនឹងបរិមាណផលប្រមាណ ៣,២៧៦,០៧៣ តោន លើផ្ទៃដីដាំដុះសរុប ១៤៥,៨៩៤ ហិចតា។ ចំពោះតម្លៃដំឡូងមីលើទីផ្សារក្នុងរយៈពេល៣ឆ្នាំចុង ក្រោយនេះ (២០២០-២០២២) ជារួមសង្កេតឃើញតម្លៃមានភាពល្អប្រសើរ ទាំងដំឡូងមីស្រស់ និងដំឡូងមីកៀម ដែលតម្លៃនេះ ធ្វើឱ្យកសិករទទួលបានប្រាក់ចំណេញក្រោយប្រមូលផលដើម្បីបង្កើនជីវភាព។ ចំពោះការងារសម្របសម្រួល ទីផ្សារ និងតម្លៃ មន្ទីរបានតាមដានតម្លៃ ទិញ-លក់ដំឡូងមីជាប្រចាំ។

នៅពេលរសៀល បន្ទាប់ពីថ្លែង បិទកម្មវិធីសិក្ខាសាលា ឯកឧត្តមគណៈអធិបតី និងប្រតិភូអមដំណើរបានអញ្ជើញទៅទស្សន កិច្ចនៅក្រុមហ៊ុន ER Kang Bio Starch Co., LTD ដែលមាន រោងចក្រកែច្នៃម្សៅមី ដើម្បីស្វែងយលបន្ថែមពីខ្សែច្រវាក់ ផលិតកម្មរបស់ក្រុមហ៊ុន ដែលមានទីតាំងស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ចំពោះខេត្តសៀមរាបវិញ ដំឡូមីគឺជាដំណាំកសិ-ឧស្សាហកម្មដ៏មានសក្តានុពលបន្ទាប់ពីដំណាំស្រូវ ដែលមានផ្ទៃដី ដាំដុសសរុប ៦៧,៩៥៤ហិចតា ជាមួយផលប្រមាណ ១៥,៦៥ តោន ក្នុងនោះមានស្រុកចំនួន០៨ ដែលមានសក្តានុពល សម្រាប់ដំណាំដំឡូងមីរួមមាន ស្រុកអង្គរជុំ អង្គរធំ បន្ទាយស្រី ជីក្រែង សូទ្រនិគម ស្រីស្នំ វ៉ារិន និងស្រុកស្វាយលើ។ សម្រាប់ទីផ្សារដំឡូងមីនៅក្នុងខេត្តមិនទាន់មានរោងចក្រ ឬសិប្បកម្ម កែច្នៃម្សៅដំឡូងមី ពោលគឺកសិករលក់ទៅឱ្យឈ្មួញ ដើម្បីនាំចេញដំឡូងមីស្រស់ទៅកាន់ប្រទេសវៀតណាម និងចំណិតដំឡូងមីស្ងួត ទៅប្រទេសថៃ និងភាគច្រើនដំឡូងមី ស្រស់ទៅប្រទេសវៀតណាម ។

សិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិនេះ មិនត្រឹមតែមានគោលបំណងធ្វើការផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីដំឡូងមី ២០២០-២០២៥ និងផែនការសកម្មភាពដែលជាទំនួលខុសត្រូវរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធនោះទេ តែក៏ ដើម្បីស្តាប់នូវវឌ្ឍនភាព និងប្រមូលធាតុចូល និងបញ្ហាប្រឈមរបស់វិស័យឯកជន ក្នុងការអនុវត្តគោលនយោបាយនេះក្នុង ពេលកន្លងមក ព្រមទាំងដើម្បីរៀបចំផែនការអនុវត្តបន្តដែលសមស្រប សំដៅសម្រេចបាននូវចក្ខុវិស័យដែលបានកំណត់ នៅក្នុងគោលនយោបាយជាតិស្តីពីដំឡូងមី។ បន្ថែមលើសពីនេះទៀត អង្គសិក្ខាកាមទាំងអស់ ក៏បានទទួលបានព័ត៌មាននិង ចំណេះដឹងថ្មីៗបន្ថែមទៅលើដំណើរការ និងនីតិវិធីត្រួតពិនិត្យអនាម័យ និងភូតគាមអនាម័យ លើផលិតផលដំឡូងមី សម្រាប់ទីផ្សារនាំចេញ នីតិវិធីនៃការនាំចេញនាំចូល និងកិច្ចជំរុញពាណិជ្ជកម្មតាមរយៈការប្រើប្រាស់ឧបករណ៍ផ្សេងៗពីវាគ្មិនសំខាន់ៗមកពីក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner