រថយន្តដឹកទំនិញធុនធំបុកនិងកិនម៉ូតូខ្ទេចមួយកំណាត់ និងបណ្ដាលឲ្យមនុស្សប្រុសស្រី ២នាក់ស្លាប់យ៉ាងអាណោចអាធម្ម

ភ្នំពេញ ៖ បុរសម្នាក់ និងនារីម្នាក់ទៀតដែលធ្វើដំណើរជាមួយគ្នាបានស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូចេញពីក្លិបកម្សាន្តមួយកន្លែង ហើយបត់ឆ្លងផ្លូវមិនប្រយ័ត្នក៏ត្រូវរថយន្តដឹកទំនិញធុនធំមួយគ្រឿងបើកលឿនជ្រុលទៅបុកចំពីមុខយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៤និង៣០នាទីព្រលឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ខាងមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះទី១-ឈ្មោះខ្មៅ ភេទប្រុស អាយុជាង ២០ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង ។ សពទី២-ឈ្មោះ អាមី ភេទស្រី អាយុជាង២០ឆ្នាំ មុខរបរជាអ្នកលក់ស្រាក្រឡុក មានស្រុកកណើតនៅខេត្តកំពង់ចាម ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់បើកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1FL-6766 ឌុបនារីម្នាក់ទៀតពីក្រោយតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងចូលទៅផ្លូវម្ខាងទៀត តែពេលបត់ដល់ពាក់កណ្តាលផ្លូវត្រូវបានរថយន្តដឹកទំនិញធុនធំមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C-7817 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនឹងស្រ្តីម្នាក់ទៀតត្រូវជាប្រពន្ធ បើកតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿនជាន់ហ្រ្វ័ងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូឌ្រីមចំពីមុខពេញទំហឹងបណ្តាលឱ្យដួលម៉ូតូ រួចកិនពីលើជនរងគ្រោះស្លាប់ទាំង ២នាក់ នៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុរថយន្តបង្កមិនបានឈប់ដោះស្រាយនោះទេ គឺព្យាយាមបើករត់ទៅមុខរហូតមកដល់ផ្លូវបេតុងក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ទើបប្រជាពលរដ្ឋឃាត់បានរថយន្តនិងអ្នកបើកបរប្រគល់ឱ្យសមត្ថកិច្ច។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះទាំងពីរសមត្ថកិច្ចធ្វើកំណត់ហេតុនិងស្វែងរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner