ក្រុមហ៊ុនវៀតណាមមួយគ្រោងបើកហាងចែកចាយចំនួន ៥០ ដើម្បីលក់រថយន្តអគ្គិសនីនៅអឺរ៉ុប
ហាណូយ៖ ក្រុមហ៊ុនផលិតរថយន្តនៅវៀតណាម VinFast គ្រោងនឹងបើកហាងចែកចាយយ៉ាងហោចណាស់ ៥០ នៅតាមទីក្រុងធំៗនៅអឺរ៉ុបដូចជាក្រុង ប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ និង ក្រុងប៉ារីស ប្រទេសបារាំង សម្រាប់រថយន្តអគ្គិសនីរបស់ខ្លួន ខណៈដែលខ្លួនចង់ក្លាយជាអ្នកចែកចាយលំដាប់ពិភពលោកមួយ។
ក្រុមហ៊ុនបានប្រកាសពីដំណឹងនេះ នៅឯការតាំងពិព័រណ៍ EVS35 នៅប្រទេសន័រវេស កាលពេលប៉ុន្មានថ្ងៃមុនេះ ដែលជាកន្លែងដែលខ្លួនកំពុងផ្សព្វផ្សាយរថយន្តអគ្គិសនី VF8 និង VF9 របស់ខ្លួន ។
ក្រុមហ៊ុនថា ចង់មានការិយាល័យតាំងបង្ហាញយ៉ាងហោចណាស់ ២៥កន្លែងក្នុងប្រទេសអាល្លឺម៉ង់ ២០កន្លែង នៅប្រទេសបារាំង និង ៥កន្លែង នៅហូឡង់ ។
លោកស្រី Le Thi Thu Thuy នាយកប្រតិបត្តិក្រុមហ៊ុន VinFast Global បាននិយាយថា សេចក្តីប្រកាសនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការវិនិយោគនៅអឺរ៉ុប។ លោស្រីបានបន្ថែមថា វាចង់បំផុសគំនិតមនុស្សឱ្យផ្លាស់ប្តូរទៅប្រើយានជំនិះអគ្គិសនីសម្រាប់អនាគតដ៏បៃតង៕ ប្រភព៖ VNexpress ប្រែសម្រួល៖ សារ៉ាត