លោក ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុបពិភាក្សាអំពីសមាហរណកម្មសហភាពអឺរ៉ុបរបស់អ៊ុយក្រែន ព្រមទាំងជម្លោះជាមួយរុស្ស៊ី
កៀវ ៖ សេវាសារព័ត៌មានប្រធានាធិបតីអ៊ុយក្រែនបានរាយការណ៍ថា លោក ប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជួបជាមួយមេដឹកនាំមកពីបារាំង អាល្លឺម៉ង់ អ៊ីតាលី និងរូម៉ានីក្នុងទីក្រុងកៀវ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីពិភាក្សាអំពីអនាគតរបស់ប្រទេសអ៊ុយក្រែន ក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប និងបញ្ហាជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន ។
នៅក្នុងជំនួបជាមួយប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូលស៍ នាយករដ្ឋមន្ត្រីអ៊ីតាលីលោក ម៉ារីអូ ដ្រាហ្គី និងប្រធានាធិបតីរ៉ូម៉ានីលោក ក្លូស៍ ឡូហានីស លោក ហ្សេលេនស្គី បានពន្យល់ប្រាប់មេដឹកនាំអឺរ៉ុបអំពីស្ថានភាពនៅតំបន់ជួរមុខ និងតម្រូវការរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនក្នុងជម្លោះជាមួយរុស្ស៊ី។ លោកថា អ៊ុយក្រែនរំពឹងថា នឹងមានការផ្គត់ផ្គង់អាវុធធុនធ្ងន់ថ្មីៗ កាំភ្លើងធំ យន្តហោះទំនើប និងប្រព័ន្ធការពារកាំជ្រួចពីដៃគូរបស់ខ្លួន។ ជាមួយគ្នានេះ លោក ហ្សេលេនស្គី ក៏បានធានាចំពោះមេដឹកនាំអឺរ៉ុបថា អ៊ុយក្រែនត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តការងារចាំបាច់ ក្នុងការទទួលបានសមាជិកភាពពេញលេញនៅក្នុងសហភាពអឺរ៉ុប។
ទន្ទឹមគ្នា លោក ម៉ាក្រុង បាននិយាយថា អ៊ុយក្រែនគឺជាផ្នែកមួយនៃគ្រួសារអឺរ៉ុប ហើយមេដឹកនាំនៃប្រទេសទាំងបួនគាំទ្រការផ្តល់ឋានៈជាបេក្ខភាពអ៊ុយក្រែនសម្រាប់សមាជិកភាពសហភាពអឺរ៉ុប។ ចំនែកឯ លោក សូលស៍ វិញបានបញ្ជាក់ថា ស្ថានភាពបេក្ខជនគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងផ្លូវអឺរ៉ុបរបស់អ៊ុយក្រែន ហើយថា ទីក្រុងកៀវចាំបាច់ត្រូវបំពេញតាមលក្ខណៈវិនិច្ឆ័យមួយចំនួនដើម្បីចូលរួមជាមួយប្លុកដែលមានសមាជិក ២៧នេះ។
រីឯលោក ឡូហានីស៍ បានសង្កត់ធ្ងន់ថា បណ្តាប្រទេសនៅអឺរ៉ុបត្រូវតែបង្កើតឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់ការកសាងអ៊ុយក្រែនឡើងវិញបន្ទាប់ពីជម្លោះ ខណៈដែលលោក ដ្រាហ្គី បានកត់សម្គាល់ថា EU កំពុងបង្ហាញពីការរួបរួមក្នុងការត្រៀមខ្លួនជួយអ៊ុយក្រែន។ នៅក្នុងកិច្ចពិភាក្សារបស់ក្រុមមេដឹកនាំនេះដែរ ភាគីនានាក៏បានពិភាក្សាអំពីការគាំទ្រផ្នែកសេដ្ឋកិច្ចដល់អ៊ុយក្រែន ការបើកច្រកនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីប្រឆាំងរុស្ស៊ី ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា