ក្រុមរដ្ឋមន្រ្តីការពារជាតិណាតូសន្យាសន្យាផ្តល់សព្វាវុធបន្ថែមដល់អ៊ុយក្រែន
ព្រុចសែល ៖ ក្រុមរដ្ឋមន្ត្រីការពារជាតិមកពីទូទាំងសមាជិកអង្គការណាតូបានសន្យាថា នឹងផ្តល់សព្វាអាវុធដល់អ៊ុយក្រែនបន្ថែមទៀត ហើយថា ការឈ្លានពានរបស់រុស្ស៊ីក៏បាននឹងជំរុញឱ្យពួកគេពិចារណាឡើងវិញ អំពីគោលជំហរអនាគតរបស់ពួកខ្លួនផងដែរ ។
ការលើកឡើងខាងលើនេះ បានកើតមានឡើងបន្ទាប់ពីក្រុមរដ្ឋមន្ត្រីទាំងនោះបានបញ្ចប់កិច្ចប្រជុំរយៈពេលពីរថ្ងៃ នៅឯទីស្នាក់ការកណ្តាលរបស់អង្គការណាតូ ក្នុងទីក្រុងព្រុចសែល នៅថ្ងៃពុធសប្តាហ៍នេះ។ ទន្ទឹមគ្នា អគ្គលេខាធិការអង្គការណាតូលោក ជេន ស្តូលធិនប៊ឺក បាននិយាយថា ការឈ្លានពានរបស់រុស្ស៊ី គឺជាការផ្លាស់ប្តូរហ្គេម (Game Changer) ហើយថា NATO ត្រូវតែរក្សាការទប់ស្កាត់ដ៏គួរឱ្យទុកចិត្ត និងការការពារដ៏រឹងមាំបន្ថែមទៀត។
ដោយឡែក រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ល្លយ៍ អូស្ទីន បានបន្ថែមថា លោកមានមោទនភាពយ៉ាងខ្លាំងចំពោះវឌ្ឍនភាពដែលពួកគេបានធ្វើក្នុងរយៈពេលជាច្រើនខែកន្លងមក ហើយការងារល្អត្រូវតែបន្ត។ ក្រុមរដ្ឋមន្ត្រីចង់ពង្រឹងកងកម្លាំងរបស់ពួកគេ ជាពិសេសនៅតាមបណ្តោយត្រើយខាងកើតក្នុងប្រទេសអេស្តូនី ឡាតវី លីទុយអានី ប៉ូឡូញ និងរូម៉ានី។
ទោះយ៉ាងណាក៏ដោយ ពួកគេត្រូវបានបែងចែកលើចំនួនកងទ័ពដែលត្រូវបញ្ជូន ទីតាំងដែលត្រូវដាក់ពង្រាយ និងអាវុធអ្វីដែលត្រូវផ្តល់។
ក្រុមរដ្ឋមន្រ្តីនឹងបន្តការពិភាក្សាអំពីបញ្ហាទាំងនោះ នៅពេលពួកគេជួបគ្នានៅទីក្រុងម៉ាឌ្រីដ នាថ្ងៃទី២៨ ដល់៣០ ខែមិថុនាខាងមុខ។ លោក ស្តូលធិនប៊ឺក បន្តថា មេដឹកនាំណាតូរំពឹងថា កិច្ចប្រជុំកំពូលនោះនឹងមានការផ្លាស់ប្តូរ។ ពួកគេក៏សង្ឃឹមដែរថា នឹងដាក់ចេញនូវយុទ្ធសាស្ត្ររបស់ខ្លួនសម្រាប់រយៈពេល១០ឆ្នាំខាងមុខ។
រីឯលោក អូស្ទីន បានបញ្ជាក់ថា ក្រុមរដ្ឋមន្រ្តីក៏ចង់ធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងអូស្ត្រាលី និងជប៉ុនផងដែរ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា