មន្រ្តីជាន់ខ្ពស់អាមេរិក៖ ចិនមានការប្រុងប្រយ័ត្នខ្ពស់ ពាក់ព័ន្ធនឹងការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី
វ៉ាស៊ីនតោន ៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអាមេរិកបានលើកឡើងថា ប្រទេសចិនកំពុងចាត់វិធានការយ៉ាងប្រុងប្រយ័ត្ន ចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។
ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក ជេក ស៊ុលលីវ៉ាន បានបញ្ជាក់បែបនេះនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយក្រុមអ្នកនយោបាយរបស់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ លោក ស៊ុលលីវ៉ាន បាននិយាយថា សហរដ្ឋអាមេរិកមិនបានឃើញទម្រង់នៃជំនួយយោធាដោយផ្ទាល់ណាមួយពី ចិនដល់កងកម្លាំងរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែននោះទេ។
លោកថា សហរដ្ឋអាមេរិកក៏មិនបានឃើញចិនអនុវត្តកិច្ចខិតខំប្រឹងប្រែងជាប្រព័ន្ធ ដើម្បីជួយរុស្ស៊ីគេចចេញពីការដាក់ទណ្ឌកម្ម និងការគ្រប់គ្រងការនាំចេញនោះដែរ។ លោក ស៊ុលលីវ៉ាន បន្តថា សហរដ្ឋអាមេរិកជឿជាក់ថា ចិនមិនបានចាត់វិធានការដែលឆ្លងខ្សែបន្ទាត់ពាក់ព័ន្ធនឹងបញ្ហាទាំងនោះ ដែលត្រូវបានសង្កត់ធ្ងន់ដោយសេតវិមាននោះដែរ។ លោក ស៊ុលលីវ៉ាន ត្រូវបានគេសួរថាតើអាមេរិកនឹងការពារកោះតៃវ៉ាន់ដែរឬទេ បើចិនឈ្លានពាន។
លោកបានឆ្លើយតបថា វិធីសាស្រ្តរបស់សហរដ្ឋអាមេរិក គឺ អំពីការធានាថា ថ្ងៃនោះនឹងមិនកើតឡើងទេ ពីព្រោះយើងនឹងរារាំងវាប្រកបដោយប្រសិទ្ធភាព។ លោក ស៊ុលលីវ៉ាន បានសង្កត់ធ្ងន់ថា ជំហររបស់អាមេរិកចំពោះតៃវ៉ាន់នៅតែដដែល រួមទាំងគោលនយោបាយចិនតែមួយ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា