រាជរដ្ឋាភិបាលកម្ពុជាព្យាករណ៍ថា អតិផរណានៅកម្ពុជានឹងឡើងដល់៥% ក្នុងឆ្នាំនេះ ដោយសារការកើនខ្ពស់ថ្លៃប្រេងអន្តរជាតិ និងថ្លៃទំនិញ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានព្យាករណ៍ថា ឆ្នាំ២០២២នេះ កម្រិតអតិផរណា ត្រូវបានប៉ាន់ស្មានថា អាចកើនឡើងក្នុងវង្វង់៥% ដោយសារការកើនឡើងខ្ពស់នៃថ្លៃប្រេងអន្តរជាតិ និងថ្លៃទំនិញផ្សេងៗ ដែលបង្កឡើងដោយសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ នេះបើយោងតាមសារាចរណែនាំ ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ បានបញ្ជាក់ថា អតិផរណានឹងថមថយមកវិញនៅរង្វង់២.៥% នៅឆ្នាំ២០២៣ ដោយសារតែការរំពឹងទុក នូវការវិលត្រឡប់ទៅរកប្រក្រតីភាពវិញនៃថ្លៃប្រេង និងទំនិញផ្សេងៗទៀត ក៏ដូចជាសកម្មភាពសេដ្ឋកិច្ច។ ចំណែកអត្រាប្តូរប្រាក់រំពឹងថា នឹងស្ថិតក្នុងរង្វង់ជាមធ្យមប្រចាំឆ្នាំប្រមាណ ៤ ០៦៥រៀល ក្នុងមួយដុល្លារអាមេរិកក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ដោយសារអន្តរាគមន៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពថ្លៃ និងទំនុកចិត្តសាធារណជន លើការប្រើប្រាស់ប្រាក់រៀល។

រាជរដ្ឋាភិបាលបានព្យាករណ៍ថា នៅឆ្នាំ២០២២នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងទុកថានឹង កើនឡើងក្នុងអត្រា ៥.៤% ដែលគាំទ្រដោយភាពល្អប្រសើរ នៃតម្រូវការសកល ទោះបីជារងការប៉ះទង្គិចពីការផ្ទុះឡើង នៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក្តី ខណៈឆ្នាំ២០២៣ អត្រាកំណើនអាចសម្រេច បានក្នុងរង្វង់ ៦.៦%៕ ប្រភព៖ Fresnews ដោយ៖ ទីណា និងបុត្រា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner