រាជរដ្ឋាភិបាលព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើន ៥.៤% នៅឆ្នាំនេះ ហើយកើន ៦.៦% នៅឆ្នាំ២០២៣
ភ្នំពេញ ៖ នៅឆ្នាំ២០២២នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងទុកថានឹងបន្តនិន្នាការកើនឡើង ក្នុងអត្រា ៥.៤% ដែលគាំទ្រដោយភាពល្អប្រសើរ នៃតម្រូវការសកល ទោះបីជារងការប៉ះទង្គិចពីការផ្ទុះឡើង នៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក្តី ខណៈឆ្នាំ២០២៣ អត្រាកំណើនអាចសម្រេច បានក្នុងរង្វង់៦.៦%។ នេះបើតាមសារាចរណែនាំ ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
សារាចរណែនាំ បានគូសបញ្ជាក់ថា ផលប៉ះពាល់នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនមកលើសេដ្ឋកិច្ចកម្ពុជា គឺមានទំហំតូច ដោយហេតុថាទំនាក់ទំនងសេដ្ឋកិច្ចដោយផ្ទាល់រវាងកម្ពុជាជាមួយនឹងប្រទេសជម្លោះទាំងពីរមានកម្រិតទាប ដែលត្រូវបានប៉ះប៉ូវមកវិញមួយផ្នែកធំដោយការសម្រេចបាននូវអត្រាខ្ពស់ នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបានធ្វើឲ្យកម្ពុជាបង្កើតបាននូវភាពស៊ាំសហគមន៍ ជាមូលដ្ឋានសំខាន់សម្រាប់ការ បើកប្រទេសឡើងវិញ និងបានអនុញ្ញាតឲ្យសកម្មភាពសេដ្ឋកិច្ច ក្នុងស្រុកចាប់ផ្តើមវិលត្រឡប់ទៅរកប្រក្រតីភាពវិញ។ សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងសម្រេចបានអត្រាកំណើន ក្នុងរង្វង់ ៦.៦% ដោយសារការរំពឹងទុកការបន្តនិន្នាការល្អប្រសើរ នៃតម្រូវការសកល និងទំនុកចិត្តវិនិយោគ ស្របពេលដែលវិបត្តិជំងឺកូវីដ-១៩ មានភាពស្រាកស្រាន្ត និងអាចគ្រប់គ្រងបាន។
អនុវិស័យដែលនឹងបន្ដរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងការបង្កើនតម្លៃបន្ថែមទៀត ដែលជាចន្ទល់កំណើនថ្មី ក្នុងឆ្នាំ២០២៣ រួមមាន៖ អនុវិស័យកម្មន្ដសាលមិនមែនកាត់ដេរ និងអនុវិស័យគមនាគមន៍ ព្រមទាំងការអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច និងមធ្យម។
វិស័យកសិកម្មត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់១.១% ក្នុងឆ្នាំ២០២៣ ដោយសារកំណើនរឹងមាំនៃអនុវិស័យចិញ្ចឹមសត្វ និងអនុវិស័យដំណាំ ស្របពេលដែលអនុវិស័យនេសាទរំពឹងថា នឹងបន្ដងើបឡើងវិញសន្សឹមៗ។ អនុវិស័យចិញ្ចឹមសត្វរំពឹងថា មានកំណើនរង្វង់១.០%, អនុវិស័យដំណាំ រំពឹងថា មានកំណើន១.៦% និងអនុវិស័យនេសាទរំពឹងថា មានកំណើនក្នុងអត្រា០.៦%។
វិស័យឧស្សាហកម្ម ត្រូវបានព្យាករថា នឹងបន្ដនិន្នាការកើនឡើង ក្នុងអត្រា៩.២% ក្នុងឆ្នាំ២០២៣ ដែលកំពុងវិលត្រឡប់មករកនិន្នាការកំណើនមុន ពេលវិបត្ដិជំងឺកូវីដ-១៩ ដែលគាំទ្រដោយការបន្ដភាពល្អប្រសើរ នៃតម្រូវការខាងក្រៅ ដែលនឹងបន្ដជំរុញកំណើន នៃអនុវិស័យកាត់ដេរ មានកំណើន ៨.១%, អនុវិស័យកម្មន្ដសាលមិនមែនកាត់ដេរ ១៣.៣% និងអនុវិស័យសំណង់ ក្នុងអត្រា៧.២%។ វិស័យសេវាកម្មត្រូវព្យាករថា នឹងងើបឡើងវិញជាសន្សឹមៗ ក្នុងអត្រា៦.៦% ក្នុងឆ្នាំ២០២៣ ដោយសារងើបឡើងវិញ នៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងការបន្ដនិន្នាការកើនឡើង នៃអនុវិស័យគាំទ្រផ្សេងៗទៀត រួមមាន៖ អនុវិស័យលកដុំ-លក់រាយ, អនុវិស័យអចលនទ្រព្យ និងអនុវិស័យដឹកជញ្ជូន និងគមនាគមន៍។
អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន រំពឹងថា មានកំណើន ២៣.៤%, អនុវិស័យលកដុំ-លក់រាយ រំពឹងថា មានកំណើន៦.៧%, អនុវិស័យអចលនទ្រព្យ រំពឹងថា មានកំណើន៥.២% និងអនុវិស័យដឹកជញ្ជូន និងគមនាគមន៍ រំពឹងថា មានកំណើនក្នុងអត្រា ៧.១%។ ក្នុងឆ្នាំ២០២២ អតិផរណាត្រូវបានប៉ាន់ស្មានថា អាចកើនឡើងក្នុងរង្វង់ ៥.០% ដោយសារការកើនឡើង ខ្ពស់នៃថ្លៃប្រេងអន្តរជាតិ និងថ្លៃទំនិញផ្សេងៗទៀត បណ្តាលមកពី សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
សម្រាប់ឆ្នាំ២០២៣ អតិផរណាត្រូវបានរំពឹងថា នឹងថមថយមកវិញក្នុងរង្វង់ ២.៥% ដោយសារការរំពឹងទុកនូវការវិលត្រឡប់ ទៅរកប្រក្រតីភាពវិញនៃថ្លៃប្រេង និងទំនិញផ្សេងៗទៀត ក៏ដូចជាសកម្មភាពសេដ្ឋកិច្ច។ អត្រាប្តូរប្រាក់រំពឹងថា នឹងស្ថិតក្នុងរង្វង់ជាមធ្យមប្រចាំឆ្នាំប្រមាណ ៤ ០៦៥រៀល ក្នុងមួយដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ដោយសារអន្តរាគមន៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពថ្លៃ និងទំនុកចិត្តពីសាធារណជនលើការប្រើប្រាស់ប្រាក់រៀល។
ធនាគារពិភពលោក (World Bank) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងវិញ ៤.៥% នៅឆ្នាំ២០២២នេះ កើន ៥.៨% នៅឆ្នាំ២០២៣។ ចំណែកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង ៥.៣% នៅឆ្នាំ២០២២ និង៦.៥% នៅឆ្នាំ២០២៣៕ ប្រភព៖ Fresnews ដោយ៖ ទីណា និងបុត្រា