សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ដាក់ផែនការបញ្ជូនអត្តពលិក ទៅហ្វឹកហាត់ក្រៅប្រទេស និងស្វែងរកកូនកាត់ត្រៀម នៅស៊ីហ្គេម ឆ្នាំ២០២៣
លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានអះអាងថា ដើម្បីស្វែងរកលទ្ធផលល្អមួយជូនជាតិនៅ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានដាក់ចេញនូវផែនការជាច្រើន ធ្វើយ៉ាងណាសម្រេចឲ្យបានតាមផែនការរបស់គណៈកម្មាធិការជាតិCAMSOC គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំយុវជននិងកីឡា គឺ ការឈ្នះមេដាយមាស១គ្រឿង។ទន្ទឹមជាមួយគ្នានោះ ដើម្បីត្រៀមផែនការប្រកបដោយគុណភាព នៅ ឆ្នាំ២០២៣ សហព័ន្ធបាន បង្កើនការហ្វឹកហាត់ឲ្យខ្លាំងក្លាសម្រាប់កីឡាករកីឡាការិនីនៅក្នុងស្រុក បញ្ជូនទៅក្រៅប្រទេស និង ខិតខំស្វែងរកកូនខ្មែរកាត់ ដែលមានសក្តានុពលមកបន្ថែមទៀត។
អគ្គលេខាធិការរងរូបនេះ បានបញ្ជាក់ទៀតថា បន្ទាប់ពីបញ្ចប់ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម អត្តពលិកវាយកូនបាល់កម្ពុជាមិនអាចប្រជែងដណ្តើមបានជូនជាតិ លោក អគ្គលេខាធិការ ទេព រិទ្ធីវិទ្ធ បានដុតដៃ ដុតជើងការហ្វឹកហាត់ទ្វេរដង ក្នុងការជម្រុញអត្តពលិកនៅក្នុងស្រុកមានសក្តានុពល ពិសេស ទៀតនោះ គឺ លោក ស្វែងរកនូវថវិកាឧត្ថម្ភពីក្រុមហ៊ុនដៃគូ បង្កើតការប្រកួតរាល់ខែ និងបញ្ជូនកីឡាករ កីឡាការិនីទៅប្រកួតនៅក្រៅប្រទេស ដើម្បីផ្តល់នូវបទពិសោធន៍កម្រិតអន្តរជាតិជាការដុសខាត់សមត្ថភាពត្រៀមប្រជែងដណ្តើមឲ្យបានមេដាយមាសជូនកម្ពុជា។
សូមបញ្ជាក់ថា សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា គឺជាសហព័ន្ធកីឡាមួយដែលមានសក្តានុពល ធ្លាប់ប្រជែងដណ្តើមបានមេដាយប្រាក់ និងសំរិទ្ធជូនកម្ពុជាជាច្រើនពីស៊ីហ្គេមផងដែរ ៕ អត្ថបទ៖ ជាវ ចន្ធូ