ឯកឧត្តម មិត្ត ការ៉េន អញ្ជើញសម្ពោធឆ្លងកុដិ របង និងសមិទ្ធផលនានាក្នុងវត្តសិរីចន្ទារាម (បាស្រី) ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម មិត្ត ការ៉េន អគ្គលេខាធិការរងរដ្ឋសភា និងលោកជំទាវ សោម សុគន្ធា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងកុដិ របង និងសមិទ្ធផលនានាក្នុងបរិវេណវត្តសិរីចន្ទារាម(បាស្រី) ស្ថិតនៅក្នុងឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ឯកឧត្តម ហង្ស វិចិត្រ សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំជៃកំពក ក៏បានអញ្ជើញចូលរួមក្នុងឱកាសនោះផងដែរ ។

លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុកព្រះស្តេច បានរាយការណ៍អំពី សមិទ្ធផលនានាក្នុងវត្តសិរីចន្ទារាម (បាស្រី) ដោយវត្តនេះបានកសាងឡើងនៅឆ្នាំ១៨៩៥ ដែលបច្ចុប្បន្នវត្តមានផ្ទៃដីសរុបចំនួន ៤០.០៨០ ម៉ែត្រការ៉េ បន្ទាប់ពីបានកសាងវត្តរួចព្រះសង្ឃ អាចារ្យ គណ:កម្មការវត្ត រួមនិងពុទ្ធបរិស័ទចំណុះជើងវត្តកសាងព្រះវិហារ កុដិ សាលាបុណ្យសម្រាប់ព្រះសង្ឃគង់នៅ និងពុទ្ធបរិស័ទធ្វើបុណ្យទានផ្សេងៗ ។

ជាក់ស្តែងក្នុងពេលនេះព្រះសង្ឃ អាចារ្យ គណ:កម្មការវត្ត និងពុទ្ធបរិស័ទ្ធ ជិតឆ្ងាយ រួមមាន មហាឧបាសិកា ឈុន យុន ឯកឧត្តម មិត្ត ការ៉េន និងលោកជំទាវ ឯកឧត្តម ហង្ស វិចិត្រ និងលោកជំទាវ រួមជាមួយក្រុមការងារចុះជួយមូលដ្ឋានស្រុកព្រះស្តេច និងឃុំជៃកំពក។ លោកអភិបាលស្រុកក៏បានសម្តែងនូវការការដឹងគុណ ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ ដែលតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋក្នុងស្រុកព្រះស្តេចដែលទទួលបាននូវសមិទ្ធផលនានាជាបន្តបន្ទាប់ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រឲ្យកាន់តែរីកចម្រើនថែមទៀត។

ជាមួយគ្នាផងដែរ តាងនាមឱ្យក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំជៃកំពក ឯកឧត្តម ហង្ស វិចិត្រ សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំជៃកំពក បានថ្លែងអំណរគុណដលរាជរដ្ឋាភិបាល ដែលបានធ្វេីឱ្យសង្គមជាតិមានសុខសន្តិភាព ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ វិស័យកសិកម្ម ជាពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាជំងឺដ៏ចង្រៃ ធ្វេីឱ្យប៉ះពាល់ដលជីវភាពបងប្អូនប្រជាពលរដ្ឋ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមបន្តក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ឯកឧត្តម ក៏បានលេីកឡេីងដែរ ថា រាជរដ្ឋាភិបាលមិនត្រឹមតែយកចិត្តទុកដាក់លើកំណើនសេដ្ឋកិច្ចជាតិប៉ុណ្ណោះ ថែមទាំងយកចិត្តទុកដាក់លើសុខមាលភាព សុខភាពរបស់ប្រជាជនគ្រប់ៗគ្នាផងដែរ ជាពិសេសការប្រយុទ្ធក្នុងសមរភូមិកូវីដ ទទួលបានជោគជ័យដ៏ធំធេងថែមទៀត។ ឯកឧត្តម ក៏សូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីពេលកន្លងទៅថ្មីៗនេះ ដែលធ្វេីឱ្យគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំអភិវឌ្ឍឃុំជៃកំពក បន្តទៀត ជូនបងប្អូនទាំងអស់គ្នា ។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់លោកអភិបាលស្រុក និងក្រុមការងារ ចុះជួយឃុំជៃកំពក រួចមក ឯកឧត្តម មិត្ត ការ៉េន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំជៃពក ដែលដឹកនាំដោយ ឯកឧត្តម ហង្ស វិចិត្រ បានចំណាយទំាងកម្លំាងកាយចិត្ត និងថវិកា នៅក្នុងការចូលរួមកសាងអភិវឌ្ឍន៍ ឃុំជៃពក ដែលធ្វើឲ្យពលរដ្ឋទទួលបាននូវសមិទ្ធផលថ្មីៗ ធ្វើឲ្យការរស់នៅកាន់តែមានភាពងាយស្រួលឡើង មានទីអារាមសម្រាប់ធ្វើបុណ្យ មានសាលារៀនឲ្យកូនចៅបានសិក្សា មានមណ្ឌលសុខភាពមើលព្យាបាលជំងឺជាដើម ជាក់ស្តែងសមិទ្ធផលដែលបានដាក់សម្ពោធនាឱកាសនេះ មានកុដិ របងជាដើមនោះ មានសារៈសំខាន់ក្នុងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។ ឯកឧត្តមបានបញ្ជាក់បច្ចុប្បន្នប្រជាពលរដ្ឋបានរស់នៅក្រោមម្លប់សុខសន្តិភាព និងភាពសម្បូរសប្បាយ ។

ក្នុងឱកាសនោះដែរ គណៈអធិបតី និងក្រុមការងារបានអញ្ជេីញចែកអំណោយជូនយាយជីតាជី និងដាំដេីមឈេី ជានិមិត្តរូបក្នុងបរិវេណវត្តសិរីចន្ទារាម(បាស្រី) ៕ ដោយ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner