កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញបង្រ្កាបអំពើឆក់ទូរស័ព្ទដៃ និងអំពើលួចចំនួន ០២ករណីផ្សេងគ្នា នៅក្នុងរាជធានីភ្នំពេញ ចាប់ខ្លួនជនសង្ស័យ ០៤នាក់
ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវបង្រ្កាបចាប់ខ្លួនជនសង្ស័យចំនួន០៤នាក់ ដែលបានព្រព្រឹត្តអំពើឆក់ទូរសព្ទដៃជនរងគ្រោះតាមផ្លូវសាធារណៈ និងអំពើលួចសម្ភារៈទ្រព្យសម្បត្តិ ជនរងគ្រោះ ចំនួន ០២ករណីផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ ជនសង្ស័យនារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ចាប់បញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលប្រាប់ឱ្យដឹងថា៖ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៥ និង ២០នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអូបប៉ូ) ប្រព្រឹត្តនៅចំណុចទល់មុខ មជ្ឃមណ្ឌលថែទាំរថយន្តអែនឃែរ ផ្ទះលេខ២៦៧ ផ្លូវលេខ២០០២ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០៥នាក់ ជិះម៉ូតូចំនួន ០៣គ្រឿង បានធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃពីស្រ្តីរងគ្រោះម្នាក់បានសម្រេចខណៈដែលជនរងគ្រោះជិះម៉ូតូកំពុងអង្គុយលើម៉ូតូកាន់ទូរស័ព្ទដៃ បន្ទាប់មកពីវាបានជិះម៉ូតូគេចខ្លួនបាត់ ។
លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលប្រាប់ឱ្យដឹងទៀតថា ក្រោយពីអំពើឆក់ទូរស័ព្ទដៃបានសម្រេចនោះហើយ កម្លាំងជំនាញព្រហ្មទណ្ឌក៏ទទួលព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ កម្លាំងជំនាញក៏បានចេញស្រាវជ្រាវ និងឈានទៅចាប់បានជនសង្ស័ចំនួន ០២នាក់ នៅចំណុចផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន ០២គ្រឿង
ជនសង្ស័យមានឈ្មោះ១-ឈ្មោះ គង់ កុសល ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និង២-ឈ្មោះ អាន គីមស្រៀន ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញប្រាប់ឱ្យដឹងទៀតថា ដោយឡែក ០១ករណីទៀតកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០១ និង ០០នាទីយប់រំលងអធ្រាត្រ មានករណី អំពើលួច (លួចកុំព្យូទ័រឡេបថប់ម៉ាកM.S.T ពណ៌ខ្មៅ ចំនួន ០២គ្រឿង និងទូរសព្ទ័ដៃម៉ាកអាយហ្វូន ចំនួន ០២គ្រឿង ,ប្រដាប់ផ្ទុកឯកសារកុំព្យូទ័រចំនួន ០៤ដុំ និងប្រាក់រៀលចំនួន ៣០០,០០០រៀល) ប្រព្រឹត្តនៅចំណុចក្នុងសាលាELT អគារលេខ៧អឺ០ និង៩អឺ០ ផ្លូវលេខ១៣៦ ភូមិ២ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០៣នាក់ ជិះម៉ូតូមួយគ្រឿង មានឈ្មោះ គង់ សុវណ្ណារ៉ា ហៅ ពយ ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីវីវ៉ាសូឃុន មិនចាំផ្លាកលេខ ឌុប ឈ្មោះ ភាព ភេទ ប្រុស អាយុប្រហែល ៣១ឆ្នាំ ជនជាតិ ខ្មែរ និងឈ្មោះ គង់ ស្រីនាង ភេទ ស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរចេញពីផ្ទះជួលរបស់ឈ្មោះ គង់ សុវណ្ណារ៉ា ហៅ ពយ ភូមិផ្សារតូច សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ។ នៅពេលជនសង្ស័យជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ឃើញស្ងាត់ពុំមានមនុស្ស ពេលនោះជនសង្ស័យឈ្មោះ គង់ សុវណ្ណារ៉ា ហៅ ពយ បានឈប់ម៉ូតូ រួចហើយឈ្មោះ គង់ ស្រីនាង បានដើរចូលទៅជិតរបងសាលា ELT ហើយលូនចូលតាមរបងចូលទៅក្នុងសាលា ចំណែកឈ្មោះ គង់ សុវណ្ណារ៉ា ហៅ ពយ និងឈ្មោះ ភាព រង់ចាំនៅខាងក្រៅជាអ្នកមើលផ្លូវ បន្ទាប់ពីឈ្មោះ គង់ ស្រីនាង ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះបានសម្រេចហើយ ក៏លូនចេញតាមរបងមកខាងក្រៅវិញ រួចហើយនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់តែម្តង ។
លោកនាយការិយាល័យបានបញ្ជាក់ឱ្យដឹងទៀតថា លុះបន្ទាប់មកខាងសាលាក៏បានប្តឹងរាយការណ៍មកកម្លាំងសមត្ថកិច្ច លុះនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១២ និង ០០នាទី កម្លាំងសមត្ថកិច្ចរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០២នាក់ នៅចំណុចមុខផ្ទះជួលគ្មានលេខ ផ្លូវ៩៣ ភូមិផ្សារតូច សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី។ជនសង្ស័យ ១-ឈ្មោះ គង់ សុវណ្ណារ៉ា ហៅ ពយ ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខ៩៣ ភូមិផ្សារតូច សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និង២-ឈ្មោះ គង់ ស្រីនាង ភេទ ស្រី អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខ៩៣ ភូមិផ្សារតូច សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យកបាន កុំព្យូទ័រឡេបថប់ម៉ាក M.S.T ពណ៌ ខ្មៅ ០១គ្រឿង ៕ ដោយ / គ្រី សម្បត្តិ