ឧត្តមសេនីយ៍ទោ អ៊ូ ណារិន ៖ ដើម្បីសម្រេចភារកិច្ចទទួលបានជោគជ័យថ្មីៗថែមទៀត ត្រូវបន្តពង្រឹងជំនាញអប់រំចិត្តសាស្ត្រ និងព័ត៌មានជាប្រចាំឲ្យបានចូលជ្រៅគ្រប់កងឯកភាពទូទាំងកងពលធំអន្តរាគមន៍លេខ៣
ព្រះវិហារ ៖ ឧត្តមសេនីយ៍ទោ អ៊ូ ណារិន មេបញ្ជាការរង នាយសេនាធិការកងពលធំអន្តរាគមន៍លេខ៣ បានថ្លែងថា ទោះបីជានៅមានកម្រិតខ្វះខាត មធ្យោបាយ សម្ភារៈ បម្រើឲ្យការងារជំនាញអប់រំចិត្តសាស្ត្រ គ្រប់កងឯកភាព នាពេលកន្លងមកក៏ដោយ ប៉ុន្តែដោយស្មារតីចេះឆ្នៃប្រឌិត ទទួលខុសត្រូវរបស់កងឯកភាពនីមួយៗ ទើបធ្វើឲ្យការងារជំនាញអប់រំចិត្តសាស្ត្រ ទទួលបានលទ្ធផលល្អ ដូចដែលបានលើកឡើងនៅក្នុងរបាយការណ៍ របស់ជំនាញការិយាល័យទី៥ កងពលធំអន្តរាគមន៍លេខ៣ ។
ឧត្តមសេនីយ៍ទោ អ៊ូ ណារិន មានប្រសាសន៍បែបនេះ ក្នុងពិធីផ្សព្វផ្សាយណែនាំ ស្តីពីការចាត់តាំងអនុវត្តន៍ការងារអប់រំចិត្តសាស្ត្រ ឆ្នាំ ២០២២ របស់អង្គភាពកងពលធំអន្តរាគមន៍លេខ៣ នាព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ។
ឧត្តមសេនីយ៍ទោ អ៊ូ ណារិន បញ្ជាក់ថា បើគ្មានយោបាយ និងគ្មានព័ត៌មាន មិនអាចសម្រេចកិច្ចការអ្វីបានសម្រេចឡើយ។ ដូចនេះការងារអប់រំនយោបាយចិត្តសាស្ត្រ គឺជាកិច្ចការដ៏មានសារៈសំខាន់ ក្នុងការក្ដាប់ជាប់យុទ្ធសាស្ត្រនៃការងារសតិអារម្មណ៍របស់កងទ័ព និងទាមទារឲ្យមេបញ្ជាការគ្រប់ថ្នាក់ ក៏ដូចជាមេបញ្ជាការរងទទួលការងារនយោបាយចិត្តសាស្ត្រគ្រប់កងឯកភាព ត្រូវបន្តជំរុញការអប់រំសតិអារម្មណ៍ជាប្រចាំឲ្យបានចូលជ្រៅ គ្រប់កងឯកភាពទូទាំងកងពលធំអន្តរាគមន៍លេខ៣ ត្រូវយល់ឱ្យបានច្បាស់ថា សំនូមពរសំខាន់បំផុតនៃការងារសតិអារម្មណ៍ ក្នុងចំពោះមុខ គឺជាកិច្ចការសំខាន់ និងត្រូវរួមគ្នាអនុវត្តឲ្យបានជោគជ័យ ។
លោកបន្តថា ដើម្បីសម្រេចភារកិច្ចទទួលបានជោគជ័យថ្មីៗ ថែមទៀតនាពេលខាងមុខ យើងទាំងអស់គ្នា ខិតខំពង្រឹង ពង្រីកស្នាដៃ ដោយបន្តពង្រឹងកិច្ចការពារអធិបតេយ្យភាពជាតិ ពង្រឹងទីតាំងឈរជើងកសាងប្រព័ន្ធការពាររឹងមាំ ប្រព័ន្ធបញ្ជា ប្រព័ន្ធគាំទ្រ ដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់កិច្ចការពារជាតិ។
បន្តអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ ឲ្យស្របទៅនឹងការរីកចម្រើនរបស់ប្រទេសជាតិ និងពិភពលោក ជាកម្លាំងដែលមានឧត្តមគតិស្មោះត្រង់ដាច់ខាតចំពោះជាតិ មាតុភូមិ គោរពស្រឡាញ់ប្រជាជន មានឆន្ទៈប្រយុទ្ធប្ដូរផ្ដាច់ការពារសន្តិភាព និងការពាររាល់សមទ្ធិផល នៃសង្គមជាតិបានរឹងមាំ។
បន្តអភិវឌ្ឍធនធានមនុស្ស ពង្រឹងសមត្ថភាពមេបញ្ជាការគ្រោះថ្នាក់ គ្រូបង្គោលអប់រំចិត្តសាស្ត្រ កសាងជួរនាយទាហានវ័យក្មេងបន្តវេន និងពង្រឹងខ្សែរយៈចាត់តាំងក្នុងជួរកងទ័ព។ បន្តពង្រឹងខ្សែរយៈជំនាញអប់រំចិត្តសាស្ត្រ និងព័ត៌មាន យកចិត្តទុកដាក់ការងារគោលនយោបាយ ក្នុងអង្គភាពចំពោះកងទ័ព និងគ្រួសារឲ្យបានល្អ និងជំរុញការលើកកម្ពស់ជីវភាពរស់នៅឲ្យកាន់តែល្អប្រសើរ ៕ សួន លីណា