ឯកឧត្តម វេង សាខុន កោតសរសើរ និងវាយតម្លៃខ្ពស់លើលទ្ធផលដែលឃុំទាំង១៥ នៃស្រុកកំពង់សៀម សម្រេចបានក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២
ខេត្តកំពង់ចាម ៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំពិធីបូកសរុបលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ព្រមជាមួយឯកឧត្តមជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកកំពង់សៀម ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងសហការីចុះជួយឃុំទាំង ១៥ នៃស្រុកកំពង់សៀម ចូលរួមផងដែរ ។
ឯកឧត្តម វេង សាខុន បានបង្ហាញពីទឹកចិត្តចូលរួមអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់លើលទ្ធផលដែលឃុំទាំង១៥ សម្រេចបាន។ ភាពជោគជ័យដ៏ធំធេងនេះ គឺពិតជាបានប្រសូត្រចេញពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកា និងសកម្មជនគណ:បក្សថ្នាក់មូលដ្ឋានដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្ត ពេលវេលា និងធនធាន ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ចូលរួមសហការបំពេញកាតព្វកិច្ចជាមន្រ្តីបម្រើប្រជាពលរដ្ឋ ដោះស្រាយបញ្ហាជូនប្រជាជនគ្រប់រូបភាព គ្រប់កាល:ទេស: និងបានទាន់ពេលវេលា។ សកម្មភាពយ៉ាងសកម្ម មមាញឹក និងការលះបង់របស់ក្រុមការងារក្នុងរយ:ពេលកន្លងមកគឺពិតជាបានបង្ហាញយ៉ាងច្បាស់ពីឆន្ទ:ចូលរួមយ៉ាងពេញលេញជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីបុព្វហេតុថែរក្សា ការពារសន្តិភាព និងការអភិវឌ្ឍន៍។ សកម្មភាពយុទ្ធនាការឃោសនា និងដំណើរការប្រព្រឹត្តទៅមុនពេល អំឡុងពេល និងក្រោយពេលបោះឆ្នោតកន្លងមក ពិតជាបានប្រព្រឹត្តទៅដោយរលូន តាមផែនការសកម្មភាពដែលបានគ្រោងទុក មានភាពស្ងប់ស្ងាត់ មានសណ្តាប់ធ្នាប់ គ្មានអំពើហិង្សា និងទទួលបានជោគជ័យគួរជាទីមោទន:។ ទិដ្ឋភាព និងសកម្មភាពជារួមបានបង្ហាញយ៉ាងប្រចក្សទៅកាន់មជ្ឈដ្ឋានជាតិ និងអង្គជាតិ ពីភាពម្ចាស់ការ ព្រមទាំងឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជាក្នុងការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតយកឱកាសនេះ ឯកឧត្តមប្រធានបានក្រើនរំលឹកជូនអង្គពិធីថា ព្រឹត្តការណ៍នៃការបោះឆ្នោះសកលឆ្នាំ២០២៣ នឹងមកដល់ ដើម្បីរក្សាបាននូវភាពឈ្នះរបស់គណ:បក្សប្រជាជនកម្ពុជា យើងមិនត្រូវទ្វេសប្រហែស បណ្តែតបណ្តោយ និងមោទនភាពជ្រុលនោះទេ។ ត្រូវយកចិត្តទុកដាក់ខ្ពស់អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ “សូមធ្វើការបម្រើប្រជាពលរដ្ឋដោយឆន្ទ: សមត្ថភាព ទទួលខុសត្រូវ យកអស់ឋាមពល និងស្មោះស្ម័គ្រ ជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត”។ ដូច្នេះ ត្រូវតែបន្តខិតខំចិញ្ចឹមចលនាដោយត្រូវចុះមូលដ្ឋានឲ្យកាន់តែសកម្ម មុតស្រួច ទូលំទូលាយ និងស៊ីជម្រៅថែមទៀត ដើម្បីទទួលយកបញ្ហាមូលដ្ឋានមកធ្វើការដោះស្រាយ ឲ្យចំទិសដៅ បានទាន់ពេល និងកាន់តែមានប្រសិទ្ធភាព ដើម្បីរួមគ្នាអភិវឌ្ឍមូលដ្ឋានយើងអោយមានភាពរិកចម្រើនបន្តទៀត ។
ក្នុងនាមប្រធានក្រុមការងារចុះស្រុកទាំងបី ឯកឧត្តម វេង សាខុន បានប្រកាសជាផ្លូវការបង្កើតមូលនិធិឃុំ ក្នុងស្រុកតំបែរមាន៧ឃុំ និងស្រុកកំពង់សៀមមាន១៥ឃុំ ដោយឃុំនីមួយៗទទួលបានថវិកាចំនួនពី៥ លានរៀល ទៅ ២០ លានរៀល សរុបជាទឹកប្រាក់ ២៤០លានរៀល។ ថវិកានេះសម្រាប់យកទៅប្រើប្រាស់ដោះស្រាយបញ្ហាចាំបាច់ ពិសេសទុកប្រើសម្រាប់គោលនយោបាយ ក៣ មាន៖ អាពាហ៍ពិពាហ៍ ប្រសូត្របុត្របុត្រី មរណ:ភាព និងសេចក្តីត្រូវការចាំបាច់ និងបន្ទាន់មួយចំនួនទៀតនៅថ្នាក់ឃុំ៕ ដោយ៖ក្រសួងកសិកម្ម