ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាលឆ្នាំ២០១៩ បានបើកការប្រកួតជាផ្លូវការ
ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះបានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ សហភាពសព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល ឆ្នាំ២០១៩ នៅកីឡដ្ឋានខេត្តកណ្ដាល
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្ត និងជាប្រធាន ស.ស.យ.ក ខេត្តកណ្ដាល បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី សិស្សានុសិស្ស និងអ្នកស្នេហាវិស័យកីឡាបាល់ទាត់ជាច្រើនរូបទៀតផងដែរ ។
ឯកឧត្តម គីម រិទ្ធី បានបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា មានតួនាទីចម្បងមួយ គឺជួយបណ្ដុះបណ្ដាលធនធានមនុស្ស នៅថ្នាក់មូលដ្ឋានឲ្យក្លាយទៅជាយុវជនគំរូ ហើយទៅថ្ងៃក្រោយយុវជនគំរូនេះ អាចបណ្ដុះបណ្ដាលសមត្ថភាពរបស់ខ្លួនឯងឱ្យក្លាយជាមនុស្សមួយជោគជ័យ ក្លាយជាអ្នកដែលមានសមត្ថភាពរកការងារធ្វើសមរម្យ និងអាចរកចំណូលជួយក្រុមគ្រួសារបានសមស្រប នៅតាមមូលដ្ឋានរបស់ខ្លួន ។ ឯកឧត្តមបានផ្តាំផ្ញើដល់កីឡាករទាំងអស់ ដើម្បីក្លាយជាយុវជនគំរូ ទីមួយត្រូវចេះថែរក្សាសុខភាពឲ្យបានល្អ មានន័យថាយុវជនគំរូ ត្រូវចេះលេងកីឡា ទីពីរត្រូវចេះបណ្ដុះបណ្ដាលខ្លួនឯង នៅក្នុងន័យនេះ ការបណ្ដុះបណ្តាល គឺបណ្ដុះបណ្ដាលអស់មួយជីវិត ព្រោះការការសិក្សាមាននៅគ្រប់ទីកន្លែង ដូច្នេះហើយយុវជនត្រូវតែចេះបណ្ដុះបណ្ដាលខ្លួនឯងដើម្បីក្លាយជាយុវជនគំរូនៅក្នុងមូលដ្ឋាន និងទីបី យុវជនត្រូវសកម្មក្នុងការងារជួយសង្គម។
ថ្លែងក្នុងឱកាសបើកការប្រកួតឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ការរៀបចំពិធីប្រកួតបាល់ទាត់នេះឡើង មានគោលបំណងសំខាន់ដើម្បីប្រមូលផ្តុំយុវជន ឲ្យចេះសាមគ្គីគ្នា ក្នុងការលេងកីឡា ជៀសឲ្យផុតពីការប្រើប្រាស់គ្រឿងញៀន និងការប្រព្រឹត្តបទល្មើសនានា ។ ឯកឧត្តមបាន បានសម្តែងសេចក្តីសប្បាយរីករាយ ចំពោះការចូលរួមបង្ហាញនូវទឹកចិត្តស្រឡាញ់ វិស័យកីឡាបាល់ទាត់ នឹងចូលរួមប្រកួតបង្ហាញសមត្ថភាពដណ្តើមពានរង្វាន់នាពេលនេះ។ ឯកឧត្តមក៍បានស្នើឲ្យភូមិ១ត្រូវបង្កើតឲ្យមានក្រុមកីឡាបាល់ទាត់១ក្រុម ដើម្បីឲ្យពួកគាត់ខិតខំហ្វឹកហាត់ និងបង្កើនសមត្ថភាពក្នុងការប្រកួតប្រជែងគ្នាកាន់តែខ្លាំងឡើង។