បេក្ខជនមេឃុំជាប់ឆ្នោតគណបក្សភ្លើងទៀននៅកំពង់ធំត្រូវចាប់ខ្លួនពីបទប្លន់ (Video Inside)

បេក្ខជនគណបក្សភ្លើងទៀនម្នាក់ដែលទើបជាប់ឆ្នោតជាមេឃុំក្នុងខេត្តកំពង់ធំ ត្រូវសមត្ថកិច្ច ចាប់ខ្លួនយោងតាមដីកាពាក់ព័ន្ធនឹងបទល្មើសប្លន់កាលពី២០ឆ្នាំមុន។ ឈ្មោះ ឌុក សារ៉ុម ហៅ ញឹម សារ៉ុម ហៅ ឌុប វ៉ាន់ ឬហៅ ឌុប រ៉ុម ត្រូវបានចោទប្រកាន់ពីបទ «ប្លន់» ប្រព្រឹត្តនៅភូមិត្រពាំងជ័រ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០២។

ស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកនៅថ្ងៃទី២១មិថុនានេះថាកម្លាំងនគរបាលខេត្ត ពិតបានចាប់ខ្លួនជនជាប់ចោទ រូបនេះប្រាកដមែន ដោយអនុវត្តតាមដីកាបញ្ជាឱ្យចាប់ខ្លួនរបស់លោក ស៊ិត វណ្ណៈ ចៅក្រម ស៊ើបសាលាដំបូងខេត្តកំពង់ធំ ក្រោមបទចោទប្រកាន់ពីបទប្លន់ តាមមាត្រាបញ្ញាតិ មាត្រា៦ នៃច្បាប់ស្តីពីស្ថានទម្ងន់ទោស នៃបទឧក្រិដ្ឋ ប្រព្រឹត្តនៅភូមិជ័រ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០២។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ក៏បានបញ្ជាក់ឱ្យដឹងដែរថា ក្រោយពេលចាប់ខ្លួន និងពេល បញ្ជូនមកដល់ស្នងការដ្ឋាននគរបាលខេត្ត មន្ត្រីជំនាញរបស់លោកបានអានសាលក្រមរបស់ តុលាការ នៅចំពោះមុខជនជាប់ចោទ ហើយរូបគេក៏ទទួលស្គាល់ ពីការប្រព្រឹត្តបទល្មើស កាលពីឆ្នាំ២០០២ កន្លងទៅផងដែរ។

ជនជាប់ចោទ ញឹម សារ៉ុម ត្រូវបានបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការ បន្ដតាមនីតិវិធី។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner