រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកទឹកចិត្ត និងគាំទ្រឲ្យក្រុមការងារចម្រុះរួមសហការគ្នាធ្វើការសិក្សាលម្អិតបន្ថែមអំពីតម្រូវការជាក់ស្តែង និងបន្ទាន់របស់ប្រជាកសិករ

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន បានលើកទឹកចិត្ត និងគាំទ្រឲ្យក្រុមការងារទាំងក្រសួង ក្រសួងពាក់ព័ន្ធ និងក្រុមការងាររបស់ធនាគារពិភពលោក រួមសហការគ្នាធ្វើការសិក្សាលម្អិតបន្ថែមអំពីតម្រូវការជាក់ស្តែង និងបន្ទាន់របស់ប្រជាកសិករ ធ្វើយ៉ាងណាឲ្យស្របទៅនឹងបរិបទ នៃស្ថានភាពសេដ្ឋកិច្ចសកល និងជាពិសេសស្ថានភាពនៃវិបត្តិជំងឺឆ្លង កូវីដ-១៩ ដែលមានលក្ខណ:ល្អប្រសើរជាបន្តបន្ទាប់។

ការលើកទឹកចិត្ត និងគាំទ្រនេះ ធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ខណៈដែលឯកឧត្តមរដ្ឋមន្ត្រី បានអនុញ្ញាតឲ្យក្រុមការងាររបស់ធនាគារពិភពលោក (World Bank, WB) ដែលដឹកនាំដោយលោកស្រី ចំរើន មុទិតា ចូលជួបពិភាក្សា និងវាយតម្លៃលើលទ្ធផលគម្រោងពាក់កណ្តាលអាណត្តិ (MTR) និងបេសកកម្មគាំទ្រការអនុវត្តលើកទី៥ (ISM) សម្រាប់គម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា (CASDP) ។

ក្នុងនោះលោកស្រីប្រធានក្រុមការងារ រាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាប អំពីវឌ្ឍនភាពរបស់គម្រោង លក្ខណ:លំបាក និងងាយស្រួលក្នុងការអនុវត្តគម្រោង មូលហេតុសំខាន់ៗដែលចាត់ទុកថា ជាឧបសគ្គក្នុងពេលអនុវត្តគម្រោង លទ្ធផល និងបទពិសោធន៍ដែលទទួលបាន សំណូមពរ និងផែនការ យុទ្ធសាស្រ្តអនុវត្តបន្តដើម្បីទទួលបានជោគជ័យ។

លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹក នាំគម្រោង និងថ្នាក់ដឹកនាំមន្ទីរនៃខេត្តគោលដៅ ដែលបានរួមសហការអនុវត្តគម្រោងទទួលបានលទ្ធផលល្អដូចបានគ្រោងទុក។ ទទួលបានមេរៀន និងបទពិសោធន៍ល្អៗ លោកស្រីសង្ឃឹម និងជឿជាក់ថា គម្រោងនឹងបង្កើតបានផ្លែផ្កាស្របតាមផែនការដែលបានគ្រោងទុក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅពេលបញ្ចប់អាណត្តិ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មបានស្នើ ដល់ក្រុមការងាររបស់ធនាគារពិភពលោក ពិនិត្យ ពិចារណាគឺ ៖
ទី១- ពិនិត្យលើប្រព័ន្ធស្រោចស្រពដែលប្រើថាមពលពន្លឺព្រះអាទិត្យ (សូឡា) ដើម្បីជួយកាត់ បន្ថយការចំណាយលើថ្លៃភ្លើង និងប្រេងឥន្ទន:។
ទី២- ពិនិត្យលទ្ធភាពជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រលើផលិតកម្មដំណាំ មានបន្លែផងដែរ ដើម្បីលើកកម្ពស់ផលិតភាពផលិតកម្ម តម្លៃបន្ថែម រួមទាំងទីផ្សារ និងការកែច្នៃផងដែរ។
ទី៣- ជួយជាកម្ចីឲ្យដល់សមាគមចិញ្ចឹសត្វ បណ្តុំកសិករចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់ ដើម្បីយកទៅពង្រីកផលិតកម្មចិញ្ចឹមសត្វ លើកកម្ពស់ការផ្គត់ផ្គង់សាច់ និងស៊ុតឲ្យបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារក្នុងស្រុក។

ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់មតិ ឲ្យក្រុមការងារសិក្សាលើលទ្ធភាពរបស់សហគមន៍ដើម្បីជួយពង្រឹងសមត្ថភាព ចំណេះជំនាញ បទពិសោធន៍ ការងារដឹកនាំ និងគ្រប់គ្រង រដ្ឋបាល គណនេយ្យ និងហិរញ្ញវត្ថុ ក្នុងបំណងប្រែក្លាយសហគមន៍កសិកម្ម ឬសហគមន៍ចិញ្ចឹមសត្វឲ្យទៅជាសហគ្រា កសិធុរកិច្ចនៅជនបទ ក្នុងឆន្ទ:រក្សាឲ្យបាននូវនិរន្តរភាពផលិតកម្ម និងម្ចាស់ការក្រោយពេលគម្រោងត្រូវបានបញ្ចប់៕ប្រភពក្រសួងកសិកម្ម

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner