ឯកឧត្តម អ៊ុក សិទ្ធិជាតិ ដឹកនាំកិច្ចប្រជុំបច្ចេកទេសដើម្បីជំរុញការប្រកួតកីឡាឧត្តមសិក្សាដំណើរការដោយរលូន និងជោគជ័យ

ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡាអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេស នៅល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដើម្បីត្រៀមរៀបចំការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ប្រចាំឆ្នាំ២០២២ ដែលនឹងដំណើរការជ្លូវការពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដោយដំណើរការដោយរលូន និងទទួលបានជោគជ័យ។

ឯកឧត្តមអគ្គនាយកកីឡាគូសបញ្ជាក់ថា តាមរយៈការរៀបចំការប្រកួតកីឡានិស្សិតសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ចាប់ពីថ្ងៃស្អែកនេះតទៅនេះ គឺក្រសួងអប់រំ យុវជន និងកីឡាផ្តល់ឱកាសជូនដល់មន្ត្រីរៀបចំការរបស់សហព័ន្ធកីឡាជាតិទាំង១២សហព័ន្ធ ដើម្បីយកការប្រកួតថ្នាក់ជាតិនេះជាការអនុវត្តការងារ ក្នុងការរៀបចំឲ្យមានគុណភាពសម្ថភាព កាន់តែប្រសើរ ដើម្បីត្រៀមឆ្ពោះទៅទទួលរៀបចំការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ មន្ត្រីរៀបចំការប្រកួតទទួលការបណ្តុះបណ្តាលពីក្រសួងអប់រំ យុវជន និងកីឡាហើយៗយកមករៀបចំការប្រកួតកីឡានិស្សិតឧត្តមសិក្សារបស់យើងនេះ ដើម្បីអភិវឌ្ឍសមត្ថភាពបន្ថែម។ ចំពោះកីឡាករ កីឡាការិនី ដែលជាសិស្សនិស្សិតមកពីគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ដែលដណ្តើមបានជ័យលាភីល្អៗ ក្នុងការប្រកួតថ្នាក់ជាតិនេះនឹងត្រូវបានជ្រើសរើសយកទៅប្រកួតលក្ខណៈអន្តរជាតិ នាពេលខាងមុខផងដែរ។

«តាមរយៈព្រឹត្តិការណ៍នេះ ក៏ជាការផ្តល់ឱកាសជូនដល់និស្សិតបានចូលរួមលេងកីឡា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលប្រជាជនម្នាក់លេងកីឡាមួយមុខប្រចាំជីវិត ហើយអនុសាសន៍នេះ គណៈកម្មធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានយកអនុសាសន៍នេះមកធ្វើជាយុទ្ធនាការផ្សព្វផ្សាយ ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ផងដែរ»។ នេះជាប្រសាសន៍បន្ថែមរបស់ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា និងជាអគ្គលេខាធិការរង គណៈកម្មាធិការជាតិ CAMSOC៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner