កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី​១៦ បាន​ផ្តោតលើ​បញ្ហាសំខាន់ៗ​ជាច្រើន​

ភ្នំពេញ​៖ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី​១៦ នា​ឆ្នាំ​២០២២​នេះ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​បាន​ដំណើរការ​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២២ ដែល​ដឹកនាំ​ដោយ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។ កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​បណ្តា​ប្រទេស​អាស៊ាន ក្នុងនោះ​ក៏មាន​វត្តមាន​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ​។​

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី​១៦ នា​ឆ្នាំ​២០២២​នេះ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​បាន​ដំណើរការ​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២២ ដែល​ដឹកនាំ​ដោយ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​(រូបថត្រសួងការពារជាតិ)

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍ថា ការចូលរួម​របស់រ​ដ្ឋ​មន្ត្រី​ការ​ពពារ​ជាតិ​អាស៊ាន និង​ប្រតិភូ​ទាំងអស់ គឺជា​ការគូសបញ្ជាក់​អំ​ពី​ការប្ដេជ្ញាចិត្ត​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​របស់​យើងទាំងអស់គ្នា ក្នុងការ​រក្សា​នូវ​ម​ជ្ឈ​ភាព ឯកភាព​អាស៊ាន និង​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់​។ អាស៊ាន​ត្រូវ​រួបរួមគ្នា​រក្សា​ភាពរឹងមាំ និង​ភាព​ធន់​របស់ខ្លួន នៅពេលដែល​តំបន់​ទាំងមូល​កំពុង​ប្រឈម​នឹង​សម្ពាធ ដែល​កើតចេញពី​ការ​កើនឡើង​នៃ​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ ឧក្រិដ្ឋកម្ម​ឆ្លងដែន អំពើ​ភេរវកម្ម សន្តិសុខ​បច្ចេកវិទ្យា ការប្រែប្រួល​អាកាសធាតុ គ្រោះមហន្តរាយ និង​ជំងឺឆ្លង​រាតត្បាតជាដើម​។ ការអនុវត្ត​បាន​នូវ​ការប្តេជ្ញាចិត្ត​នេះ នឹង​ជួយ​ជំរុញ​ដំណើរ​ទៅមុខ​រួមគ្នា​ឆ្ពោះទៅរក​សន្តិភាព សន្តិសុខ និង​វិបុលភាព ប្រកបដោយ​ចីរភាព​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍​បន្តថា ចាប់តាំងពី​ការកកើត​មកកិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន (ADMM) និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​-​បូក (ADMM-Plus) បាន​ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​ការពិគ្រោះ​យោបល់ និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ខ្ពស់បំផុត​នៅក្នុង​តំបន់ ដោយមាន​គោលបំណង​លើកកម្ពស់​ភាពជឿជាក់ និង​ទំនុកចិត្ត​ទៅវិញទៅមកតាមរយៈ​តម្លាភាព និង​ការបើកចំហ​។ កិច្ចប្រជុំ​នេះ​ក៏​ជា​វេទិកា​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​កិច្ចសហប្រតិបត្តិការ​ជាក់ស្ដែង​ក្នុង​តំបន់ដើម្បី​ជម្នះ​នូវ​រាល់បញ្ហា​ប្រឈម​ដែល​កំពុង​កើតមាន ហើយ​វា​ក៏​ផ្ដល់នូវ​សារសំខាន់ ដើម្បី​បន្ត​កិច្ចការងារ​ដែល​យើងបានធ្វើ​រួមគ្នា​កន្លងមកឱ្យ​កាន់តែ​រឹងមាំ ។ជាពិសេស​នៅពេល​យើង​អាច​ជួបជុំគ្នា​ដោយផ្ទាល់​ជាថ្មី បន្ទាប់ពី​ការអាក់ខាន​នូវ​ការជួបជុំ​បែបនេះ អស់​រយៈពេល​ជាង​ពីរ​ឆ្នាំកន្លងមក​។​

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី​១៦ នា​ឆ្នាំ​២០២២​នេះ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​បាន​ដំណើរការ​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២២ ដែល​ដឹកនាំ​ដោយ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​(រូបថតក្រសួងការពារជាតិ)

​ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា បានធ្វើការ​កត់សម្គាល់​មួយចំនួន​ទៅលើ​ស្ថានការណ៍​វិ​វត្ត​ថ្មីៗ ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ និង​ការពារជាតិ​នៅក្នុង​តំបន់ និង​សកលលោក​។ សម្តេច​ក៏បាន​លើកយក​កត្តា​ប្រវត្តិសាស្ត្រ ដែល​ឆ្លុះបញ្ចាំង​អំពី​ការវិវត្តន៍​នៃ​សភាពការណ៍​សន្តិសុខ មកទល់​បច្ចុប្បន្ន​។ និយាយ​រួម ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ទទួលផល​ប៉ះពាល់​ផ្នែក​សន្តិសុខ​សឹង​ប្រហាក់ប្រហែលគ្នា រាប់​តាំងពីអាណានិគម ឥទ្ធិពល​នៃ​ការប្រកួតប្រជែង​រវាង​មហាអំណាច ការបែងចែក​ផ្នែក​មនោគមន៍វិជ្ជា ការកៀបសង្កត់ សង្គ្រាមស៊ីវិល គ្រោះមហន្តរាយ រហូតដល់​ជំងឺ​រាតត្បាត​សកល​។ ប្រវត្តិសាស្ត្រ​ក៏បាន​ជំរុញ​ឲ្យ​យើង​ភ្ញាក់រលឹក ទទួលយក​នូវ​សច្ចភាព​នៃ​ការរួបរួម​គ្នា ពង្រឹង​សាមគ្គីភាព​និង​ឯកភាព គោរព​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក និង​រួមគ្នា​ដោះស្រាយ​បញ្ហា​ដោយ​វិធី​ឈ្នះ​ឈ្នះ​។ តែ​ទោះ ជា​ដូច្នេះ​ក្តី ល្គឹកណា​ផែនដី​នៅតែ​វិល ការផ្លាស់ប្ដូរ​នៅតែមាន​ជានិច្ច ហើយ​បញ្ហា​ថ្មីៗ​នឹង​កើតមាន​ជាបន្តបន្ទាប់​។ ដូច្នេះ យើងទាំងអស់គ្នា​ត្រូវ​ត្រៀមលក្ខណៈ​ទទួលយក​នូវ​ឧបសគ្គ​ទាំងនោះ​គ្រប់ពេលវេលា ហើយ​ព្យាយាម​រួមគ្នា​ដោះស្រាយ​ដោយ​ផ្អែកលើ​ស្មារតី​សន្តិភាព​និយម សហ​វិជ្ជមាន មិនមានការរើសអើង សហប្រតិបត្តិការ ទុកចិត្ត​គ្នា​និង​គោរព​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​។​

​រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា​បាន​បញ្ជាក់ថា​ ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​នៅជាប​ញ្ហា​ប្រឈម​ធំ​បំផុត​នៅក្នុង​តំបន់​របស់​យើង​។ ភាព​តានតឹង​រវាង​មហាអំណាច​នេះ បើ​ពុំមាន​ការគ្រប់គ្រង​ឱ្យបាន​ត្រឹមត្រូវ​ទេនោះ វា​អាច​នឹង​បង្ក​ជាហានិភ័យ និង​មហន្តរាយ​ដល់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​របស់​តំបន់ និង​សកលលោក​ទាំងមូល​។ ខ្ញុំ​យល់ថា មានតែ​ការពង្រឹង​តួនាទី​ពហុភាគី​និយម ការគោរព​នូវ​ច្បាប់​អន្តរជាតិ ការគោរព ផលប្រយោជន៍​គ្នា​ទៅវិញទៅមក ការអត់ធ្មត់​ជា​អតិបរិមា និង​ការដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ទើប​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ ក្នុងការ​បញ្ចៀស​នូវ​ហានិភ័យ​ណាមួយ ដែល​អាច​កើតឡើង​ដោយសារ ភាព​តានតឹង​នេះ​។​

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី​១៦ នា​ឆ្នាំ​២០២២​នេះ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​បាន​ដំណើរការ​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២២ ដែល​ដឹកនាំ​ដោយ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​(រូបថតក្រសួងការពារជាតិ)

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​លើកឡើងថា ពេលវេលា​នេះ ជា​ពេលដែល​យើង​ត្រូវ​គិតគូរ​អំពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ស្ដា​រ​ឡើងវិញ ក្រោយ​កូ​វីដ​១៩​។ ដោយ​មើលឃើញ​នូវ​ភាពចាំបាច់​នេះ ទើប​កិច្ចប្រជុំ​របស់​យើង​នឹង​អនុម័ត​នូវ​ឯក សារ​ចក្ខុវិស័យ​រួមគ្នា​មួយ​គឺ “​ចក្ខុវិស័យ​ភ្នំពេញ​ស្ដីពី​តួនាទី​ស្ថាប័ន​ការពារជាតិ​ក្នុងការ​គាំទ្រ​ការស្តារ ឡើងវិញ​ក្រោយ​កូ​វីដ​១៩” ដើម្បី​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត និង​ការរួមចំណែក​របស់​ក​ង​ទ័ព​នៅក្នុង​កិច្ច ខិតខំ​ប្រឹងប្រែង​នេះ​។​

​ជាមួយគ្នានេះដែរ បរិបទ​ដែនសមុទ្រ​ក្នុង​តំបន់​មាន​ការវិវត្ត​គួរឱ្យកត់សម្គាល់ ហើយ​ការវិវត្ត​ទាំងនេះ ក៏បាន​បណ្តាលឱ្យមាន​ប​ញ្ហា​ប្រឈម​ជាច្រើនពាក់ព័ន្ធ​នឹង​សន្តិសុខ​លំហ​សមុទ្រ​ផងដែរ​។

​សម្តេច​ពិជ័យ​សេនា​បាន​បន្តថា “​ខ្ញុំ​សូម គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ល​ម្ហ​សមុទ្រ ជាក់ស្ដែង ដែល យើង​ត្រូវ​បន្តធ្វើ​រួមគ្នា​។ ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង កម្ពុជា​ប្រាថ្នា​ចង់ឃើញ​ដែនសមុទ្រ​នេះ ជា​សមុទ្រ​សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង​វិបុលភាព​។ យើង​នឹង​បន្ត​ការប្តេជ្ញាចិត្ត​ក្នុង ការធ្វើការ​រួមគ្នារវាង​អាស៊ាន និង​ចិន ដើម្បី​ជំរុញ​ការអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ DOC និង​ព​ន្លឿ​ន ការចរចា​ក្រម​ប្រតិបត្តិ COC ដែលមាន​ខ្លឹមសារប្រសិទ្ធិភាព និង​ស្របតាម​ច្បាប់​អន្តរជាតិ រួមមាន UNCLOS 1982 ផងដែរ​។ ទន្ទឹមនឹងនេះ យើង​ក៏​អំពាវនាវ​សារជាថ្មី​ទៀត ឲ្យ​មានការ​អត់ធ្មត់ និង ជៀសវាង​ការប្រើប្រាស់​កម្លាំង​នៅក្នុង​ការដោះស្រាយ​បញ្ហា​”​។​

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី​១៦ នា​ឆ្នាំ​២០២២​នេះ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​បាន​ដំណើរការ​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២២ ដែល​ដឹកនាំ​ដោយ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​(រូបថតក្រសួងការពារជាតិ)

​សម្តេច​ពិជ័យ​សេនា​បន្តថា បញ្ហា​នៅ​មី​យ៉ាន់​ម៉ា គឺជា​បញ្ហា​ប្រឈម​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ឯកភាព និង​ភាពស្អិតរមួត​របស់​អាស៊ាន​ដែល​យើងទាំងអស់គ្នា​ត្រូវ​យកចិត្តទុកដាក់​។ ចំណុច​អាទិភាព​នាពេល​បច្ចុប្បន្ន​គឺ​ការ​ព​ន្លឿ​ន​ការអនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯក​ច្ឆ័​ន្ទ​៥​ចំនុច​របស់​អាស៊ាន​។ គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ត្រូវ មាន​ឆន្ទៈ​ខ្ពស់ នៅក្នុង​ការអនុវត្ត​កិច្ចព្រមព្រៀង​ដែល​បាន​ឯកភាពគ្នា​រួចមកហើយ​នោះ ប្រកបដោយ ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ជួយ​នាំយក​ប្រទេស និង​ប្រជាជន​មី​យ៉ាន់​ម៉ា ត្រឡប់​មករក​ប្រក្រតីភាព​វិញ ក៏ដូចជា​ពង្រឹង​ឯកភាព និង​សាមគ្គីភាព​អាស៊ាន ផងដែរ​។​

​ទន្ទឹមនឹង​បញ្ហា​តំបន់​ដែល​យើង​កំពុង​ជួបប្រទះ សង្គ្រាម​រវាង​រុស្សី​និង​អ៊ុយ​ក្រែ​ន​ក៏បាន​ជះឥទ្ធិពល ដល់​តំបន់​របស់​យើង​ផងដែរ ។ជាពិសេស​ទៅ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។ កិច្ចការ​សំខាន់បំផុត ចំពោះមុខ​គឺ​ជំរុញ​ការចរចារ​ដោយ​សន្តិវិធី ដោយ​ផ្តល់​ប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក ទើប​ឈាន ដល់​ការបញ្ចប់​សង្គ្រាម​បង្ហូរឈាម​គ្នា និង​រកឃើញ​សន្តិភាព​យ៉ាងពិត​ប្រាកដ​។ ដូចដែល សម្តេចតេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​មានប្រសាសន៍ថា “​សង្គ្រាម​មិនអាច​ប្រើប្រាស់ ដើម្បី​បញ្ចប់សង្គ្រាម​បាន​នោះទេ​” មានតែ​ការចរចារ​ផ្អែកលើ​មូលដ្ឋាន​ឈ្នះ ឈ្នះ ទើប​ជា​ដំណោះស្រាយ​ជាប់លាប់ដើម្បី​បញ្ចប់សង្គ្រាម​។ ចំពោះ​ការប្រើប្រាស់​ទណ្ឌកម្ម​ក្នុង​រូបភាព​ណាមួយ ដើម្បីកៀបសង្កត់​អ្នកណាម្នាក់ កម្ពុជា​យល់ថា​ពុំមែន​ជា​ជម្រើស​ត្រឹមត្រូវ​សម្រាប់​ដោះស្រាយ​បញ្ហា​នោះឡើយ​។ ផ្ទុយទៅវិញ ផលវិបាក​ពុំមែន​មាន​សម្រាប់តែ​អ្នក​ដែល​ទទួលរង​ទណ្ឌកម្ម​នោះទេ អ្នក​ដែល​ព្យាយាម​ប្រើប្រាស់​ទណ្ឌកម្ម​ជា​ត្រីមុខ និង​អ្នក​ស្លូតត្រង់​ដែល​ពុំមាន​ការពាក់ព័ន្ធ​ដ៏ទៃទៀត ក៏​អាច ទទួលផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដូចគ្នា​។ កម្ពុជា​ធ្លាប់​ទទួលរង​នូវ​ទណ្ឌកម្ម​និង​ការហ៊ុមព័ទ្ធ នៅក្នុងអតីតកាល ហើយ​មកទល់នឹង​ពេលនេះ ក៏​នៅតែមាន​ទណ្ឌកម្ម​និង​ការកៀបសង្កត់ សម្រាប់​កម្ពុជាទៀត​។​

​សម្តេច​ពិជ័យ​សេនា​បាន​បញ្ជាក់ទៀតថា នៅពេល​យើង​កំពុង​សម្លឹងមើល​ទៅលើ​បញ្ហា​ប្រឈម​ដែល​យើង​កំពុង​ប្រទះ មានដូចជា​បញ្ហា​នុយ ក្លេ​អ៊ែរ​នៅ​កូរ៉េខាងជើង ការប្រែប្រួល​អាកាសធាតុ ជំងឺ​រាតត្បាត អំពើ​ភេរវកម្ម ការគំរាមកំហែង​តាម ប្រព័ន្ធ​អ៊ីនធឺណិត រួម​ជាមួយនឹង​សន្តិសុខ​ជា​ប្រពៃណី​ដែលមាន​ស្រាប់​មួយចំនួនទៀត វា​ពិតណាស់ ថា បញ្ហា​ប្រឈម​ជា​សកល​ទាំងនោះ ទាមទារ​ឱ្យ​ដំណោះស្រាយ​ជាស​កល​ផងដែរ​។ គ្មាន​ប្រទេស ណា​អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ​តែម្នាក់ឯង​បានទេ​។ សព្វថ្ងៃនេះ យើង​ត្រូវការ​និន្នាការ​ពហុភាគី និយម ដូចជា​យន្តការ​អាស៊ាន និង​សាមគ្គីភាព​រវាង​បណ្ដា​ប្រទេស​នានា​ជាដើម ដើម្បី​ដោះស្រាយ បញ្ហា​ប្រឈម​ទាំងនេះ រួមគ្នា​។ កម្ពុជា ក្នុងនាម​ជា​ប្រធាន ADMM2022​មិន​ចង់ឃើញ​មានការ​បែងចែក​ណាមួយ​និង​មាន​សុ​ឆន្ទៈ​ខ្ពស់​ក្នុង​ការពង្រឹង​សាមគ្គីភាព​ក្នុងចំណោម​សមាជិក​អាស៊ាន និង ជាមួយ​ដៃគូ​សន្ទនា ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ ប្រកបដោយ​បរិ​យា​ប័ន្ន​៕ ដោយៈ ពល​ជ័យ​

ads banner